(ភ្នំពេញ)៖ ប្រទេសផងផងរបងគ្នាចំនួន២ គឺឥណ្ឌា ដែលសព្វថ្ងៃមានទំហំ ៣.២៨៧លានគីឡូម៉ែត្រការ៉េ និងប៉ាគីស្ថាន ដែលមានទំហំ ៨៨១,៦៤៩គីឡូម៉ែត្រការ៉េ កំពុងបើកឆាកប្រយុទ្ធគ្នាក្នុងសង្គ្រាមយ៉ាងក្តៅគគុក។ មែនទែនទៅ ប្រទេសបងប្អូននឹងគ្នាទាំងពីរនេះ មិនមែនទើបតែឈ្លោះគ្នាទេ ពោលវាគឺជាជម្លោះតពូជ ព្រោះតែមនោគមន៍វិជ្ជាសាសនា រហូតដល់ប៉ាគីស្ថានបានខិតខំបណ្តុះគំនិតក្មេងជំនាន់ក្រោយ ឲ្យមានគំនិតបំផ្លាញឥណ្ឌាជានិច្ច។

ថ្ងៃនេះ អត្ថបទចំណេះដឹងទូទៅរបស់ Fresh News នឹងនិយាយសង្ខេប អំពីដំណើរដើមទង ដែលនាំឲ្យប្រទេសពីរនេះ បែកបាក់ចាកចេញពីគ្នា៖

តាំងពីដើមមក ប្រទេសឥណ្ឌា ប៉ាគីស្ថាន និងរួមទាំងបង់ក្លាដេសផងនោះ គឺនៅជាទឹកដីតែមួយនោះទេ ប៉ុន្តែប្រជាជននៅឧបទ្វីបដ៏ធំនេះ មានការប្រកាន់សាសនាចម្រុះជាច្រើន ពិសេសគឺហិណ្ឌូសាសនា ពុទ្ធសាសនា និងឥស្លាមសាសនាជាដើម។

លុះដល់សតវត្សរ៍ទី១៧ ពួកអង់គ្លេសដែលជាក្រុមអាណានិគមថ្មីនោះ ក៏បានធ្វើដំណើរទៅដល់ទឹកដីឥណ្ឌាតាមពីក្រោយក្រុមអាណានិគមចាស់ ដោយពួកគេបានបង្កើតមជ្ឈមណ្ឌលជំនួញពាណិជ្ជកម្មយ៉ាងរឹងមាំ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនឥណ្ឌាបូព៌ា (East India Company) ដើម្បីធ្វើជំនួញពាណិជ្ជកម្មនៅប្រទេសឥណ្ឌា ក៏ដូចជានៅតំបន់អាស៉ីបូព៌ា និងអាស៉ីអាគ្នេយ៍ជាដើម។ ក្រុមហ៊ុនឥណ្ឌាបូព៌ានេះ មិនត្រឹមតែធ្វើជំនួញពាណិជ្ជកម្មប៉ុណ្ណោះទេ តែក៏ជាស្ថាប័នអាណានិគមដ៏ខ្លាំងមហិមាមួយផងដែរ។

ក្រុមហ៊ុនឥណ្ឌាបូព៌ាបានពង្រីកការគ្រប់គ្រងរបស់ខ្លួនបន្តិចម្តងៗទៅលើពិភពហិណ្ឌូ។ រហូតដល់គ្រិស្ដសករាជ ១៧៥៧ ជម្លោះយោធារវាងឥណ្ឌា និងចក្រភពអង់គ្លេស ក៏បានផ្ទុះឡើងនៅរដ្ឋបេងហ្កាល់ (Bengal) ដោយជ័យជម្នះបានទៅលើចក្រភពអង់គ្លេស។ នៅពាក់កណ្ដាលទសវត្សរ៍ ១៨៥០ ការគ្រប់គ្រងរបស់ក្រុមហ៊ុនឥណ្ឌាបូព៌ាទៅលើប្រទេសឥណ្ឌាកាន់តែឃោរឃៅទៅៗ រហូតធ្វើឱ្យមានការផ្ទុះឡើងនូវការបះបោរពីសំណាក់ប្រជាជនឥណ្ឌា។ ដើម្បីទប់ទល់ចំពោះស្ថានការណ៍នេះ រដ្ឋាភិបាលចក្រភពអង់គ្លេសធ្វើអន្តរាគមន៍បញ្ចប់ជម្លោះខាងលើនេះ ដោយបាននិរទេសព្រះចៅអធិរាជបាបាឌួរ សះ ហ្សាហ្វារ (Bahadur Shah Zafar) ដែលជាព្រះមហាក្សត្រចុងក្រោយរបស់ឥណ្ឌាទៅកាន់ប្រទេសភូមា ហើយបានដណ្ដើមយកអំណាចគ្រប់គ្រងពីក្រុមហ៊ុនឥណ្ឌាបូព៌ាមកគ្រប់គ្រងដោយខ្លួនឯង។

នៅគ្រិស្ដសករាជ ១៨៥៨ ទឹកដីឥណ្ឌាទាំងមូល ព្រមទាំងប្រទេសភូមាផងនោះ ក៏បានធ្លាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេសទាំងស្រុង។ ចាប់ពីពេលនោះមក ឥណ្ឌាគ្មានព្រះមហាក្សត្រគ្រប់គ្រងប្រទេស ហើយក៏គ្មានអ្វីតបតជាមួយចក្រភពអង់គ្លេសទៀតនោះឡើយ មានតែសម្ងំនៅស្ងៀមមួយអន្លើសិន រង់ចាំឱកាសហុចឱ្យនៅពេលក្រោយ។

នៅក្នុងសង្គ្រាមលើកលោកទី១ ចាប់ពីគ្រិស្ដសករាជ ១៩១៤-១៩១៨ និងសង្គ្រាមលោកលើកទី២ ចាប់ពីគ្រិស្ដសករាជ ១៩៣៩-១៩៤៥ ចក្រភពអង់គ្លេសបានកេណ្ឌទ័ពពីប្រទេសឥណ្ឌាយ៉ាងច្រើន ឱ្យចូលធ្វើសង្គ្រាមជាមួយកងទ័ពខ្លួន។ កងទ័ពឥណ្ឌាដែលស្ថិតនៅក្នុងជួរកងទ័ពជើងគោករបស់ចក្រភពអង់គ្លេសនោះ បានដើរតួនាទីយ៉ាងសំខាន់នៅគ្រប់សមរភូមិក្នុងការជួយអង់គ្លេសប្រយុទ្ធប្រឆាំងនឹងសត្រូវ។

រហូតដល់គ្រិស្ដសករាជ ១៩១៩ មហាត្មៈ គន្ធី (Mohandas Gandhi) និង ចាវ៉ាហាឡាល់ នេរុ (Jawaharlal Nehru) បានដឹកនាំចលនាទាមទារឯករាជ្យរបស់ឥណ្ឌាពីចក្រភពអង់គ្លេសវិញ រហូតទទួលបានឯករាជ្យជាផ្លូវការ នៅថ្ងៃទី១៥ ខែសីហា គ្រិស្ដសករាជ ១៩៤៧ ចំណែកឯប៉ាគីស្ថានគឺបានប្រកាសឯករាជ្យនៅមុនឥណ្ឌាមួយថ្ងៃ ពោលគឺនៅថ្ងៃទី១៤ ខែសីហា គ្រិស្ដសករាជ ១៩៤៧ ដូចគ្នា។

ក្រោយការទទួលបានជ័យជម្នះលើការទាមទារឯករាជ្យនេះ ឧបទ្វីបឥណ្ឌាបែរជាត្រូវបែកបាក់ជារដ្ឋពីរផ្សេងគ្នា ដោយសារបុព្វហេតុទំនាស់សាសនា រីឯមហាត្មៈ គន្ធី ក៏ត្រូវពួកហិណ្ឌូនិយមជ្រុលធ្វើឃាតបានសម្រេច នៅថ្ងៃទី៣០ ខែមករា គ្រិស្ដសករាជ ១៩៤៨។

ការចាកចេញរបស់ចក្រភពអង់គ្លេសបានបន្សល់ទុកឲ្យប្រទេសឥណ្ឌា និងប៉ាគីស្ថាននូវវិបត្តិទំនាស់ដណ្ដើមតំបន់កាស្មៀរ (Kashmir) រហូតដល់ផ្ទុះសង្គ្រាមធំជាមួយគ្នា នាគ្រិស្ដសករាជ ១៩៧១ ដែលបណ្តាលឲ្យប្រទេសប៉ាគីស្ថានខាងកើតក្លាយជាប្រទេសឯករាជ្យមួយផ្សេងទៀត ដែលយើងស្គាល់ថាជាប្រទេសបង់ក្លាដេសបច្ចុប្បន្ន ដែលមានទំហំ ១៤៨,៤៦០គីឡូម៉ែត្រការ៉េ៕