(ភ្នំពេញ)៖ វ៉ាយហ្វាយសាធារណៈ (Public WiFi) មិនមានសុវត្ថិភាពនោះទេ។ មិនមានសុវត្ថិភាពនៅត្រង់ថា នៅពេលអ្នកភ្ជាប់វ៉ាយហ្វាយសាធារណៈមួយ នៅក្នុងតំបន់ «ក» ស្រាប់តែមានហេគឃ័រ (Hacker) ចង់យកទិន្នន័យរបស់អ្នក គេក៏បង្កើតវ៉ាយហ្វាយសាធារណៈមួយដែរ ដែលវាមានឈ្មោះ ដូចគ្នា និង Configuring ដូចគ្នា។
អាចនិយាយថា វ៉ាយហ្វាយសាធារណៈមួយនេះ មានវិសាលភាពធំជាងតំបន់ «ក» ឬហៅថាតំបន់ «ខ» ដែលវាគ្របដណ្តប់ទាំងតំបន់ «ក» តែម្តង។ នៅពេលអ្នកដើរចេញបានបន្តិចពីតំបន់ «ក» អ្នកក៏បានភ្ជាប់វ៉ាយហ្វាយរបស់តំបន់ «ខ» ដោយស្វ័យប្រវត្តិ និងដោយមិនដឹងខ្លួនថា អ្នកបានផ្តាច់វ៉ាយហ្វាយពីតំបន់មុនទៅហើយ ខណៈវ៉ាយហ្វាយតំបន់ «ខ» ត្រូវបានបង្កើតដោយហេគឃ័រ (Hacker) ហើយអ្នកនៅតែបន្តប្រើប្រាស់វា។
ហេតុនេះហើយមានចំណុចមួយចំនួន ដែលអ្នកគួរធ្វើនៅពេលប្រើប្រាស់វ៉ាយហ្វាយសាធារណៈ ដែលលោក អ៊ូ ផាន់ណារិទ្ធ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៉ី (AVI) កំណត់ ៧ចំណុច រួមមាន៖
*១៖ ត្រូវមានការប្រុងប្រយ័ត្នក្នុងការបញ្ចូលព័ត៌មានផ្ទាល់ខ្លួន ដូចជា username, password ទៅក្នុងវេបសាយ គឺត្រូវជៀសវាងបើមិនចាំបាច់
*២៖ មិនត្រូចបង្កើតគណនីសេវាអនឡាញថ្មីឡើយ ដែលវាអាចអនុញ្ញាតឲ្យ ហេគឃ័រ (Hacker) ចូលបានតាំងពីដំបូង
*៣៖ ជៀសវាងក្នុងការផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកសាជាថ្មី ទៅក្នុងសេវាណាមួយ ដែលវាអាចជាការបោកបញ្ជោត គឺអ្នកត្រូវត្រួតពិនិត្យឲ្យបានច្បាស់
*៤៖ មិនត្រូវបញ្ជូនព័ត៌មានគណនីធនាគារឡើយ
*៥៖ ជៀសវាងការប្រើប្រាស់ធនាគារអនឡាញ
*៦៖ មិនត្រូវធ្វើការចូលទៅកាន់ប្រព័ន្ធសំខាន់របស់កន្លែងធ្វើការអ្នកឡើយ លុះត្រាតែមានយន្តការការពារច្បាស់លាស់
*៧៖ គួរជៀសវាងការចែករំលែកឯកសារសំខាន់ៗ ឬចូលទៅកាន់ឯកសារទាំងអស់នោះឡើយ។
នៅពេលសួរថា ហេតុអ្វីគេបង្កើតវ៉ាយហ្វាយសាធារណៈ បើវាមិនមានសុវត្ថិនោះ អ្នកជំនាញបានឲ្យដឹងថា៖
*១៖ កន្លែងណាក៏គេដាក់ឱ្យប្រើប្រាស់ដែរ មិនថានៅកម្ពុជា ដូចជានៅតាមព្រលានយន្តហោះជាដើម
*២៖ គេដាក់ឱ្យប្រើមែន តែឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន
*៣៖ អ្នកប្រើប្រាស់ត្រូវដឹងពីវិធីសាស្ត្រការពារខ្លួន ដូចបានរៀបរាប់៕