(ភ្នំពេញ)៖ នេះគឺជាច្រកម៉ាឡាកា ដែលជាហេតុផលធ្វើឲ្យប្រទេសសិង្ហបុរី ក្លាយជាប្រទេសអ្នកមាន។ ច្រកនេះ មានប្រវែង ៦៥០គីឡូម៉ែត្រ តាមបណ្តោយប្រទេសម៉ាឡេស៊ី និងមានប្រវែង ៧០០គីឡូម៉ែត្រ តាមបណ្តោយប្រទេសឥណ្ឌូនេស៊ី ហើយមានប្រវែងត្រឹមតែ ២៤គីឡូម៉ែត្រ តាមបណ្តោយប្រទេសសិង្ហបុរី។
ហេតុអ្វីបានជាសិង្ហបុរីទទួលបានផលចំណេញច្រើនជាងគេពីច្រកដ៏សំខាន់មួយនេះ?
លោកអ្នកប្រហែលជាអាចគិតថា នាវាដឹកទំនិញធ្វើដំណើរត្រង់ទៅចក្រម៉ាឡាកា ត្រូវតែចំណាយលើថ្លៃផ្ទេរទំនិញឲ្យម៉ាឡេស៊ី ឥណ្ឌូនេស៊ី ឬក៏សិង្ហបុរី ដូចព្រែកជីកប៉ាណាម៉ា។ ប៉ុន្តែ ច្រកម៉ាឡាកា មានផ្លូវផ្ទេរទំនិញជាអន្តរជាតិ ដូច្នេះនាវាដឹកទំនិញ អាចឆ្លងកាត់ដោយគ្មានការចំណាយ។ អីចឹង តើសិង្ហបុរីរកចំណូលពីវាបានដោយរបៀបណា? សិង្ហបុរី បានសាងសង់កំពង់ផែកម្រិតពិភពលោកជាច្រើន ដែលនាវាអាចទទួលបានការថែទាំ ចាក់ប្រេង លើកនិងដាក់ទំនិញ ព្រមទាំងចូលចតយ៉ាងឆាប់រហ័ស។
ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ក៏អាចរកចំណូលពីច្រកនេះបានផងដែរ ពីរឿងខ្លះៗ។ ច្រកនេះ មានទទឹងត្រឹមតែ ២.៨គីឡូម៉ែត្រ ដូច្នេះវាមានហានិភ័យខ្ពស់ ហេតុនេះហើយម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ស្នើសុំនាវាធំៗ ប្រើប្រាស់អ្នកបើកបរក្នុងតំបន់ និងមគ្គុទ្ទេសក៍ជំនាញ ដែលជួយឲ្យនាវាឆ្លងកាត់ដោយសុវត្ថិភាព។ សេវាអ្នកបើកបរនេះ មានតម្លៃ ៥ ០០០ ទៅ ១៥ ០០០ដុល្លារ ក្នុងមួយនាវា។
សរុបមក ឥណ្ឌូនេស៊ី រកចំណូលបានប្រមាណ ៣ប៊ីលានដុល្លារ ម៉ាឡេស៊ី រកចំណូលបានប្រមាណ ៧ប៊ីលានដុល្លារ និងសិង្ហបុរី រកចំណូលបានប្រមាណ ១៥ប៊ីលានដុល្លារ ជារៀងរាល់ឆ្នាំ ពីច្រកសមុទ្រមួយនេះ៕