(ភ្នំពេញ)៖ ការស្រាវជ្រាវចុងក្រោយ កាលពីឆ្នាំ២០២២ លើប្រទេសចំនួន១៩០ ក្នុងចំណោមប្រទេសទាំង១៩៥ លើពិភពលោក មានប្រទេសចំនួន ១៥០ ឬស្មើនឹង ៧៩% មានច្បាប់ដកសញ្ជាតិ។ ក្នុង​ចំណោម​ប្រទេស​ទាំង​នោះ មាន​ប្រទេស​ចំនួន១៣៤ អាចដក​សញ្ជាតិ​ពលរដ្ឋខ្លួនដោយផ្អែកលើហេតុផល ដូចជា៖ ភាពមិនស្មោះត្រង់ ការគំរាមកំហែងសន្តិសុខជាតិ ឬបទល្មើសដែលទាក់ទងនឹងភេរវកម្ម។ ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០០០ មានប្រទេសដល់ទៅ៣៧ បានបង្កើតច្បាប់នេះ។

អង្គហេតុពាក់ព័ន្ធនឹងការដកសញ្ជាតិរបស់ប្រទេសសំខាន់ៗមួយចំនួន៖

*សហភាពអឺរ៉ុប៖ សហគមន៍នេះ ឈានមុខគេក្នុងការបង្កើតច្បាប់ដកសញ្ជាតិ ដោយមាន ១៨ប្រទេស (រួមទាំងចក្រភពអង់គ្លេស ហូឡង់ អាល្លឺម៉ង់ និងដាណឺម៉ាក) តាំងពីឆ្នាំ២០០០។

*មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង៖ ជាទូទៅ​ការបង្កើតច្បាប់ដកសញ្ជាតិ គឺធ្វើឡើងដើម្បីប្រឆាំងភេរវកម្ម។

*សហរដ្ឋអាមេរិក៖ រដ្ឋាភិបាលអាចដកហូតសញ្ជាតិពីពលរដ្ឋ ដោយសារការក្លែងបន្លំ ឬក្លែងក្លាយ (fraud or misrepresentation)។ គោលនយោបាយថ្មីៗនៃការដកសញ្ជាតិ បានផ្តោតលើបុគ្គលដែលត្រូវបានចោទប្រកាន់ពីបទភេរវកម្ម ឬខ្វះ «សីលធម៌» (terrorism or lacking "good moral character”)។

*កាណាដា៖ កាលពីមុន កាណាដាបានអនុញ្ញាតឲ្យដកហូតសញ្ជាតិសម្រាប់អំពើភេរវកម្ម ឬការក្បត់ជាតិ ក្រោមច្បាប់ពង្រឹងសញ្ជាតិកាណាដាឆ្នាំ ២០១៤ តែទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងនេះត្រូវបានលុបចោលនៅឆ្នាំ២០១៧ ដើម្បីការពារការរើសអើងប្រឆាំងនឹងពលរដ្ឋដែលមានសញ្ជាតិពីរ។

*នីការ៉ាហ្គា៖ នៅឆ្នាំ២០២៣ បានដកហូតសញ្ជាតិពីអ្នកប្រឆាំងផ្នែកនយោបាយជាង ២០០នាក់៕