(កំពង់ស្ពឺ)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងត្រៀមរៀបចំទីតាំងសម្រាប់ទទួលពិនិត្យព្យាបាលអ្នកជំងឺ COVID-19 ប្រសិនបើមានករណីនេះកើតឡើង នៅក្នុងទឹកដីខេត្តកំពង់ស្ពឺ។
តាមក្រុមការងាររើសទីតាំងទាំង៤ នោះរួមមាន មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ វិទ្យាល័យកំពង់ស្ពឺ វិទ្យាល័យសម្ដេចឪសម្ដេចម៉ែ និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ។ ជាក់ស្ដែង ដោយមើលឃើញនូវទីតាំងធំទូលាយមានខ្យល់កាសចេញចូលគ្រប់គ្រាន់ មានបន្ទប់ទឹកស្អាត និងទឹកភ្លើងប្រើប្រាស់គ្រប់គ្រាន់ និងបន្ទប់ប្រកបដោយផាសុខភាពផង ក្រុមការងារបានសម្រេចចិត្តជ្រើស រើសយកទីតាំង មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ក្នុងចំណោមទីតាំងទាំង៤ សម្រាប់ត្រៀមទទួលនិងពិនិត្យព្យាបាលអ្នកជំងឺ COVID-19។
លោក វ៉ី សំណាង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។ ប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។
សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ខេត្តកំពង់ស្ពឺមិនទាន់មានករណីជំងឺ COVID-19 កើតឡើនោះទេ។ បើទោះជាយ៉ាងនេះក្ដី សូមប្រជាពលរដ្ឋទាំងអស់ ចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺនេះ ដោយប្រកាន់ខ្ជាប់នូវការរស់នៅស្អាត ហូបស្អាត និងលាងដៃជាមួយទឹកសាប៊ូឱ្យបានញឹកញាប់។
បើតាមក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៨៦នាក់ហើយ៕