(ស្វាយរៀង)៖ លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង, លោក ចិន សាធាន នាយករដ្ឋបាលសាលាខេត្តស្វាយរៀង, ប្រធានមន្ទីរទេសចរណ៍ខេត្ត អធិការក្រុង និងក្រុមការងារក្រុង នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលមកលេងកម្សាន្តឆ្នេរអាងទន្លេវ៉ៃគោ ស្ថិតនៅភូមិធ្លក សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ហាមប្រមូលផ្ដុំគ្នាច្រើនហូបនំចំណី ផឹកគ្រឿងស្រវឹង ដើម្បីចូលរួមការពារទប់ស្កាត់ជំងឺកូវីដ១៩។
លោក ណុប ចំរើន បានណែនាំដល់ប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅតាមឆ្នេរទន្លេវ៉ៃគោ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលកំពុង រាតត្បាតពាសពេញពិភពលោក ក៏ដូចជារាលដាលដល់ ប្រទេសកម្ពុជា ទោះបីសព្វថ្ងៃនេះគ្មានអ្នកឆ្លងថ្មីក៏ដោយ យើងត្រូវតែការពារខ្លួនឲ្យបានល្អដោយឧស្សាហ៍លាងដៃ នឹងសាប៊ូ អាកុលឲ្យបានញឹកញាប់ លើសពីនោះទៀតពេលប្រាស្រ័យទំនាក់ទំនង ត្រូវពាក់ម៉ាស ឬក្រម៉ា បើគ្មានករណីចាំចាច់ គួរកុំជួបជុំប្រមូលផ្តុំគ្នាច្រើន និងនៅគម្លាពីគ្នាឲ្យបាន២ម៉ែត្រ ព្រមទាំងរួមគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ស្ដីពីការទប់ស្កាត់ការពារពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថា នៅរយៈប៉ុន្មានថ្ងៃមកនេះ មានបងប្អូនប្រជាពលរដ្ឋមកពីទីជិតទីឆ្ងាយ រាប់រយនាក់បាននាំគ្នាមកលេងកម្សាន្តនៅឆ្នេរទន្លេវ៉ៃគោ ដែលមានការល្បីតៗគ្នាថា មានទេសភាពល្អ ត្រកាលមានខ្សាច់នៅតាមមាត់ឆ្នេរអ្នកខ្លះ បានប្រសិទ្ធនាមជាឆ្នេរសមុទ្ររាម ស្វាយរៀង ឬឈ្មោះផ្សេងៗទៀត ដែលបងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង ដាក់ឱ្យគឺឆ្នេរព្រះទន្លេ។ បរិយាកាសស្រស់ស្រាយខ្យល់បរិសុទ្ធជួបជុំគ្នា លក្ខណៈគ្រួសារមិត្តភ័ក្ដិ សប្បាយរីករាយអមទៅដោយម្ហូបអាហារ ភេសជ្ជៈដែលយកពីផ្ទះ ទៅធ្វើឱ្យកាន់តែសប្បាយរីករាយថែមទៀតនាថ្ងៃរៀបល្ងាច។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ប្រជាពលរដ្ឋខ្លះក៏បានលើកឡើងថា គឺរាល់ការបរិភោគរួចហើយ បងប្អូនទាំងអស់គ្នាចូលរួមសម្អាតរួចរាល់មុនពេលចាកចេញនេះ មានន័យថាទាំងអស់គ្នាយល់ដឹងអំពី គោលការណ៍បរិស្ថាន អនាម័យក្នុងសហគមន៍ ប៉ុន្តែក៏មានបងប្អូនមួយចំនួនតូចផងដែរ ដែលបរិភោគហើយចោលសំរាមពេញដី ដោយមិនបានវេចខ្ចប់យកទៅចោលឱ្យបានត្រឹមត្រូវនោះទេ ដូច្នេះសូមចូលរួមទាំងអស់គ្នាមានស្មារតីទទួលខុសត្រូវ កុំឲ្យមានសំរាមចោលពាសវាលពាសកាល និងត្រូវប្រុងប្រយត្ន័ឲ្យបានខ្ពស់ ចំពោះជំងឺកូវីដ១៩ «យើងអាចភ្លេចកូវីដបានប៉ុន្តែកូវីដ១៩ មិនដែលភ្លេចយើងឡើយ»៕