(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានទទួលអំណោយជាសម្ភារបរិក្ខារពេទ្យ និងភេសជ្ជៈផ្សេងៗទៀត ពីក្រុមហ៊ុនចំនួន ២រួមមាន៖ ក្រុមហ៊ុន CAMBREW LTD. និងក្រុមហ៊ុន ឌីអេហ្វ អាយឡាក់គី ប្រាយវេត លីមីធីត។
ពិធីប្រគល់-ទទួលនេះ បានធ្វើឡើងនៅទីស្ដីការក្រសួងសុខាភិបាល នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។
ក្នុងឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះជំនួយមនុស្សធម៌ដ៏ថ្លៃថ្លា របស់ក្រុមហ៊ុនទាំង២ខាងលើនេះ ដែលសបញ្ជាក់នូវវប្បធម៌ នៃការចែករំលែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញវិធានការការពារទប់ស្កាត់ និងឆ្លើយតបការរាតត្បាតនៃកូវីដ១៩ ឱ្យបានកាន់តែឆាប់រហ័ស។
ជាមួយគ្នានោះ ក្រុមហ៊ុនចំនួន២ទៀត បានថ្លែងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា បង្កើនការយល់ដឹងជាសាធារណៈ ទាក់ទងនឹងការការពារពីការចម្លងនៃមេរោគកូវីដ-១៩។
សម្រាប់ក្រុមហ៊ុនទាំង៣នេះ បាននាំយកមកនូវសម្ភារពេទ្យ និងភេសជ្ជៈផ្សេងៗរួមមាន៖
១៖ ក្រុមហ៊ុន CAMBREW LTD. ឧបត្ថម្ភទឹកសុទ្ធអង្គរពូរ៉ូ និងភេសជ្ជៈ ចំនួន២០,០០០កេស
២៖ ក្រុមហ៊ុន ឌីអេហ្វ អាយឡាក់គី ប្រាយវេត លីមីធីត ឧបត្ថម្ភ នូវឈុតសម្លៀកបំពាក់ការពារខ្លួន ចំនួន៥០០ឈុត, ម៉ាសពេទ្យ៥,០០០, ស្រោមដៃពេទ្យចំនួន៥,០០០គូ ។សម្ភារទាំងនេះ បើគិតជាទឹកប្រាក់ចំនួន ១៥,៦៤០ដុល្លារ។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១១៩នាក់។ អ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ នៅសល់តែ៣នាក់ប៉ុណ្ណោះ នៃអ្នកឆ្លងសរុប១២២នាក់៕