(ភ្នំពេញ)៖ ក្រោយពីបើកសវនាការសួរដេញដោលរយៈពេលពេញមួយព្រឹក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ លោក ប៉ោក ប៉ន អនុប្រធានតុលាការយោធា និងជាប្រធានអង្គសវនាការ បានសម្រេចនឹងប្រកាសសាលក្រមកាត់ទោសអតីតយោធា២នាក់ ពាក់ព័ន្ធនឹងបង្កើតកងកម្លាំងប្រដាប់អាវុធខុសច្បាប់នៅខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៦ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះ។
តាមរយៈការសួរដេញដោលនេះដែរ លោក ម៉ែន ហុង ព្រះរាជអាជ្ញារង តុលាការយោធា នៅតែបន្តរក្សាបទចោទប្រកាន់អតីតយោធាទាំងពីរនាក់នេះដដែល។ ជនជាប់ចោទ២រូប រួមមាន៖ ទី១៖ ឈ្មោះ សុខ ប៊ុនសឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា និងទី២៖ ឈ្មោះ រ័ត្ន ច័ន្ទមន្នី ហៅ ជ័យ មឿន ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា។
ជនទាំងពីរនេះ បានជាប់ចោទពីបទ៖ បង្កើតដោយខុសច្បាប់នូវកងកម្លាំងប្រដាប់អាវុធដោយគ្មានសិទ្ធិ និងគ្មានការអនុញ្ញាត ពីអាជ្ញាធរស្របច្បាប់ ប្រព្រឹត្តនៅខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ ដល់ខែមិថុនា ឆ្នាំ២០១៨ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា ៤៦៣ នៃក្រមព្រហ្មទណ្ឌ។
គួរជម្រាបថា ពាក់ព័ន្ធករណីខាងលើនេះ មានប្រជាពលរដ្ឋចំនួន ២៤៤នាក់ ត្រូវបានអតីតយោធាទាំងពីរនាក់នេះ បោកប្រាស់ថា នឹងបញ្ចូលក្នុងក្របខណ្ឌ នៃកងយោធពលខេមរភូមិន្ទ ជាថ្នូរនឹងប្រាក់ ដែលពួកគេបានកំណត់៕