(ភ្នំពេញ)៖ ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយប្រមុខការទូតកម្ពុជា កាលពីរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ម្សិលមិញនេះ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន បានអរគុណកម្ពុជា ដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទម្លាក់កំហុសក្នុងពេលដែលយើងត្រូវរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ។
លោក វ៉ាង យី បានចាត់ទុកការដែលកម្ពុជាគាំទ្រកិច្ចប្រឹប្រែងរបស់អង្គការសុខភាពពិភពលោក (WHO) គឺជាជំហរមួយដ៏ត្រឹមត្រូវ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
នៅក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមប្រព័ន្ធវីដេអូអនឡាញ ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានជំរុញឱ្យអាស៊ាន-អាមេរិក រួមគ្នាបញ្ឈប់ការរាលដាលនូវព័ត៌មានមិនពិតពាក់ព័ន្ធនឹងបញ្ហាកូវីដ១៩ និងឈប់ចោទប្រកាន់គ្នាទៅវិញទៅមក។
នៅចំពោះមុខប្រមុខទូតអាស៊ាន -អាមេរិក ក្នុងកិច្ចប្រជុំពិសេសតាមប្រព័ន្ធវីដេអូអនឡាញ លោក ប្រាក់ សុខុន បានលើកឡើងថា៖ «យើងត្រូវការបង្កើនកិច្ចសហប្រតិបត្តិការចេញពីបណ្តាញផ្សព្វផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការរាលដាលព័ត៌មានមិនពិត ដែលអាចបណ្តាលឱ្យមានការភ័យតក់ស្លុតជាសាធារណៈ ការរើសអើងគ្នា និងការចោទប្រកាន់គ្នាទៅវិញទៅមក។ យើងគួរកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយ ក៏ដូចជាតួនាទីនាំមុខរបស់អង្គការសុខភាពពិភពលោក ជាស្ថាប័នសុខភាពពិភពលោកមួយដែលគួរឱ្យគោរពក្នុងការផ្តល់ជូននូវព័ត៌មាន ការបណ្តុះបណ្តាល និងអនុសាសន៍នានា និងការត្រួសត្រាយផ្លូវសម្រាប់បុព្វហេតុដ៏ធំ របស់មនុស្សជាតិ»។
ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រមុខការទូតចិន ម្សិលមិញនេះដែរ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានសម្តែងការគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់ចិន ដែលអំពាវនាវឱ្យមានការឯកភាពគ្នាក្នុងការប្រឆាំង COVID-19 (Covid-19: A Call for Unity) ដោយអះអាងថា ពេលនេះគឺជាពេលវេលាដែលយើងត្រូវរួបរួមគ្នា មិនមែនជាពេលដែលត្រូវបែកគ្នានោះទេ។
ក្រសួងការបរទេសបានបញ្ជាក់ទៀតថា លោក ប្រាក់ សុខុន ក៏បានគាំទ្រការប្រកាន់អភិក្រមបែបវិទ្យាសាស្រ្តដើម្បីប្រយុទ្ធប្រឆាំងCOVID-19 គាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការ WHO និងគាំទ្រគំនិតថ្លឹងថ្លែងរវាងការប្រយុទ្ធប្រឆាំង COVID-19 ជាមួយនឹងការអភិវឌ្ឍ។
ក្នុងកិច្ចសន្ទនានោះ លោក វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិនទាំងមូលក្នុងការជំនះវិបត្តិ គ្រប់គ្រងវិបត្តិ តាមរយៈវិធានការដ៏តឹងរឹងនានា និងគូសបញ្ជាក់ពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្នតទៅទៀត។ លោកបានលើកឡើងអំពីស្មារតីជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជា ដោយរំលឹកពីព្រះរាជកិច្ចគាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ក៏ដូចជាការគាំទ្រដ៏ពេញទំហឹងរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងនៅពេលប្រទេស ចិនជួបការលំបាកខ្លាំងបំផុត។
ដោយឡែកពាក់ព័ន្ធនឹងទំនាក់ទំនងទ្វេភាគីវិញ លោក វ៉ាង យី បានលើកឡើងថា ឆ្នាំនេះជាខួប២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំងពីរ នឹងបន្តអនុវត្តកិច្ចព្រមព្រៀងទាំងឡាយដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីរបស់យើងទៅកាន់កំរិតកាន់តែខ្ពស់ថែមទៀត។ លោក វ៉ាង យី បានលើកឡើងថា អាទិភាពរបស់យើង គឺបន្តជំរុញកិច្ចសហប្រិបត្តិការក្នុងក្របខណ្ឌនានា ជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញពីវិបត្តិCOVID-19 ដោយផ្តោតការយកចិត្តទុកដាក់លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។
លោក វ៉ាង យី បានបញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឱ្យកាន់តែខ្លាំងក្លាថែមទៀត៕