(ភ្នំពេញ)៖ ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (អេ អាយ អេ ខេមបូឌា) នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានប្រកាសដាក់ឲ្យប្រើប្រាស់នូវបែបផែនការងារថ្មី ប្រកបដោយភាពច្នៃប្រឌិត សម្រាប់ការផ្តល់ជូន នូវដំណោះស្រាយធានារ៉ាប់រងជីវិត និងការអភិវឌ្ឍអាជីវកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាទាំងស្រុង ដើម្បីធានាឲ្យបានថា អតិថិជនទាំងចាស់ និងថ្មីទាំងអស់ អាចទទួលយកដំណោះស្រាយធានារ៉ាប់រង និងការប្រឹក្សាយោបល់ បើទោះបីជាមានវិធានការណ៍រក្សាគម្លាត ពីសង្គមប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ១៩ យ៉ាងណាក្តី។ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុងនេះ (Virtual Face-to-Face ឬ VFTF) គឺជាប្រតិបត្តិការបែបឌីជីថលទាំងស្រុងដំបូងគេ ក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា ស្របគ្នានឹងនិន្នាការរបស់ អេ អាយ អេ ខេមបូឌា ក្នុងការប្រើប្រាស់បច្ចេកវិទ្យា និងប្រតិបត្តិការទំនើបចុងក្រោយបង្អស់ ក្នុងការជួយសម្រួលដល់អតិថិជន ទីប្រឹក្សាផែនការជីវិត AIA ដៃគូអាជីវកម្ម និងបុគ្គលិក ឲ្យកាន់តែងាយស្រួល។
ប្រតិបត្តិការបែប VFTF ត្រូវបានដាក់ឲ្យដំណើរការ ដើម្បីឆ្លើយតបទៅនឹងវិធានការណ៍ រក្សាគម្លាតសង្គមរបស់ក្រសួងសុខាភិបាល នាពេលថ្មីៗនេះ ហើយដើម្បីធានាឲ្យបានថា អតិថិជននៅតែអាចបន្តទទួលយកបណ្ណសន្យា ធានារ៉ាប់រងពី អេ អាយ អេ ប្រកបដោយសុវត្ថិភាព និងភាពងាយស្រួល។ អតិថិជនអាចទាក់ទងជាមួយទីប្រឹក្សាផែនការជីវិត AIA ជាលក្ខណៈវីដេអូ ទៅតាមកម្មវិធីទំនាក់ទំនងណាមួយ ដែលអតិថិជនមានស្រាប់ រួមមាន Facebook Messenger, WhatsApp, Microsoft Teams, Line ។ល។ ទៅតាមតម្រូវការ។ ជាមួយនឹងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះ រាល់ជំនួបជាមួយអតិថិជន នឹងត្រូវបានធ្វើឡើង ដោយមិនតម្រូវឲ្យមានការជួបផ្ទាល់ ដែលនេះបានអនុញ្ញាតឲ្យអតិថិជន អាចទទួលយកសេវាកម្ម និងការប្រឹក្សាយោបល់នានា ក៏ដូចជាការទទួលយកបណ្ណសន្យាធានារ៉ាប់រង ដោយមិនចាំបាច់ចាកចេញពីផ្ទះ។
បច្ចេកវិទ្យានេះ អនុញ្ញាតឲ្យដំណើរការ នៃការផ្តល់ជូនបណ្ណសន្យាធានារ៉ាប់រង ប្រព្រឹត្តទៅតាមរយៈការទំនាក់ទំនង ជាលក្ខណៈវីដេអូ ហើយរាល់ការផ្ទៀងផ្ទាត់លើឯកសារនានា ព្រមទាំងកិច្ចព្រមព្រៀង នឹងត្រូវធ្វើឡើង តាមប្រព័ន្ធអេឡិចត្រូនិច។ ទៅថ្ងៃមុខ បែបផែនការងារថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាទាំងស្រុងនេះ នឹងបន្តក្លាយទៅជាផ្នែកដ៏សំខាន់មួយរបស់ អេ អាយ អេ ខេមបូឌា ក្នុងការជ្រើសរើស និងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីធានាឲ្យបាននូវប្រសិទ្ធភាព និងលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យាថ្មីបំផុត ដើម្បីសម្រេចបានជោគជ័យនៅក្នុងការងាររបស់ពួកគេ។
លោកស្រី Pauline Teoh អគ្គនាយិកាក្រុមហ៊ុន អេ អាយ អេ ខេមបូឌា បានថ្លែងថា «បើទោះបីជាមានការប្រឈម ដែលបណ្តាលមកពីជំងឺកូវីដ១៩ នេះយ៉ាងណាក្តី ពួកយើងនៅតែតាំងចិត្តយ៉ាងមុតមាំ ដើម្បីជួយក្រុមគ្រួសារកម្ពុជា ទទួលបាននូវការការពារ។ យើងនឹងបន្តការបង្កើតគំនិតផ្តួចផ្តើមថ្មីៗជាលក្ខណៈឌីជីថល និងប្រើប្រាស់នូវបច្ចេកវិទ្យាចុងក្រោយបង្អស់ ដើម្បីធ្វើឲ្យ សេវាបម្រើអតិថិជន និងប្រសិទ្ធភាពការងារ មានភាពកាន់តែល្អប្រសើរ។ ប្រតិបត្តិការ VFTF ថ្មីនេះ គឺជាជំហានបន្ទាប់នៃការវិវឌ្ឍខ្លួន តាមបែបឌីជីថលរបស់ពួកយើង ដែលធានាថាបច្ចេកវិទ្យាចុងក្រោយបំផុតនេះ នឹងអាចបន្តផ្តល់ជូនសេវាកម្ម បម្រើអតិថិជនដ៏ល្អឥតខ្ចោះ ក៏ដូចជាផ្តល់ជូនសុវត្ថិភាពផ្លូវចិត្ត និងជួយពួកគាត់ឲ្យរស់នៅប្រកបដោយសុខភាព និងជីវិតកាន់តែប្រសើរ នៅក្នុងកំឡុងពេលដ៏ពិបាកមួយនេះ»។
ប្រតិបត្តិការ VFTF ថ្មីនេះ គឺស្ថិតក្នុងចំណោមសកម្មភាព និងវិធានការផ្សេងៗទៀត ដែលត្រូវបានដាក់ឲ្យដំណើរការរួចមកហើយដោយ អេ អាយ អេ ខេមបូឌា ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ដើម្បីជាជំនួយដល់សេដ្ឋកិច្ច និងជីវភាពប្រជាជន។ ធនធានមនុស្សទាំងអស់របស់យើង ត្រូវបានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដែលអនុញ្ញាតឲ្យពួកគាត់អនុវត្តបែបផែនធ្វើការពីចម្ងាយ ដើម្បីផ្តល់ជំនួយដល់សេវាកម្មអតិថិជន និងប្រតិបត្តិការអាជីវកម្ម ដោយគ្មានការរំខាន។ គ្រប់អតិថិជនទាំងអស់ត្រូវបានមើលថែ យ៉ាងយកចិត្តទុកដាក់ ជាមួយនឹងការផ្តល់ជូនពិសេស ដែលជាជំនួយផ្នែកហិរញ្ញវត្ថុបន្ថែម ប្រសិនបើត្រូវបានពិនិត្យឃើញថា មានជំងឺកូវីដ១៩ និងតម្រូវឲ្យមានការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ ស្របគ្នានេះដែរ ទីប្រឹក្សាផែនការជីវិត AIA ទាំងអស់ ក៏កំពុងតែត្រូវបានផ្តល់ជូននូវការប្រើប្រាស់បច្ចេកវិទ្យាថ្មី វគ្គបណ្តុះបណ្តាលនានា និងកម្មវិធីទំនាក់ទំនងផ្សេងៗ ដែលបានក្លាយទៅជាជំនួយ ដល់ពួកគាត់ក្នុងការកសាងអាជីព និងស្វែងរកចំណូលសម្រាប់ជីវភាពរបស់គាត់។
អេ អាយ អេ ខេមបូឌា ជាផ្នែកមួយនៃសម្ព័ន្ធ អេអាយអេ ដែលជាសម្ព័ន្ធធានារ៉ាប់រង អាយុជីវិតចុះបញ្ជីជាសាធារណៈ ធំជាងគេ និងមានវត្តមានពេញតំបន់អាស៊ីនោះ នឹងនៅតែបន្តដើរតួនាទីឈានមុខគេ ក្នុងការគាំទ្រទៅលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។
ប្រសិនបើលោកអ្នកចង់ទាក់ទងមកកាន់ អេអាយអេ ខេមបូឌា លោកអ្នកអាចទាក់ទងមកកាន់សេវាបម្រើអតិថិជន AIA Client Care តាមរយៈលេខ ០៨៦ ៩៩៩ ២៤២ ឬផ្ញើសារមកកាន់ទំព័រហ្វេសបុករបស់យើងខ្ញុំ គឺ AIA Cambodia។ លោកអ្នកក៏អាច ទាក់ទងមកកាន់ទីប្រឹក្សាផែនការជីវិត AIA ប្រសិនបើលោកអ្នកមានបំណងចង់ទទួលបានការការពារថ្មី ដើម្បីប្រឹក្សាយោបល់ជាលក្ខណៈវីដេអូ ទៅតាមកម្មវិធីទំនាក់ទំនងណាមួយ ដែលលោកអ្នកកំពុងប្រើប្រាស់ស្រាប់៕