(ភ្នំពេញ)៖ ព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារ ពាក់ព័ន្ធជំនាញទាំង៥ក្រុម ដោយមានការចូលរួមពី អនុប្រធាននាយកដ្ឋាន និងនាយការិយាល័យជំនាញទាំងអស់ ចំណុះនាយកដ្ឋានផងដែរ។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់ការិយាល័យជំនាញទាំងអស់ និងការផ្សព្វផ្សាយផែនការសកម្មភាព ឆ្នាំ២០២០ របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ព្រមទាំងការចូលរួមយោបល់របស់ប្រធាន-អនុប្រធាន ក្រុមការងារជំនាញទាំង៥ក្រុមរួចមក លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានណែនាំឲ្យក្រុមការងារជំំនាញ និងការិយាល័យជំនាញទាំងអស់ពង្រឹងលើការងារ ៤ចំណុច៖
*ទី១៖ ការងារគ្រប់គ្រងក្មេងទំនើង
*ទី២៖ ការងារអនុវត្តដីកា
*ទី៣៖ ការងារសហការជាមួយអគ្គនាយកដ្ឋានពន្ធនាគារ
*ទី៤៖ ករណីកំពង់តស៊ូ និងមុខសញ្ញាបង្រ្កាបចាប់មិនទាន់អស់។
លោកឧត្តមសេនីយ៍ឯក ង៉េង ជួ បានបញ្ជាក់ថា ថ្វីត្បិតតែបទល្មើសជារួមនៅឆ្នាំ២០១៩ មានការកើនបើធៀបនឹងឆ្នាំ២០១៨ ក៏ពិតមែន ប៉ុន្តែកម្លាំងរបស់យើងខិតខំ ធ្វើការបង្រ្កាបបានរហូតដល់៨៩ភាគរយ នៃរឿងហេតុដែលកើតឡើង។ លោកក៏បានជំរុញឲ្យកម្លាំងជំនាញទាំងអស់ ខិតខំស្រាវជ្រាវរកចាប់មុខសញ្ញាដែល នៅសេសសល់បន្តទៀត ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។
សូមជម្រាប់ថា ឆ្នាំ២០១៩ បទល្មើសជារួមកើតឡើងចំនួន ៣,១៩៦/២,៩៦៩ កើន២២៧លើក ស្មើ៨% ប្រៀបធៀបឆ្នាំ២០១៨ ក្នុងនោះ បទឧក្រិដ្ឋ ៧០១/៦២១លើក កើន៨០លើក ស្មើ១៣%, បទមជ្ឈឹម ២,៤៩៥/២,៣៤៨លើក កើន១៤៧លើក ស្មើ៦%។ ដោយឡែកកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើស បានចំនួន២,៨៤២ករណី លើសភាពការណ៍ ៣,១៩៦លើក ស្មើ៨៩% ក្នុងនោះបង្រ្កាបជាក់ស្តែង ២,៣៣៤/២,០៦៩ករណី ស្រាវជ្រាវបង្រ្កាប ៥០៨/៥២៩ករណី ឃាត់ខ្លួនជនល្មើស ៤,១១៩/៣,៧៤២នាក់ (មុខសញ្ញាមានសារធាតុញៀនចំនួន ២៦%)៕