(ភ្នំពេញ)៖ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ បានបង្ហាញនូវការលំបាក និងទទួលស្គាល់នូវអ្វី ដែលជាបញ្ហាប្រឈម ក្នុងការគ្រប់គ្រងអនាថាដែលរស់នៅតាមទីសាធារណៈ ដោយសារពួកគាត់ព្យាយាមគេចវេស មិនចង់រស់នៅក្នុងមណ្ឌល ដែលមានការគ្រប់គ្រងត្រឹមត្រូវ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងសង្គមកិច្ច» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក តូច ចាន់នី អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានអះអាងថា កន្លងទៅក្រសួងបានសហការជាមួយ ស្ថាប័នពាក់ព័ន្ធដើម្បីដើរប្រមូលជនអនាថា តាមទីសាធារណៈយកទៅរស់នៅ ក្នុងមណ្ឌលដើម្បីធ្វើការគ្រប់គ្រង។
លោក តូច ចាន់នី បានគូសបញ្ជាក់ទៀតថា ក្រោយចូលទៅរស់នៅក្នុងមណ្ឌល ក្រុមជនអនាថាទាំងអស់នោះ តែងតែព្យាយាមរត់គេចចេញពីមណ្ឌល ដោយមិនចង់រស់នៅស្ថិតក្រោមការគ្រង់គ្រងនោះទេ។ លោកបន្ថែមថា មូលហេតុដែលពួកគេព្យាយាមរត់ចេញ ដោយសាររស់នៅខាងក្រៅអាចយកប្រាក់បាន តាមរយៈការដើរសុំតាមទីសាធារណៈ។
ជាមួយនឹងបញ្ហាប្រឈមនេះ អ្នកនាំពាក្យក្រសួងសង្គមកិច្ច បានលើកឡើងទៀតថា បើទោះបីប្រឈមនូវស្ថានភាពនេះក៏ពិតមែន ប៉ុន្ដែក្រសួង និងស្ថាប័នពាក់ព័ន្ធ នៅតែប្រើយន្ដការរួមដើម្បីដោះស្រាយការងារនេះ ដោយព្យាយាមពន្យល់ណែនាំក្រុមជនអនាថាទាំងអស់នោះ ឲ្យរៀនរស់នៅក្នុងមណ្ឌល ដើម្បីទទួលបានចំណេះ និងជំនាញផ្សេងពីអ្នកគ្រប់គ្រង។
លោក តូច ចាន់នី បានបន្ថែមថា នៅតាមមណ្ឌលបន្ទាប់ពីយកជនអនាថានោះមករស់នៅ តែងតែបង្រៀននូវចំណេះ និងជំនាញផ្សេងៗ ដើម្បីពួកគាត់ក្រោយពេលចេញទៅវិញ អាចទៅប្រកបរបរផ្សេងៗបាន ពោលមិនមែនយកមករស់នៅទទេៗនោះឡើយ។ ហើយពេលចាកចេញពីមណ្ឌលវិញ អ្នកគ្រប់គ្រងក៏បានផ្ដល់នូវថវិកាមួយចំនួន ដើម្បីឲ្យពួកគាត់យកធ្វើជាដើមទុនផងដែរ។
យ៉ាងណាមិញ តាមរយៈសន្និសីទសារព័ត៌មាននេះ អ្នកយកព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News ក៏បានចោទសួរនូវសំណួរមួយ ពាក់ព័ន្ធនីតិវិធីក្នុងបើកប្រាក់ជូនគ្រួសារសពអតីតយុទ្ធជន ដែលហាក់មានការយឺតយ៉ាវ រហូតមានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ មកកាន់អ្នកសារព័ត៌មានផងដែរ។
ឆ្លើយតបនឹងសំណួរនេះ លោក តូច ចាន់នី បានបកស្រាយថា លោកទទួលស្គាល់ថា កន្លងទៅមានភាពយឺតយ៉ាវមែន ដែលពាក់ព័ន្ធនីតិវិធី និងការងារជំនាញ ដោយត្រូវតែបំពេញតាមបែបបទរួចបញ្ជូនទៅក្រសួងសេដ្ឋកិច្ច ទើបទទួលបានប្រាក់មកវិញ ដោយត្រូវចំណាយពេលប៉ុន្មាន២ ឬ៣ខែ។
ប៉ុន្ដែរហូតមកដល់ពេលនេះ លោកបានអះអាងថា ក្រសួង និងស្ថាប័នពាក់ព័ន្ធកំពុងរកដំណោះស្រាយរួមណាមួយ ដើម្បីពន្លឿនដល់ការបើកប្រាក់នេះផងដែរ។ លោកបន្ថែមថា ការប្រគល់ប្រាក់នេះទៀតសោទ ត្រូវបានយកទៅជូនគ្រួសារផ្ទាល់តែម្ដង ដើម្បីតបស្នងនូវអ្វីដែលជាគុណបំណាច់ ដូច្នេះហើយបន្ដិចទៀត នឹងលែងមានភាពយឺតយ៉ាវនេះទៀតហើយ។
គួរជម្រាបថា គិតមកដល់ដើមឆ្នាំ២០២០នេះ បេឡាជាតិអតីតយុទ្ធជន បានគ្រប់គ្រង និងផ្ដល់របបសន្ដិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារសរុបចំនួន ៩៤,៦៥១នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន ១៤០,៨២២នាក់ ដោយចំណាយថវិកាសរុបចំនួន ៤២,៧៦៧,៧២៤,៧១០រៀល ក្នុងមួយខែ។
បេឡាជាតិសន្ដិសុខសង្គម សម្រាប់មន្ដ្រីរាជការស៉ីវិលបានគ្រប់គ្រង និងបើកផ្ដល់របរសន្ដិសុខសង្គមជូន អតីតមន្ដ្រីរាជការស៉ីវិលសរុបរួមមាន និងវត្តជន ចំនួន៥៣,៩៨០នាក់ ជនបាត់បត់សម្បទាវិជ្ជាជីវៈ ចំនួន១,៩៨៥នាក់ និងអ្នកនៅក្នុងបន្ទុកចំនួន៣៥,៩៣១នាក់៕