(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលអាចធានាបាននូវអត្រាមានការងារធ្វើ៩៩,៧% នៃកម្លាំងពលកម្មសរុប១០លាននាក់។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះត្រូវបានបញ្ជាក់ ក្នុងសារលិខិតអបអរខួបអនុស្សាវរីយ៍ លើកទី១៣៤ នៃទិវាពលកម្មអន្តរជាតិ ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ។
សម្តេចលើកឡើងយ៉ាងដូច្នេះថា៖ «រាជរដ្ឋាភិបាល អាចធានាបាននូវអត្រាមានការងារធ្វើ៩៩.៧% នៃកម្លាំងពលកម្មសរុប១០លាននាក់ នៅក្នុងនោះ រួមមាន ក្នុងប្រទេសប្រមាណ ៣.៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង១.៥លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២.២លាននាក់) វិស័យកសិកម្មប្រមាណ ៤លាននាក់ មន្ត្រីសាធារណៈចំនួន៥០ម៉ឺននាក់ និងពលករ ដែលធ្វើការនៅក្រៅប្រទេស ចំនួនប្រមាណ១.២៨លាននាក់»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីឲ្យកម្ពុជា អាចសម្រេចបានតាមមហិច្ឆតា ប្រែក្លាយពីប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នាឆ្នាំ២០៥០ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំជំរុញការអនុវត្ត ដោយបានជោគជ័យ នូវយុត្តិសាស្ត្រចតុកោណដំណាក់កាលទី៤ រួមទាំងគោលនយោបាយអាទិភាពសំខាន់ៗ ដើម្បីបង្កើនល្បឿនការអភិវឌ្ឍ និងបង្កើតការងារសមរម្យជូនប្រជាពលរដ្ឋ និងអនុវត្តន៍នូវការកែទម្រង់មុតស្រួច ក្រោមអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា «កែទម្រង់ផ្ទៃក្នុង និងបង្កើតមិត្តខាងក្នុង ស្មារតីឯករាជ្យ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្ដីពីការអភិវឌ្ឍវិស័យឧស្សាហកម្ម សម្តេចបាន ចុះជួបជាមួយបងប្អូនកម្មករនិយោជិត គិតចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ បានចំនួន៧៧លើក សរុបកម្មករនិយោជិតចំនួនប្រមាណជិត១លាននាក់ ដែលបានរកឃើញបញ្ហា និងដាក់ចេញនូវគោលការណ៍ និងវិធានការជាច្រើន ជាពិសេសអនុសាសន៍១០ចំណុច ដើម្បីលើកកម្ពស់ជីវភាព សុខុមាលភាព កម្មករនិយោជិត និងទំនាក់ទំនងវិជ្ជាជីវៈ ហើយសម្តេចនឹងបន្តសកម្មភាពនេះជារៀងរហូតនៅក្នុងតំណែងជានាយករដ្ឋមន្ត្រីនៃកម្ពុជា។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់ ការការពារសិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ ថែរក្សាសុខដុមនីយកម្ម ទំនាក់ទំនងវិជ្ជាជីវៈ ផ្តល់អត្ថប្រយោជន៍នានា ជូនដល់បងប្អូនកម្មករនិយោជិត រួមទាំងការផ្តល់កិច្ចគាំពារសង្គមផងដែរ ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ច្បាប់ស្ដីពីការងារ និងអនុសញ្ញាអន្តរជាតិខាងការងារទាំង១៣ ដែលកម្ពុជាបានផ្តល់សច្ចាប័ន តាមរយៈយន្តការត្រីភាគីសម្រាប់សំវាទសង្គម ជាអាទិ៍ក្រុមប្រឹក្សាអាជ្ញាកណ្ដាល គណៈកម្មការប្រឹក្សាការងារ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមទាំងយន្តការត្រីភាគី បូកជាច្រើនទៀត។
សម្តេចតេជោបន្តថា ការបើកចំហរសេរីភាពអង្គការវិជ្ជាជីវៈ បានធ្វើឱ្យកំណើននៃការចុះបញ្ជីកើនឡើង គួរឱ្យកត់សម្គាល់ គិតត្រឹមឆ្នាំ២០១៩ មានអង្គការវិជ្ជាជីវៈចំនួន ៥,២៥៦ កំពុងប្រតិបត្តិការក្នុងនោះសហជីព មូលដ្ឋានមានចំនួន ៤,៩៩៦ សហព័ន្ធសហជីពមានចំនួន ២១៦ សហភាពសហជីពមានចំនួន៣៣ និងសមាគមនិយោជកមានចំនួន១១។
រាជរដ្ឋាភិបាល បានបន្តយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករ និយោជិត នៅតាមគ្រប់រោងចក្រ សហគ្រាស មានគិលានដ្ឋាន កន្លែងហូបបាយ បន្ទប់បំបៅកូន និងទារក ដែលបានជួយធ្វើឱ្យកាន់តែប្រសើរឡើង នូវសុខុមាលភាពរបស់កម្មករនិយោជិត។ កម្មវិធីបង្ការគ្រោះថ្នាក់ការងារ និងបង្កើនសុវត្ថិភាពក្នុងការដឹកជញ្ជូន និងការធ្វើដំណើររបស់កម្មករនិយោជិត ត្រូវបានជំរុញអនុវត្ត យ៉ាងសកម្ម។
សម្តេចតេជោបន្ថែមទៀតថា ក្នុងពេលថ្មីៗនេះ ជាមួយនឹងការលេចឡើង នូវជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបាន និងកំពុងចាត់វិធានការហ្មត់ចត់ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ចំពោះសុខភាពរបស់ប្រជាពលរដ្ឋ រួមទាំងការណែនាំដល់កម្មករនិយោជិត និងនិយោជកទាំងអស់ ឱ្យប្រកាន់ខ្ជាប់នូវការរក្សាអនាម័យល្អផ្ទាល់ខ្លួន និងនៅកន្លែងធ្វើការ អនុលោមតាមការណែនាំ របស់ក្រសួងសុខាភិបាល និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរាលដាលជំងឺនេះ។
រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់ ក្នុងការអភិវឌ្ឍរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាព កាន់តែទូលំទូលាយ គ្របដណ្ដប់បួនផ្នែករួមមាន ផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាព ផ្នែកហានិភ័យ ការងារ និងផ្នែកនិកម្មភាពការងារ សំដៅធានាសង្គតិភាពនិងសមធម៌ រវាងមន្ត្រីរាជការសាធារណៈ និងកម្មករ និយោជិត តាមរយៈការពង្រឹងការអនុវត្តច្បាប់ ស្ដីពីរបបសន្តិសុខសង្គម និងការរៀបចំដាក់ឱ្យអនុវត្តរបប សន្តិសុខសង្គមផ្នែកហានិភ័យ ការងារសម្រាប់មន្ត្រីសាធារណៈ និងរបបសោធន សម្រាប់កម្មករនិយោជិត នៅក្នុងឆ្នាំ២០២០៕