(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា បានថ្លែងថា បើទោះបីជាស្ថិតិអ្នកផ្ទុកជំងឺ COVID-19 នៅកម្ពុជា បានថយចុះមកនៅតិចតួចក៏ពិតមែន តែយើងទាំងអស់គ្នាមិនត្រូវព្រងើយកន្តើយ ឬគិតថា ជំងឺនេះផុតរលត់នោះទេ គឺយើងទាំងអស់គ្នា ជាពិសេសមន្រ្តីរាជការជុំវិញស្រុកលើកដែកដែលនៅជាប់ប្រជាពលរដ្ឋប្រចាំថ្ងៃ ត្រូវតែបន្តផ្សព្វផ្សាយអប់រំដោយស្មារតីយកចិត្តទុកដាក់ និងម៉ឺងម៉ាត់ដដែល ដល់ប្រជាពលរដ្ឋអំពីហានិភ័យជំងឺ COVID-19 និងភាពប្រថុយប្រថាននូវការឆ្លងជំងឺនេះ។
ការថ្លែងបែបនេះរបស់ លោកស្រី ឃួន សុដារី បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយមន្រ្តី រដ្ឋបាលឃុំ-ភូមិ ផ្សព្វផ្សាយយុទ្ធនាការប្រឆាំងកូវីដ-១៩ ដែលធ្វើឡើង នៅព្រឹកថ្ងៃពុធ ទី២៩ ខែមេសា ឆ្នាំ២០២០ នៅទីស្នាក់ការស្រុកលើកដែក ខេត្តកណ្តាល។ កម្មវិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី និងជាតំណាងរាស្រ្តមណ្ឌលកណ្តាល និងដោយមានការចូលរួមពីលោក អ៊ុក ដាមរី តំណាងរាស្រ្តមណ្ឌលកណ្តាល គណៈអភិបាលស្រុក ក្រុមការងារចុះជួយឃុំ-ភូមិក្នុងស្រុកលើកដែក មន្រ្តីរាជការ អាជ្ញាធរឃុំ-ភូមិ និងគ្រូពេទ្យជុំវិញស្រុក ប្រមាណ១៥០នាក់។
លោកស្រីបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ជូនដល់មន្រ្តីរាជការជុំវិញស្រុក និងប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងសូមកុំមានការព្រួយបារម្មណ៍ ហើយត្រូវគិតគូពីសុខភាព។
លោកស្រី បានគូសបញ្ជាក់បន្ថែមថា ជំងឺកូវីដ-១៩ នេះ គឺជាជំងឺឆ្លងរាតត្បាតជាសកល ដែលភាសាអង់គ្លេសហៅថា (Pandemic)។ នេះគឺបានន័យថា វាបាននិងកំពុងកើតមានឡើងស្ទើរគ្រប់ប្រទេស និងដែនដីលើសកលលោក ហើយបើប្រទេសណាមួយមិនមានករណីជំងឺនេះ ឬមានចំនួនតិចតួចក្តី ក៏មិនមែនមានន័យថា យើងអាចរស់នៅដោយសេរីដូចកាលពីពេលមិនទាន់មានជំងឺនេះទេ លុះត្រាតែលែងមានអ្នកឆ្លងលើពិភពលោកទាំងមូល ឬមានថ្នាំព្យាបាល ថ្នាំបង្ការ ដែលត្រូវបានប្រើប្រាស់គ្រប់ទិសទី។
លោកស្រី បានបន្តទៀតថា ស្ថានការណ៍ក្នុងប្រទេសយើង នៅមានភាពស្រួចស្រាលនៅឡើយ ដូច្នេះសូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់យកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាសុខភាព។ លោកស្រីបានរំលឹកពីជំងឺឆ្លងដ៏កាចសាហាវមួយចំនួន ដែលធ្លាប់កើតឡើងក្នុងប្រវត្តិសាស្ត្រលើពិភពលោក ដូចជាជំងឺផ្តាសាយអេស្ប៉ាញ (Spanish Flu) ដ៏កាចសាហាវ ដែលធ្លាប់បានកើតឡើងនៅក្នុងឆ្នាំ១៩១៨ ដល់១៩១៩ កាលពី១០០ឆ្នាំមុន និងធ្លាប់បានសម្លាប់មនុស្សប្រមាណ៤០លាន ទៅដល់៥០លាននាក់ ក្នុងចំណោមអ្នកឆ្លងប្រមាណ ៥០០លាននាក់។
ក្រៅពីការពន្យល់ណែនាំអំពីការសុខសុវត្ថិភាពផ្នែកសុខភាព លោកស្រីក៏បានសង្កត់ធ្ងន់ផងដែរទៅលើបញ្ហាសំខាន់ផ្សេងៗដែលជាផលប៉ះពាល់កើតឡើងពីជំងឺនេះ ដែលនោះគឺការប៉ះពាល់ផ្នែកសង្គម សេដ្ឋកិច្ច រហូតដល់នយោបាយ។ លោកស្រីបានលើកជាឧទាហរណ៍មួយចំនួន កាលពីសម័យកាលប្រទេសធ្លាប់មានសង្គ្រាម ដែលពេលនោះទោះបីជាវឹកវរលំបាកយ៉ាងណាក៏ដោយ ក៏មនុស្សនៅអាចឆ្លៀតរៀនសូត្រ ឬធ្វើការប្រាស្រ័យទាក់ទងគ្នា។ ផ្ទុយទៅវិញ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺកូវីដ-១៩ មនុស្សក្នុងសង្គមទាំងអស់លើពិភពលោកបានផ្លាស់ទៅរបត់ថ្មី ដើម្បីបង្ការខ្លួនពីការឆ្លង ដែលគេហៅថា គម្លាតសង្គម (Social distancing) អំពីរបៀបនៃការស្វាគមន៍ ធ្វើដំណើរ ឬប្រាស្រ័យទាក់ទងគ្នា ដោយធ្វើយ៉ាងណាមិនប៉ះពាល់គ្នា និងស្ថិតនៅពីគ្នាយ៉ាងតិច ១ម៉ែត្រ។
ដោយឡែកផ្នែកសេដ្ឋកិច្ច លោកស្រី ឃួន សុដារី បានអំពាវនាវឱ្យប្រជាពលរដ្ឋខិតខំដាំដុះភោគផលកសិកម្ម បរិភោគ និងចិញ្ចឹមសត្វ ដោយបានសង្កេតឃើញថា ភូមិសាស្រ្តទឹកដីស្រុកលើកដែកស្ថិតនៅជាប់ទន្លេដែលជាប្រភពទឹក សម្រាប់ប្រព័ន្ធធារាសាស្រ្តដ៏សំខាន់ក្នុងការបង្កបង្កើនផលគ្រប់ប្រភេទ។ លោកស្រីបានបន្តថា សកម្មភាពពាណិជ្ជកម្មក្នុងឃុំមួយចំនួនដែលមានព្រំដែនជាប់ប្រទេសជិតខាងត្រូវបានផ្អាកបណ្តោះអាសន្ន ឬមានការលំបាក ដូចនេះការបង្កើន និងពង្រឹងផលិតផលក្នុងឃុំ-ភូមិ ជារឿងចាំបាច់ក្នុងការប្រែក្លាយសហគមន៍មួយឱ្យមានភាពធន់មាំស៊ាំទៅនឹងស្ថានការណ៍ដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។
សួមបញ្ជាក់ផងដែរថា នេះជាលើក៥ហើយ ក្នុងសម្មភាពយុទ្ធនាការប្រយុទ្ឋប្រឆាំងជំងឺកូវីដ-១៩ ក្នុងស្រុកលើកដែក ដោយលើកទី១ កាលពីថ្ងៃទី២៩ ខែមីនា លើកទី២ ថ្ងៃទី០៤ ខែមេសា លើកទី៣ ថ្ងៃទី១១ មេសា និងលើកទី ៤ ថ្ងៃទី១៤ មេសា ឆ្នាំ២០២០។ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី រួមទាំងក្រុមការងារជួយស្រុកលើកដែក និងសប្បុរសជននានា បានឧបត្ថម្ភថវិកា ស្បៀងឧបភោគបរិភោគ សម្ភារ: និងបរិក្ខាពេទ្យមួយចំនួន ដល់ស្រុកដើម្បីយកទៅចាត់ចែងតាមឃុំ -ភូមិ។ ដោយឡែក ជំនួយឧបត្ថមនាពេលនេះ សរុបរួមមានថវិកា ៣៨,៤០០,០០០រៀល អង្ករ ៩តោនកន្លះ អំបិល ៣០យួរ ទឹកស៊ីអ៊ីវ ៣០យួរ ទឹកត្រី ៣០យួរ ទឹកបរិសុទ្ធ វីតាល់ ៣០កេស មីរូបតុក្កតា ៣០កេស ជេលលាងដៃ ២០កេស និងម៉ាស៊ីនបាញ់អាកុលសម្លាប់មេរោគ១គ្រឿង៕