(ភ្នំពេញ)៖ ដោយសារវិបត្តិនៃជំងឺកូវីដ១៩ អាជីវកម្មទេសចរណ៍ទាំងឡាយនៅទូទាំងប្រទេសដែលត្រូវបានផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្មមានចំនួនសរុប ២,៨៦៥ទីតាំង ដោយបានធ្វើឱ្យប៉ះពាល់ការងាររបស់បុគ្គលិកចំនួន ៤៦,៣៦៩នាក់ ចំណែកឯមគ្គុទ្ទេសក៍ទេសចរណ៍ដែលបានព្យួរអាជ្ញាបណ្ណទេសចរណ៍មានសរុបចំនួន ៩៦នាក់។

បើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដែលបានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នាថ្ងៃទី២៩ ខែមេសានេះ បានឱ្យដឹងថា «គិិតត្រឹមថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ អាជីវកម្មទេសចរណ៍ដែលត្រូវបានបិទ (បិទដោយការផ្អាកដំណើរការ និងបិទបញ្ចប់អាជីវកម្ម) នៅទូទាំងប្រទេសមានចំនួនសរុប ២,៨៦៥ ទីតាំង ស្មើនឹង ២៩.៥៧% ធៀបនឹងទីតាំងអាជីវកម្មទេសចរណ៍សរុបដែលមាន ៩,៦៨៩ ទីតាំង (សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា ស្ប៉ា ទីភ្នាក់ងារទេសចរណ៍ ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀហ្គាឌិន និងកីឡាទេសចរណ៍) និងប៉ះពាល់ដល់បុគ្គលិកចំនួន ៤៦,៣៦៩ នាក់ ស្មើនឹង ៤២.៦% ធៀបនឹងបុគ្គលិកសរុប ១០៨,៨៤៧ នាក់ និងមគ្គុទ្ទេសក៍ទេសចរណ៍ព្យួរអាជ្ញាបណ្ណទេសចរណ៍សរុបចំនួន ៩៦ នាក់ ស្មើនឹង ១.៥% ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៦,៤១៦ នាក់»។

លោករដ្ឋមន្ត្រីបានថ្លែងលម្អិតទៀតថា៖

* ចំពោះសេវាកម្មស្នាក់នៅផ្នែកសណ្ឋាគារ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ២៨២ សណ្ឋាគារ (១៥,៤៨៨ បន្ទប់) ស្មើនឹង ២៧% ធៀបនឹងចំនួនសណ្ឋាគារសរុបដែលមាន ១,០៤៤ ទីតាំង (៤៨,៧៩១ បន្ទប់) និងប៉ះពាល់បុគ្គលិក ១៦,២០៣ នាក់ ស្មើនឹង ៤១% ធៀបនឹងបុគ្គលិកសរុប ៣៩,១៥១ នាក់។

* ចំពោះផ្ទះភ្ញៀវ (ផ្ទះសំណាក់) ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤០៥ ទីតាំង (៥,៦៤៤ បន្ទប់) ស្មើនឹង ១៥% ធៀបនឹងចំនួនផ្ទះភ្ញៀវសរុបដែលមាន ២,៦៤៣ ទីតាំង (៣៤,៩៥៧ បន្ទប់) និងប៉ះពាល់បុគ្គលិក ២,០៨៧ នាក់ ស្មើនឹង ១៩.៥% ធៀបនឹងបុគ្គលិកសរុប ១០,៦៦៩ នាក់។

* ចំពោះភោជនីយដ្ឋាន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៣៧១ ទីតាំង (១៧,០២៧ កៅអី) ស្មើនឹង ១០.៨% ធៀបនឹងចំនួន ភោជនីយដ្ឋានសរុបដែលមាន ៣,៤១៥ ទីតាំង (១៦៧,៦៣៨ កៅអី) ប៉ះពាល់បុគ្គលិក ៣,២០១ នាក់ ស្មើនឹង ១១.១១% ធៀបនឹងបុគ្គលិកសរុប ២៨,៧៣៨ នាក់។

* ចំពោះទីភ្នាក់ងារទេសចរណ៍ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៤៧ ទីតាំង ស្មើនឹង ៦.៤៧% ធៀបនឹងចំនួនអាជីវកម្មទីភ្នាក់ងារទេសចរណ៍សរុប ៧២៦ ទីតាំង ប៉ះពាល់បុគ្គលិក ២០៨ នាក់ ស្មើនឹង ៦% ធៀបនឹងបុគ្គលិកសរុប ៣,៤៤៤ នាក់។

* ចំពោះមគ្គុទ្ទេសក៍ទេសចរណ៍ បានព្យួរអាជ្ញាបណ្ណទេសចរណ៍នៅទូទាំងប្រទេសមានចំនួន ៩៦ នាក់ ស្មើនឹង ១.៥% ធៀបនឹងចំនួនមគ្គុទ្ទេសក៍ទេសចរណ៍សរុប ៦,៤១៦ នាក់។

* ចំពោះសេវាកម្សាន្តទេសចរណ៍មនុស្សពេញវ័យ (ខារ៉ាអូខេ រង្គសាលឌីស្កូតែក បៀហ្គាឌិន) ត្រូវបានបិទអាជីវកម្មទាំងស្រុងនៅទូទាំងប្រទេសមានចំនួន ១,១៤៧ ទីតាំង ប៉ះពាល់បុគ្គលិកសរុប ១៨,២០៤ នាក់។ ប្រភេទសេវាកម្មខារ៉ាអូខេ ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៨៨០ ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប ១៤,១៦១ នាក់ ប្រភេទសេវាកម្មរង្គសាលឌីស្កូតែក ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ២០០ ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប ៣,០៧៨ នាក់ ប្រភេទសេវាកម្មបៀហ្គាឌិន ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៦៧ ទីតាំង (ស្មើនឹង ១០០%) និងប៉ះពាល់បុគ្គលិកសរុប ៩៦៥ នាក់។

* ចំពោះសេវាកម្មស្ប៉ា និងម៉ាស្សា ត្រូវបានបិទនៅទូទាំងប្រទេសមានចំនួន ៥៩០ ទីតាំង (៤ ៦៤៤គ្រែ) ស្មើនឹង ៨៨% ធៀបនឹងចំនួន អាជីវកម្មស្ប៉ា និងម៉ាស្សាសរុបដែលមាន ៦៦៨ ទីតាំង (៥ ២៩៣ គ្រែ) ប៉ះពាល់បុគ្គលិក ៥,៩៤៨ នាក់ ស្មើនឹង ៩៥% ធៀបនឹងបុគ្គលិកសរុប ៦,២៤៧ នាក់។

* ចំពោះអាជីវកម្មកីឡាទេសចរណ៍ (កីឡាប៊ូលីង អាងហែលទឹក ទូកកៃយ៉ាក់ បាឡុងបង្ហោះ ស្នូកឃ័រ ម៉ាស៊ីនហ្គេម) ត្រូវបានផ្អាកបណ្តោះអាសន្ននៅទូទាំងប្រទេសមានចំនួន ២៣ ទីតាំង ស្មើនឹង ៥០% ធៀបនឹងចំនួនអាជីវកម្មកីឡាទេសចរណ៍សរុប ៤៦ ទីតាំង និងប៉ះពាល់បុគ្គលិក ៥១៨ នាក់ ស្មើនឹង ២២% ធៀបនឹងបុគ្គលិកសរុប ២,៣២២ នាក់។

លោក ថោង ខុន បានបញ្ជាក់ទៀតថា ដោយអនុវត្តតាមវិធានការជាអាទិភាពជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីសម្រាលការលំបាក និងជួយដល់វិស័យឯកជន កម្មករនិយោជិត ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឹកូវីដ១៩ ក្រសួងទេសចរណ៍បានជំរុញអនុវត្តវិធានការបន្ទាន់មួយចំនួនដូចខាងក្រោម៖

១៖ ក្រសួងទេសចរណ៍បានចេញសេចក្តីណែនាំស្តីពី ការអនុវត្តវិធានការបន្ថែមរបស់រាជរដ្ឋាភិបាលដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយ និងជូនដំណឹងដល់ម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងទីភ្នាក់ងារទេសចរណ៍ដែលបានព្យួរ ឬនឹងត្រូវព្យួរដាក់ពាក្យស្នើសុំព្យួរកិច្ចសន្យាការងារនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬតាមរយៈមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់រយៈពេលពីរខែពីរាជរដ្ឋាភិបាល ដោយមិនភ្ជាប់លក្ខខណ្ឌតម្រូវឱ្យកម្មករ និយោជិតចូលរួមវគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) រយៈពេលខ្លីដែលមានកក្នុងវិធានការអន្តរាគមន៍ ជុំទី១ និងជុំទី២ នោះទេ។ ចំពោះមុខអនុវត្តតែចំពោះរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត និងចំពោះតែអាជីវកម្មដែលបានដាក់ពាក្យព្យួរកិច្ចសន្យាការងារស្របតាមការណែនាំរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈតែប៉ុណ្ណោះ។

២៖ ស្របពេលនឹងស្ថានភាពនៅទំនេររបស់កម្មករនិយោជិត និងដើម្បីប្រែក្លាយស្ថានភាពប្រឈមបច្ចុប្បន្ន ជាឱកាសក្នុងការពង្រឹង និងអភិវឌ្ឍសមត្ថភាពអ្នកជំនាញទេសចរណ៍ និងសិស្សនិស្សិត ក្រសួងទេសចរណ៍បាននិងកំពុងជំរុញរៀបចំកម្មវិធីសិក្សាជំនាញវិជ្ជាជីវៈទេសចរណ៍តាមអនឡាញ សម្រាប់អ្នកបម្រើការនៅក្នុងវិស័យទេសចរណ៍ ក៏ដូចជាសម្រាប់សិស្សនិស្សិតដែលសិក្សានៅតាមគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ អាចសិក្សាបាននៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលាបាន៕