(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាពីររូបទៀត ទទួលបានគ្រឿងឥស្សរិយយសនិទាឃរដូវឆ្នាំ២០២០ ពីរដ្ឋាភិបាលជប៉ុន សម្រាប់កិច្ចប្រឹងប្រែងរួមចំណែកក្នុងការលើកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់កម្ពុជាទាំងពីររូបដែលទទួលបានគ្រឿងឥស្សរិយយសនិទាឃរដូវពីរដ្ឋាភិបាលជប៉ុន រួមមាន៖ លោក ឯក សុនចាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍។
លោក ឯក សុនចាន់ ទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon»។ គ្រឿងឥស្សរិយយសនេះ ជាការទទួលស្គាល់ការចូលរួមចំណែករបស់លោក ឯក សុនចាន់ ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជា លើការផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុង។
ដោយឡែកលោក លូ គឹមឈុន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទទួលបានគ្រឿងឥស្សរិយយស «The Order of the Rising Sun, Gold Rays with Neck Ribbon»។ គ្រឿងឥស្សរិយយសនេះ ជាការទទួលស្គាល់ការចូលរួមចំណែករបស់ លោក លូ គឹមឈុន ក្នុងការលើកកម្ពស់ចំណងមិត្តភាពរវាងប្រទេសជប៉ុន និងកម្ពុជាក្នុងវិស័យអភិវឌ្ឍន៍កំពង់ផែ។
ស្ថានទូតជប៉ុន នៅកម្ពុជា បានឱ្យដឹងថា គ្រឿងឥស្សរិយជននិទាឃរដូវ ជាការទទួលស្គាល់គុណសម្បត្តិរបស់បុគ្គលដែលបានបម្រើផលប្រយោជន៍សាធារណៈ ឬប្រទេសជាតិ និងសមិទ្ធផលដ៏លេចធ្លោរបស់ពួកគាត់នៅក្នុងវិស័យផ្សេងៗនៅក្នុងសង្គម។
មានឥស្សរជន និងបុគ្គលល្បីៗនៅកម្ពុជាជាច្រើនរូបមកហើយ ត្រូវបានរដ្ឋាភិបាលជប៉ុន ផ្តល់ជូននូវគ្រឿងឥស្សរិយយសនេះ៕