(អាស៊ាន)៖ ក្រោយបើកកិច្ចពិភាក្សាពិសេស (M-ATM) ស្តីពីជំងឺកូវីដ១៩ ជាមួយបណ្ដារដ្ឋមន្ត្រីទេសចរណ៍អាស៊ាន នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះរួចមក អគ្គលេខាធិការអាស៊ាន លោក លីម ចុកហូយ (LIM Jock Hoi) បានចេញសេចក្តីរាយការណ៍ស្តីពីវិធានការ និងយន្តការអាស៊ានក្នុងការដោះស្រាយវិបត្តិកូវីដ-១៩ ដើម្បីស្រោចស្រង់វិស័យវិស័យទេសចរណ៍ ក្នុងតំបន់ឱ្យមានភាពប្រសើរបណ្ដើរៗមកវិញ។
លោក លីម បានឱ្យដឹងថា បច្ចុប្បន្នជំងឺរាតត្បាតសកលមួយនេះនៅតែបន្តធ្វើឱ្យពិភពលោក និងតំបន់អាស៊ានមានភាពច្របូកច្របល់។ វាបានឆក់យកអាយុជីវិតមនុស្សជាច្រើន ព្រមទាំងបានរំខានដល់ វិស័យសេដ្ឋកិច្ចរបស់អាស៊ានថែមទៀតផង។ នៅក្នុងតំបន់អាស៊ាន ករណីស្លាប់ប្រមាណ ១,៨០០ករណី និងករណីឆ្លងប្រមាណ ៤៥,០០០នាក់ ត្រូវបានកត់ត្រា និងធ្វើបច្ចុប្បន្នភាព ហើយរហូតមកដល់ពេលនេះមនុស្សរាប់លាននាក់នៅតែស្ថិតនៅក្នុងហានិភ័យនៃការឆ្លង។
នៅទូទាំងតំបន់ វិធានការសុខភាពត្រូវបានពង្រីកគួរឲ្យកត់សម្គាល់ រួមមាន៖ ការបិទប្រទេស និងការធ្វើចត្តាឡីស័កជាដើម ត្រូវបានអនុវត្តនៅក្នុងបណ្តាប្រទេសជាច្រើន ដើម្បីទប់ស្កាត់ការរីករាល ដាលនៃវីរុស និងបន្តការពារជីវិត និងជីវភាពរបស់ប្រជាជន។
ទោះបីជាមានបញ្ហាទាំងអស់នេះក៏ពិតមែន ប៉ុន្តែវិបត្តិសុខភាពនេះបាននិងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជន និងវិស័យសេដ្ឋកិច្ចរបស់អាស៊ាន រាប់ចាប់ពីការរំខានដល់ចង្វាក់ពាណិជ្ជកម្ម ការផ្គត់ផ្គង់ ការបិទអាជីវកម្ម រហូតដល់ការបាត់បង់ការងារជាដើម។
ជាការពិតណាស់ នៅក្នុងវិស័យដែលរងការវាយប្រហារខ្លាំងបំផុត ដូចជា អាជីវកម្ម បដិសណ្ឋារកិច្ច ដឹកជញ្ជូន និងទេសចរណ៍ អាជីវកម្មខ្នាតតូចមួយចំនួនធំកំពុងដំណើរការ ហើយកម្មកររាប់ពាន់នាក់មានការងារធ្វើ។ ប៉ុន្តែចាប់តាំងពីពេលដែលអាស៊ានប្រឈមមុខនឹងជំងឺរាតត្បាតនេះមក ការប្តេជ្ញាចិត្តក្នុងតំបន់ដើម្បីប្រយុទ្ធនឹងជំងឺនេះ គឺនៅតែមានភាពខ្លាំងក្លា។ ជាក់ស្តែង បណ្តាប្រទេសអាស៊ានសុទ្ធតែអាចឆ្លើយតបជាមួយនឹងសកម្មភាពដែលមានការសម្រេចចិត្ត គោលដៅ និងវិធានការ។ លោកមានទំនុកចិត្តថា តំបន់អាស៊ានអាចជម្នះបញ្ហាប្រឈមនេះបាន។
លោក លីម បានបន្តថា ចាប់តាំងពីមានការផ្ទុះឡើងនៃជំងឺនេះមក បណ្តាប្រទេសអាស៊ានបានចាត់វិធានការទាន់ពេលវេលា និងមានទំនួលខុសត្រូវក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ កិច្ចសហប្រតិបត្តិការវិស័យសុខាភិបាលអាស៊ានបានបង្កើតយន្តការត្រៀមឆ្លើយតបថ្នាក់ជាតិ និងតំបន់ ចំពោះការគំរាមកំហែងជាសាធារណៈ ដែលលទ្ធផលបង្ហាញអំពីការរកឃើញករណីឆ្លងភ្លាមៗ ការផ្តល់សេវាវេជ្ជសាស្ត្រ ការតាមដាន និងការលើកកម្ពស់ការយល់ដឹងជាសាធារណៈ និងការទំនាក់ទំនងជាដើម។ ក្នុងសកម្មភាពទាំងអស់នេះ វិស័យទេសចរណ៍ គឺជាវិស័យដំបូងគេដែលបានឆ្លើយតបដោយបានចេញនូវសេចក្តីថ្លែងការណ៍ ព្រមទាំងដំបូន្មានអំពីការធ្វើដំណើរផងដែរ។
ចំពោះការឆ្លើយតបផ្នែកនយោបាយ ក៏មានភាពរឹងមាំ និងទាន់ពេលវេលាដែរ។ នៅដើមខែកុម្ភៈ ថ្នាក់ដឹកនាំរបស់អាស៊ានបានចេញនូវសេចក្តីប្រកាសរបស់ប្រធានអាស៊ាន ស្តីពីតម្រូវការការឆ្លើយតបជាសមូហភាពប្រឆាំងនឹងរោគរាតត្បាត តាមរយៈការចែករំលែកព័ត៌មាន និងការសម្របសម្រួលលើកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងថ្នាក់តំបន់។
កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២០ ថ្នាក់ដឹកនាំរបស់អាស៊ានបានចេញសេចក្តីថ្លែងការណ៍នៃកិច្ចប្រជុំកំពូលអាស៊ានពិសេស ស្តីពីកូវីដ-១៩ ដែលបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តធ្វើការរួមគ្នា ដើម្បីដោះស្រាយផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ ថ្នាក់ដឹកនាំក៏បានគាំទ្រលើការបង្កើតមូលនិធិសម្រាប់ឆ្លើយតបកូវីដ-១៩ របស់អាស៊ាន ដើម្បីប្រឆាំងនឹងកូវីដ-១៩ ហើយបានយល់ព្រមឯកភាពឱ្យរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានរៀបចំផែនការបន្ទាប់ពីជំងឺរាតត្បាតបញ្ចប់ (Post-Recovery Plan)។
ម្យ៉ាងទៀត ថ្នាក់ដឹកនាំទាំងអស់បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ក្រុមការងារ ក្រុមប្រឹក្សាអាស៊ាន សម្របសម្រួលភាពអាសន្នលើសុខភាពសាធារណៈ (ACCWG-PHE) ដើម្បីគាំទ្រក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការឃ្លាំមើល ការសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងរវាងសសរស្តម្ភ ក្នុងការឆ្លើយតបទៅនឹងកូវីដ-១៩ និងបង្ហាញបញ្ហាប្រឈមខាងផ្នែក សេដ្ឋកិច្ចសង្គម។
ចំពោះផ្នែកសេដ្ឋកិច្ចវិញ រដ្ឋមន្ត្រីសេដ្ឋកិច្ចរបស់អាស៊ានបានបញ្ជាក់ជាថ្មី អំពីសកម្មភាពបន្ថែមទៀតដើម្បីលើកកម្ពស់ភាពរឹងមាំនៃសេដ្ឋកិច្ចក្នុងតំបន់ ដោយរក្សាទីផ្សារបើកចំហ ពង្រឹងការតភ្ជាប់ខ្សែចង្វាក់ផ្គត់ផ្គង់ និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូចគ្នានេះដែរ រដ្ឋមន្រ្តីកសិកម្មរបស់អាស៊ានក៏បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខស្បៀងនៅពេលដែលមានជំងឺរាតត្បាតកើតឡើង។ សូម្បីតែដៃគូរបស់អាស៊ានដែលមកពីប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការអន្តរជាតិដទៃទៀត បាននិងកំពុងសហការជាមួយអាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ។
ជាក់ស្តែង ក្នុងក្របខ័ណ្ឌអាស៊ានបូក៣ មន្ត្រីសុខាភិបាលបាននិងកំពុងធ្វើការជាមួយគ្នា ដើម្បីសម្រួលដល់ការអភិវឌ្ឍដ៏ឆាប់រហ័ស និងចែកចាយឧបករណ៍វិនិច្ឆ័យរោគ ថ្នាំប្រឆាំងនឹងមេរោគ និងវ៉ាក់សាំងនៅក្នុងអាស៊ាន។
នាកិច្ចប្រជុំកំពូលពិសេសអាស៊ានបូកបីស្តីពីជម្ងឺកូវីដ-១៩ កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ថ្នាក់នាំអាស៊ាន ចិន ជប៉ុន និងកូរ៉េ បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ចូលរួមជាមួយអាស៊ានក្នុងការអនុវត្តវិធានការរួម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ-១៩ និងធ្វើការឈ្ពោះទៅការស្តារឡើងវិញ បន្ទាប់ពីការរាតត្បាតនៃជំងឺនេះត្រូវបានបញ្ចប់ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងភាពរឹងមាំសេដ្ឋកិច្ច ស្តារកំណើនឡើងវិញ ការតភ្ជាប់ និងទេសចរណ៍ រក្សាស្ថិរភាព ទីផ្សារ និងទប់ស្កាត់ហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ច។
ជាថ្មីម្តងទៀត ការស្តារឡើងវិញនៃវិស័យទេសចរណ៍ ត្រូវបានបញ្ជាក់ថាជាវិស័យអាទិភាពបន្ទាន់មួយ តម្រូវឲ្យមានការសម្របសម្រួលសកម្មភាពក្រោមកិច្ចសហប្រតិបត្តិការអាស៊ានបូក ៣។
នេះគឺជាកន្លែងដែលអាស៊ានកំពុងឈរ ក្នុងការឆ្លើយតបទៅនឹងរោគរាតត្បាតនេះ។ វាគឺពិតជាពេលវេលាមួយដែលមិនប្រាកដប្រជា ហើយបញ្ហាប្រឈមរបស់អាស៊ានពេលនេះគឺ អាស៊ាននៅមិនទាន់ដឹងពីជម្រៅ និងរយៈពេលនៃវិបត្តិនេះនៅឡើយទេ ដូច្នេះទំហំ និងភាពស្មុគស្មាញនៃវិបត្តិនេះក៏នៅតែមិនប្រាកដប្រជាដូចគ្នា។ កាន់តែអាក្រក់ជាងនេះទៅទៀតនោះ ផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចសង្គមនៃជំងឺរាតត្បាតនេះ កាន់តែអាក្រក់ទៅៗ។
លោកថា ដោយស្ថិតនៅក្នុងពេលមានវិបត្តិសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចអាស៊ានបច្ចុប្បន្នត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ១% តិចតួចបំផុតនៅក្នុងឆ្នាំនេះ។ វិស័យទេសចរណ៍របស់អាស៊ានក៏នឹងទទួលរងផលប៉ះពាល់ពីទស្សនវិស័យសេដ្ឋកិច្ចអវិជ្ជមាននេះផងដែរ។
យោងតាមរយៈអង្គការទេសចរណ៍ពិភពលោក តំបន់អាស៊ី-ប៉ាស៊ីហ្វិកនឹងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតពីជំងឺរាតត្បាត ដែលក្នុងនោះចំនួនភ្ញៀវទេសចរអន្តរជាតិនៅក្នុងតំបន់បានធ្លាក់ចុះពី ៩-១២ ភាគរយនៅឆ្នាំនេះ។ មិនជាចម្ងល់អ្វីនោះទេដែលថា ខែខាងមុខនេះអាចនឹងមានការលំបាកអ្វីផ្សេងទៀតកើតឡើងនោះ ប៉ុន្តែតំបន់អាស៊ាននេះត្រូវតែបន្តឆ្លើយតបជាសមូហភាពជានិច្ច។
*ចំណុចទី១៖ សកម្មភាពគោលនយោបាយ ត្រូវតែពង្រឹង និងសម្របសម្រួលឱ្យទាន់ពេលវេលា។ បន្ថែមពីលើវិធានការទប់ស្កាត់ចាំបាច់នានា ដូចជាការបង្កើនការចំណាយលើការថែទាំសុខភាព ដើម្បីសង្គ្រោះអាយុជីវិត ការស្ដារជីវភាពគ្រួសារ អាជីវកម្មក៏ជាការកត្តាចាំបាច់មួយផងដែរ។
វិស័យទេសចរណ៍របស់អាស៊ានគួរតែអាចបង្កើនតម្រូវការ និងធ្វើឱ្យអាជីវកម្មវិលត្រលប់មករកភាពប្រក្រតីវិញបាន ដោយគាំទ្រគោលនយោបាយមួយចំនួន ដូចជា ការផ្តល់ប្រាក់ឧបត្ថម្ភប្រាក់ឈ្នួល ការផ្ទេរសាច់ប្រាក់ និងប្រាក់កម្ចីសម្រាប់អាជីវកម្ម។ នេះគឺជាសកម្មភាពចាំបាច់ណាស់ក្នុងការការពារគ្រួសារ និងអាជីវកម្មខ្នាតតូចនៅក្នុងវិស័យទេសចរណ៍ ដែលប្រឈមនឹងជំងឺរាតត្បាតមួយនេះ។
*ចំណុចទី២៖ ដែលជាចំណុចសំខាន់មួយផងនោះ អាស៊ានត្រូវចាប់ផ្តើមគិតគូអំពីផែនការស្តារឡើងវិញសម្រាប់អាស៊ានក្រោយជំងឺឆ្លងនេះត្រូវបានបញ្ចប់។ អាស៊ានត្រូវពន្លឿនវិស័យសេដ្ឋកិច្ចរបស់ខ្លួនឱ្យបានឆាប់រហ័ស ដោយការស្ដារឡើងវិញនូវតម្រូវការផ្សេងៗ។
តាមរយៈការឆ្លងកាត់ផែនការស្តារឡើងវិញពេលមានវិបត្តិកន្លងទៅ ដូចជាការរីករាលដាលនៃជំងឺសារ (SARS) ក្នុងឆ្នាំ២០០៣ និងវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៨ វិស័យទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយសម្រាប់បង្កើតការងារ និងប្រាក់ចំណូល។ សម្រាប់ជំងឺរាតត្បាតនេះវិញ វាក៏មិនមែនជាករណីខុសគ្នាប៉ុន្មានដែរ វិស័យទេសចរណ៍គួរតែដើរតួយ៉ាងសំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញរបស់តំបន់អាស៊ាន។
សេចក្តីប្រកាសរួមរបស់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីពង្រឹងវិស័យទេសចរណ៍អាស៊ានឱ្យមានភាពប្រសើរឡើងវិញនាថ្ងៃនេះ នឹងបញ្ជាក់ពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរបស់អាស៊ាន ដើម្បីធ្វើការឆ្ពោះទៅរកការស្តារឡើងវិញនៃវិស័យទេសចរណ៍អាស៊ាន ក៏ដូចជាតំបន់អាស៊ានទាំងមូល។
លោក លីម ចុកហូយ បានលើកទឹកចិត្តឱ្យមន្រ្តីរបស់អាស៊ានចាប់ផ្តើមធ្វើការវាយតម្លៃឱ្យបានត្រឹមត្រូវអំពីផលប៉ះពាល់នៃជំងឺរាតត្បាតមួយនេះ មកលើវិស័យទេសចរណ៍ និងបង្កើតយុទ្ធសាស្ត្ររយៈពេលវែងសម្រាប់វិស័យទេសចរណ៍ដែលមានភារឹងមាំ និងនិរន្តរភាពនៅក្នុងតំបន់។
លើសពីនេះ លោកបានលើកទឹកចិត្តឱ្យបង្កើនការចែករំលែកព័ត៌មាន និងផ្លាស់ប្តូរការអនុវត្តល្អៗ ដើម្បីជួយដល់វិស័យទេសចរណ៍អាស៊ានឱ្យឆ្លើយតបបានកាន់តែប្រសើរឡើង ចំពោះជំងឺរាតត្បាតផ្សេងៗទៀតនាពេលអនាគត។
បន្ថែមលើនេះទៅទៀតនោះ លោក លីម បានបន្តលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទាំងអស់គ្នាធ្វើការរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩នេះ ដោយមានសាមគ្គីភាព ការប្តេជ្ញាចិត្ត និងសេចក្តីសង្ឃឹម តំបន់អាស៊ាននឹងទទួលបានជោគជ័យជាក់ជាមិនខាន៕
ខាងក្រោមនេះជាខ្លឹមសារលម្អិតក្នុងសេចក្ដីរាយការណ៍របស់អគ្គលេខាធិការអាស៊ាន លោក លីម ចុកហូយ៖