(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៅនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចុះផ្តល់សេវាពន្ធដារ លើការប្រគល់បណ្ណសម្គាល់ ការបង់ពន្ធអចលនទ្រព្យ នៅរាជធានីភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីសម្រួលដល់ការបង់ពន្ធ លើអចលនទ្រព្យប្រចាំឆ្នាំ អគ្គនាយកដ្ឋានពន្ធដារ បានរៀបចំបោះពុម្ព បណ្ណសម្គាល់ការបង់ពន្ធ អចលនទ្រព្យ (កាតអចលនទ្រព្យ) និងផ្តល់ជូនម្ចាស់អចលនទ្រព្យដែល បានធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យ និងបានបង់ប្រាក់កម្រៃសេវា ៥,០០០រៀល ដើម្បីស្នើសុំធ្វើកាតអចលនទ្រព្យ។
ជាមួយគ្នានេះ ក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួន ដែលបានបង់ប្រាក់កម្រៃសេវា និងបានស្នើសុំធ្វើកាតអចលនទ្រព្យរួចហើយ ប៉ុន្តែពុំទាន់ទទួលបានកាត អចលនទ្រព្យនៅឡើយ ដោយរដ្ឋបាលសារពើពន្ធពុំអាចធ្វើការទំនាក់ទំនងម្ចាស់ អចលនទ្រព្យបាន និងម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅពុំទាន់បានអញ្ជើញ មកទទួលយកកាតអចលនទ្រព្យពី រដ្ឋបាលសារពើពន្ធ។
ដូច្នេះ ដើម្បីជំរុញការប្រគល់កាតអចលនទ្រព្យ ដែលបានបោះពុម្ពខាងលើ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះផ្តល់ សេវាប្រគល់កាតអចលនទ្រព្យដល់ទីតាំង ដែលអចលនទ្រព្យស្ថិតនៅ ឬម្ចាស់អចលនទ្រព្យអាចអញ្ជើញមកទទួលយក កាតអចលនទ្រព្យដោយផ្ទាល់ នៅបញ្ជរលេខ ២០, ២១ និងលេខ ២២ នៃអគ្គនាយកដ្ឋានពន្ធដារ រៀងរាល់ម៉ោងធ្វើការ និងសូមផ្តល់ព័ត៌មានមួយចំនួន ដូចជា បង្កាន់ដៃបង់ប្រាក់ពន្ធចុងក្រោយ (ថតចម្លង) ឬឈ្មោះម្ចាស់អចលនទ្រព្យ ឬអត្ត សញ្ញាណកម្មអចលនទ្រព្យ (PIN) ដើម្បីឲ្យរដ្ឋបាលសារពើពន្ធងាយស្រួល ស្វែងរកកាតអចលនទ្រព្យជូនបានឆាប់រហ័ស។
អគ្គនាយកដ្ឋានពន្ធដារ បានបន្ថែមទៀតថា ចំពោះម្ចាស់អចលនទ្រព្យ ដែលពុំទាន់បានស្នើសុំកាតអចលនទ្រព្យ សូមអញ្ជើញរួសរាន់ស្នើសុំចុះបញ្ជី និងធ្វើបច្ចុប្បន្នភាព ព័ត៌មានអចលនទ្រព្យ និងបង់ប្រាក់កម្រៃសេវា ៥,០០០រៀល ដើម្បីស្នើសុំធ្វើកាតអចលនទ្រព្យ នៅនាយកដ្ឋាន ពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌ ដែលអចលនទ្រព្យនោះស្ថិតនៅ ដើម្បីរដ្ឋបាលសារពើពន្ធបោះពុម្ពកាតអចលនទ្រព្យជូនភ្លាមៗ៕
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ៖