(កំពង់ស្ពឺ)៖ នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានរៀបចំពិធីផ្សព្វផ្សាយការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមខ្លឹមសារសង្ខេប អនុក្រឹត្យស្តីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោក (អនុក្រឹត្យលេខ៣៩)។
កិច្ចប្រជុំមានការចូលរួម មេបញ្ជាការរង, លោកនាយរងសេនាធិការ, ប្រធានមន្ទីរស្តីទីទាំង៥, នាយលេខាធិការដ្ឋាន, នាយការិយាល័យជំនាញ, មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក ទាំង៨, ប្រធានស្នាក់ការសន្តិសុខ និងមេបញ្ជាការកងអនុសេនាធំចល័ត។
ក្នុងពិធីផ្សព្វផ្សាយ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានបញ្ចាំងស្លាយដោយផ្តោតលើការងារចរាចរណ៍ និងច្បាប់ស្តីពីការពិន័យអន្តរការណ៍ ព្រមជាមួយផ្សព្វផ្សាយអនុក្រឹត្យរឹតបន្តឹងច្បាប់ ចរាចរណ៍ផ្លូវគោក ចំពោះការពិន័យអន្តរកាលល្មើសច្បាប់ចរាចរណ៍ផ្លូវគោក។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងបន្ថែមថា «ក្នុងនាមជាកងកម្លាំងត្រូវនាំគ្នាគោរពឲ្យបាននៅច្បាប់ចរាចរណ៍ផ្លូវគោក ហើយចូលរួមសហការទប់ស្កាត់បទល្មើសចរាចរណ៍ ជាមួយជំនាញមន្ត្រីនគរបាលចរាចរណ៍នៅពេលមានការស្នើសុំ»។
លោកមេបញ្ជាការបានសង្កត់ធ្ងន់ថា ហាមដាច់ខាតចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺទាំងអស់ កុំយកបុណ្យស័ក្កិ អំណាចរបស់ខ្លួនទៅប្រព្រឹត្តក្នុងរឿង មិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងនាមខ្លួនជាមន្ត្រីនគរបាលយុត្តិធម៍ បម្រើផលប្រយោជន៍សង្គមជាតិ បម្រើផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ៕