(បន្ទាយមានជ័យ)៖ ក្រោយជនរងគ្រោះ ផន សំអុន ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅមណ្ឌល៦ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដាក់ពាក្យប្តឹងករណីបាត់ម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ ប/ជ 1T-7624 កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ កម្លាំងអាវុធហត្ថបានស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យម្នាក់។
ក្រោយពីទទួលបានពាក្យបណ្ដឹង លោកវរសេនី៍យ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង បានចាត់តាំងកម្លាំង ចុះស្រាវជ្រាវរហូតឈាន ដល់ការឃាត់ខ្លួន បានជនសង្ស័យឈ្មោះ ធឿង ធី ហៅអាបាវ អាយុ២១ឆ្នាំ ទីលំនៅមិនពិតប្រាកដ នៅវេលាម៉ោង១៦៖០០នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ នៅចំណុចនាគទិព្វ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខណៈជនសង្ស័យ កំពុងជិះម៉ូតូបម្រុងយកទៅលក់ ហើយបញ្ជូនមកបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្រោយពីកម្លាំងជំនាញសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបគេបានលួចយកម៉ូតូ ដែលមានភិនភាគ ដូចខាងលើពិតប្រាកដមែន ដោយសារខ្លួនគេ ឃើញម៉ូតូដាក់នៅមុខផ្ទះហើយ មានទាំងសោរនៅជាប់នឹងម៉ូតូស្រាប់។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងទៀតថា ក្រោយពីបានចម្លើយសារភាព និងមានវត្ថុតាងស្រាប់ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនមកបញ្ជាការដ្ឋាន អាវុធហត្ថខេត្ត ចាត់ការបន្ត។ ចំណែកម៉ូតូដែលដកហូត បានពីជនសង្ស័យត្រូវបានកម្លាំង អាវុធហត្ថ ក្រុង ប្រគល់ឲ្យម្ចាស់ដើមវិញហើយ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាន កម្លាំងជំនាញព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធី៕