(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ របាយការណ៍ពីក្រសួងសុខាភិបាល បានបង្ហាញឲ្យដឹងថា សប្បុរជននានាដែលបានចូលរួមជួយឧបត្ថម្ភ ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ បានកើនដល់ ១៤,០១១,៥៥៧ ដុល្លារសហរដ្ឋអាមេរិក។
របាយការណ៍ពីក្រសួងសុខាភិបាលក៏បានបញ្ជាក់ផងដែរថា ថវិកាចំណូលទាំងអស់ ១៤,០១១,៥៥៧.០៤ ដុល្លារសហរដ្ឋអាមេរិក (គិតត្រឹមថ្ងៃទី២៨ មេសានេះ) បានចំណាយក្នុងការបញ្ជាទិញសម្ភារៈពេទ្យផ្សេង អស់ចំនួន ៧,៥១០,៥៤៦.៥៦ដុល្លារ នៅសល់ចំនួន ៦,៥០១,០១០.៤៨ដុល្លារអាមេរិក។
ក្រៅពីសប្បុរសជននានាចូលរួមឧបត្ថម្ភ, គិតត្រឹមថ្ងៃទី២៨ ខែមេសា មានថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈចំនួន ៦៦ ៧១៤នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៤១ បានចូលរួមវិភាគទានប្រាក់បៀវរត្សដោយស្ម័គ្រចិត្ត ជូនមូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានចំនួនទឹកប្រាក់សរុប កើនដល់ ៣៨ ១៦៥ ០៥៣ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក។
ដូច្នេះទឹកប្រាក់ដែលបានជួយដល់មូលនិធិប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ គិតត្រឹមថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ រួមមានពីរប្រភព៖
ទី១៖ ឧបត្ថម្ភពីសប្បុរសជននានា សរុបចំនួន ១៤,០១១,៥៥៧ ដុល្លារសហរដ្ឋអាមេរិក។
ទី២៖ ថ្នាក់ដឹកនាំ និងមន្រ្តីសាធារណៈបរិច្ចាគប្រាក់បៀរវត្ស ចំនួន ៣៨ ១៦៥ ០៥៣ ៣៦៧រៀល ឬប្រហែល ៩.៣លានដុល្លារសហរដ្ឋអាមេរិក៕