(ឧត្តរមានជ័យ)៖ សមត្ថកិច្ចថៃ បានបញ្ជូនខ្លួនពលរដ្ឋខ្មែរ ៤នាក់ មកឲ្យសមត្ថកិច្ចកម្ពុជា នៅច្រកព្រំដែនអន្តរជាតិជាំ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ បន្ទាប់ពីជាប់ឃុំឃាំងជាច្រើនឆ្នាំពីបទឆ្លងដែនខុសច្បាប់។
បើតាមរបាយការណ៍របស់សមត្ថកិច្ចច្រកព្រំដែនអន្តរជាតិជាំ បានបញ្ជាក់ថា នៅវេលាម៉ោង១៖១៧នាទីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ អាជ្ញាធរថៃបានបញ្ជូនពលរដ្ឋខ្មែរ ៤នាក់ ដែលជាប់ឃុំឃាំងនៅខេត្តអ៊ូប៊ុន ប្រទេសថៃ មកឲ្យសមត្ថកិច្ចខ្មែរតាមច្រកព្រំដែនអន្តរជាតិជាំ។
ពលរដ្ឋខ្មែរទាំង ៤នាក់នេះរួមមាន៖
*ទី១៖ ឈ្មោះ ឃុន សន អាយុ៣៦ឆ្នាំ រស់នៅភូមិច្រេះ ឃុំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
*ទី២៖ ឈ្មោះ វណ្ណ ឌី អាយុ២៣ឆ្នាំ រស់នៅភូមិស្វាយ ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ជនទាំង២នេះ ត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូង តាមច្រកអានសេះ។
*ទី៣៖ ឈ្មោះ ធុង ធឿន អាយុ៥៥ឆ្នាំ រស់នៅភូមិ ឃុំលំហ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ត្រូវថៃចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ពីបទឆ្លងដែនខុសច្បាប់ចូលកាប់ឈើគ្រញូងតាមច្រកអានសេះ។
*ទី៤៖ ឈ្មោះ សុខ សុគុណរត្ន័ អាយុ២៨ឆ្នាំ រស់នៅភូមិ ឃុំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានថៃចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៧ ពីបទឆ្លងដែនចូលកាប់ឈើគ្រញូងចូលតាមច្រកមុំ៣។
ក្រោយពីបានវាស់កំដៅ និងសំអាតខ្លួនប្រាណដោយទឹកអាល់កុល ដើម្បីការពារជំងឺកូវីដ១៩ សមត្ថកិច្ចបានធ្វើការណែនាំ និងបានអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕