(កំពង់ធំ)៖ លោក ហាក់ ម៉ូវសេង ប្រធានក្រុមប្រឹក្សាស្រុក និងលោក អួង សារឿន អភិបាលស្រុកបារាយណ៍ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឲ្យចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅភូមិចំនួន៥ មានភូមិល្បើក ភូមិតាពៅ ភូមិអន្លង់វែង ភូមិអន្លង់ថ្ម និងភូមិពោន នៅក្នុងឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

លោក អួង សារឿន បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ព័ន្ធទាំងអស់ និងប្រជាពលរដ្ឋ ដែលចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទោះបីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាមានការធូរស្រាលក៏ដោយ ពិសេសការដាក់ឱ្យនៅដាច់ដោយឡែក១៤ថ្ងៃ ដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់មកពីធ្វើការនៅក្រៅប្រទេសដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។

លោកអភិបាលស្រុក ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសម្អាត និងរក្សាអនាម័យជាប្រចាំ តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយលាងដៃ ជាមួយនឹងសាប៊ូឱ្យបានញឹកញាប់ អាល់កុល និងជែលលាងដៃ មុនពេលនិងក្រោយពេលចាប់កាន់របស់ផ្សេងៗព្រមទាំងពាក់ម៉ាស់ ឬក្រម៉ានៅពេលធ្វើដំណើរ ទៅទីសាធារណៈ ឬទៅផ្សារដើម្បីទប់ស្កាត់ការឆ្លងរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោកក៏បានអំពាវនាវ និងសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាព សុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផងនៅក្នុងកាលៈទេសៈ ដែលប្រទេសជាតិកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ជាមួយក្នុងការចុះផ្សព្វផ្សាយពីជំងឺកូវីដ១៩ អាជ្ញាធរស្រុកបានសួរសុខទុក និងចែកអំណោយមនុស្សធម៌ដល់គ្រួសារងាយរងគ្រោះ ចាស់ជរាគ្មានទីពឹងចំនួន ១៦គ្រួសារ គឺភូមិល្បើកចំនួន ៣គ្រួសារ ភូមិតាពៅចំនួន ៣គ្រួសារ ភូមិអន្លង់វែងចំនួន៣គ្រួសារ ភូមិអន្លុងថ្មចំនួន ៣គ្រួសារនិឱងភូមិពោនចំនួន ៤គ្រួសារ ដោយមួយគ្រួសារៗ ទទួលបានអង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករអំបិល ប៊ីចេង ប្រេងឆា សាប៊ូលាងដៃ និងថវិកា មួយចំនួនផងដែរ៕