(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារថ្នាក់ខេត្ត នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចុះចែកឧបករណ៍អគ្គិសនី ដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ជូនសម្បទានិក ចំនួន ៥៥៩គ្រួសារ និងត្រួតពិនិត្យស្ថានភាព នៃការអភិវឌ្ឍគម្រោងសេដ្ឋកិច្ចជំហាន២ (LASED II) កំពុងតែអភិវឌ្ឍន៍ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំ សាលារៀនមណ្ឌលសុខភាព ផ្សារ និងផ្ទះប្រជាពលរដ្ឋ ដែលកំពុងបន្តសាងសង់ ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្ល ខេត្តកំពង់ធំ។
លោក សុខ លូ បានលើកឡើងថា ផ្ទាំងសូឡា បានចែកជូនសម្បទានិកទាំង ៥៥៩គ្រួសារនេះ អាចប្រើប្រាស់បានច្រើនយ៉ាងដូចជា សាកថ្ម បំភ្លឺ និងអ្វីផ្សេងទៀត តាមតម្រូវការ។ លោកក៏បានលើកទឹកចិត្ត និងជំរុញ ឲ្យសម្បទានិក របស់គម្រោងត្រៀមលក្ខណៈ ចូលបង្កបង្កើនផលលើដីកសិកម្ម ដែលរាជរដ្ឋាភិបាល បានចែកជូន និងចូលទៅរស់នៅ ឲ្យបានគ្រប់ៗគ្រួសារ ដើម្បីផលប្រយោជន៍បងប្អូន ទៅអនាគតនិងទ្រទ្រង់ជីវភាពគ្រួសារផងដែរ។
លោកបន្តថា សម្បាទាននិកទាំងអស់មេត្តាបន្ត និងបង្កើនូវការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះវិធានការការពារការរីករាលដាល នៃជំងឺកូវីដ-១៩នេះ កុំមានការធ្វេសប្រហែសឲ្យសោះ បើទោះជាបច្ចុប្បន្ន ខេត្តកំពង់ធំ មិនទាន់មានអ្នកផ្ទុកមេរោគកូវីដ១៩នោះ ក៏មិនត្រូវភ្លេចខ្លួននោះដែរ និងត្រូវរក្សាអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ និងត្រូវពាក់ម៉ាស ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅ។
លោកបានបន្ថែមទៀតថា ប្រសិនបើមានសាច់ញាតិ ទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃសិន ចាំចូលមកស្និតស្នាល ជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាល នៃមេរោគកូវីដ១៩ នៅក្នុងសហគមន៍។
ក្នុងឱកាសនោះ អភិបាលខេត្ត និងក្រុមការងារ ក៏បានបន្តចុះពិនិត្យមើលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការរស់នៅរបស់សម្បទានិក នៅលើទីតាំងដីសម្ប ទានសង្គមកិច្ចផ្ទាល់ផងដែរ។ ហើយក៏បានជំរុញដល់អជ្ញាធរ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវបន្ដអប់រំណែនាំ ប្រជាពលរដ្ឋ និងបន្តយុទ្ធនាការ ចុះផ្សព្វផ្សាយ នៅតាមមូលដ្ឋាន ឲ្យបានកាន់តែផុលផុសអំពីវិធានការ ការពារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
គួររំលឹកថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅឃុំដូង បានអនុវត្តចាប់ពីឆ្នាំ២០១៦ ក្នុងនោះ សម្បទានិកទទួលបានដីលំនៅដ្ឋាន ៤០ម៉ែត្រ គុណ៣០ ម៉ែត្រ និងដីបង្កបង្កើនផល២ហិកតា។
ដើម្បីគាំទ្រដល់កិច្ចដំណើរការ ចូលសង់ជម្រកស្នាក់នៅ និងបង្កបង្កើនផលគម្រោង បានផ្ដល់ជូនសម្បទានិក ក្នុង១គ្រួសារ៖
*ទី១៖ កញ្ចប់សាងសង់ជម្រករួមមានស័ង្កសីចំនួន ៤០សន្លឹក
*ទី២៖ កញ្ចប់គាំទ្រកសិកម្ម មានកូនស្វាយចន្ទី ១៣០ដើម ដំណាំគម្របដី (គ្រាប់សណ្ដែកខៀវចំនួន២០គីឡូក្រាម) កូនឈើហូបផ្លែចំនួន៥មុខ ស្មើនឹង៥០ដើម គ្រាប់ពូជបន្លែ៦មុខ និងសម្ភារកសិកម្ម ចំនួន៨ប្រភេទ
*ទី៣៖ កញ្ចប់លំនៅដ្ឋានរួមមាន៖ អង្ករចំនួន២០០គីឡូក្រាម មុងចំនួន១ កន្ទេល១ តង់ប្លាស្ទិចចំនួន១ ធុងចម្រោះទឹកចំនួន១ និងធុងស្តុកទឹកចំណុះ ២០០លីត្រ ចំនួន១ផងដែរ៕