(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ពលករចំណាកស្រុក ដែលទើបធ្វើមាតុភូមិនិវត្តន៍ពីប្រទេសថៃ កុំទាន់អាលទៅថៃវិញ ព្រោះអាចត្រូវរងការចាប់ខ្លួន និងធ្វើឲ្យខាតបង់ពេលវេលាថែមទៀត ដោយសាររាជរដ្ឋាភិបាលនៃប្រទេសនេះ បានប្រកាសបន្តដាក់ប្រទេសឲ្យស្ថិតនៅក្នុងភាពអាសន្ន ១ខែទៀត។
នេះជាការអំពាវនាវរបស់លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ក្នុងឱកាសដែលគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បើកកិច្ចប្រជុំស្តីពីកិច្ចសហការក្នុងការឆ្លើយតប នឹងវិបត្តិកូវីដ១៩ ក្នុងចំណោមពលករចំណាកស្រុក និងសហគមន៍ នៅទីស្តីការក្រសួងមហាផ្ទៃ។
បើតាមលោកស្រី ជូ ប៊ុនអេង បានឲ្យដឹងថា គិតមកដល់ពេលនេះ មានពលករទេសន្តរប្រវេសន៍ បានធ្វើមាតុភូមិនិវត្តន៍មកកម្ពុជា ប្រមាណជា ៩ម៉ឺននាក់។ មន្ត្រីជាន់ខ្ពស់រូបនេះ បានដាស់តឿន ពលករទេសសន្តរប្រវេសន៍ថា ក្នុងពេលរាជរដ្ឋាភិបាលថៃ កំពុងប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងភាពអាសន្ន បើសិនជាពលករត្រឡប់ទៅវិញនោះ ច្បាស់ជាត្រូវអាជ្ញាធរគេចាប់ខ្លួន មានការពិន័យតាមច្បាប់របស់គេ ហើយនឹងបញ្ជូនមកវិញ ដែលធ្វើឲ្យខាតបង់ពេលវេលាទៅវិញទេ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនៅព្រឹកនេះ លោកស្រី ជូ ប៊ុនអេង បានលើកឡើងថា ខណៈពេលមានវិបត្តិកូវីដ១៩នេះ ពលករចំណាកស្រុក កំពុងមានការខ្វះខាត ហើយរាជរដ្ឋាភិបាល កំពុងសហការជាមួយអង្គការក្រៅរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហា តាមរយៈការផ្តល់របបគាំពារសង្គមដល់ពួកគាត់។ របបគាំពារសង្គមនេះ អាចនឹងចាប់ផ្តើមអនុវត្តន៍ ពីចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះ។
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថែមទាំងបានអំពាវនាវ និងលើកទឹកចិត្តទៅដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការដាំដុះបន្លែបន្ថែមនៅតាមទីលំនៅរៀងៗខ្លួនជាដើម ដើម្បីរកប្រាក់ចំណូលក្នុងគ្រួសារ បន្ថែមទៀត ជាពិសេសត្រូវមានការអត់ធ្មត់ចំពោះដំណាក់កាលដែលកម្ពុជា កំពុងជួបប្រទះបញ្ហាការរីករាលដាលនៃជំងឺកូវីដ១៩នេះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានបន្តប្រកាសដាក់ប្រទេសឲ្យស្ថិតក្នុងភាពអាសន្ន ចំនួន១ខែបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។ ប្រទេសនេះ ក៏បានដាក់ចេញវិធានការមួយចំនួន ក្នុងនោះប្រសិនបើជនណាល្មើស នឹងមានទោសជាប់ពន្ធនាការ១ឆ្នាំ ឬពិន័យជាប្រាក់ប្រមាណ ៤ម៉ឺនបាត។
ថ្មីៗនេះ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសថៃ មេត្តាបន្តចូលរួមសហការអនុវត្តន៍វិធានការនានា និងបម្រាមគោចរដែលដាក់ចេញដោយរាជរដ្ឋាភិបាលថៃ ឲ្យមានប្រសិទ្ធភាព និងសូមរក្សាសុខភាពអនាម័យ ដើម្បីបង្ការ និងទប់ស្កាត់ការវឹករាលដាលជំងឺកូវីដ១៩៕