(បន្ទាយមានជ័យ)៖ មានករណីផ្ទុះហិង្សារវាងក្រុមក្មេងស្ទាវ និងនគរបាលក្រុងប៉ោយប៉ែត ឈានដល់ផ្ទុះអាវុធប្រហែល ១០គ្រាប់ បណ្ដាលឲ្យបុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈមន្រ្តីនគរបាល បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ០១៖២០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០។
ប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាយប់នោះ គាត់កំពុងដេកលក់ជាធម្មតា ស្រាប់តែឮសម្លេងកាំភ្លើងទាំងគាត់ និងកូនៗបានងើបឡើងក៏បានឮសម្លេងស្រែក ឈ្លោះប្រកែក វៃតប់គ្នា និងមួយសន្ទុះក្រោយមក ក៏ឮសម្លេងបាញ់កាំភ្លើង រហូតមានម៉ូតូ បើកមកបុកតុថ្មមុខផ្ទះរបស់គាត់ទៀតផង។
ករណីហិង្សារហូតឈានដល់បាត់បង់អាយុជីវិតនេះ កើតឡើងនៅចំណុចផ្លូវស្តង់តាងួន ជាផ្លូវព្រំប្រទល់ ភូមិបាលិលេយ្យ២ និងភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ក្រោយទទួលព័ត៌មាន នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ លោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ, លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្ត និងលោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការងនគរបាលខេត្តបន្ទាយមានជ័យ ទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងអធិការនគបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងជំនាញពាក់ព័ន្ធទាំងអស់ ចុះបើកការស្រាវជ្រាវ ដល់កន្លែងកើតហេតុ និងសួរនាំប៉ូលីសកំពង់សម្រាក់ព្យាបាល នៅមន្ទីរពេទ្យនគររាជ ព្រមទាំងចុះពិនិត្យសាកសពផងដែរ។
លោកឧត្ដមសេនីយ៍ត្រី សិទ្ធិ ឡោះ បានបញ្ជាក់ថា កម្លាំងជំនាញ បាននិងកំពង់ចុះសិក្សាស្រាវជ្រាវ ដល់កន្លែងកើតហេតុយ៉ាងយកចិត្តទុកដាក់ខ្ពស់។ រហូតមកដល់ពេលនេះក្រុមការងារ ពុំទាន់ដឹងមូលហេតុជុំវិញករណីនេះនៅឡើយទេកំពុងធ្វើការស្រាវជ្រាវបន្ត៕