(រតនគិរី)៖ មានរថយន្តតូច-ធំ ជាច្រើនគ្រឿង ក្នុងមួយថ្ងៃៗ បានចូលមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី ខណៈការអនុវត្តការរឹតបន្តឹង ច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០។
ប្រធានមន្ទីរសាធារណ និងដឹកជញ្ជូន ខេត្តរតនគិរីស្តីទីលោក ឃឹម រមណី បានឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងមួយថ្ងៃៗ មានរថយន្ត តូចធំជាច្រើនគ្រឿង ត្រូវបានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត នៅមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្ត ឬ ហៅថាឆៀក ស្ថិតក្នុង ក្រុងបានលុងខេត្តរតគិរី។
លោកបន្តថា ចំនួននេះ បានកើតមានឡើង ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០នេះ បានបង្កឲ្យរថយន្តមានការកកស្ទះរង់ចាំធ្វើការ ត្រួតពិនិត្យលក្ខណៈបច្ចេកទេស ហើយក្រៅពីប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគិរី ក៏មានប្រជាពលរដ្ឋមកពីខេត្តស្ទឹងត្រែង និងខេត្តមណ្ឌលគិរីផងដែរ សរុបរយៈពេល ៥ថ្ងៃនេះ មានរថយន្តតូចធំចំនួន១៩១គ្រឿង ដែលបានមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស ក្នុងនោះមាន១៦៤គ្រឿង មានលក្ខណៈត្រឹមត្រូវល្អ និង២៧គ្រឿង មិនមានលក្ខណៈគ្រប់គ្រាន់។
ប្រធានស្តីទីមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដរតនគិរីរូបនេះបន្តថា ស្របពេលនៃការរឹតបន្តឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដែលចាប់ផ្ដើមអនុវត្តន៍ កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០នេះ មន្ទីរសាធារណការខេត្ត បានខិតខំឲ្យអស់ពីលទ្ធភាព ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលគោរពច្បាប់ និងចូលមកទទួលសេវានៅមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានយន្តខេត្តរនគិរី។
សូមបញ្ជាក់ថា តាមខ្លឹមសារ នៃអនុក្រឹត្យ លេខ៣៩អនក្រ.បក ត្រង់ជំពូកទី៣ មាត្រា៧ថ្មី ចំណុចទី៤ បានបញ្ជាក់ថា ត្រូវពិន័យអ្នកបើកបររថយន្តធុនស្រាលទឹកប្រាក់ ចំនួន១៨០,០០០រៀល និងអ្នកបើកបររថយន្តធុនធ្ងន់ទឹកប្រាក់ ចំនួន៣៧៥,០០០រៀល ចំពោះអំពើល្មើសបើកបរ ដោយគ្មានវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយាន ឬប្រើវិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសហួសសុពលភាព។
ដូច្នេះ សូមឲ្យប្រជាពលរដ្ឋទាំងអស់ គប្បីគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ព្រោះសោកនាដកម្ម ដោយគ្រោះថ្នាក់ចរាចរណ៍ នាឆ្នាំ២០១៩ កន្លងមកបានធ្វើឲ្យមនុស្ស ស្លាប់ជិត២ពាន់នាក់ និងមនុស្សរាប់ពាន់នាក់ផ្សេងទៀត បានរងរបួសរហូតដល់អ្នកខ្លះ បានក្លាយទៅជាមនុស្សពិការអស់មួយជីវិត។ ជាងនេះទៅទៀត បានបន្សល់ ទុកនូវស្ត្រីមេម៉ាយ និងក្មេងកំព្រាជាច្រើននាក់ ព្រមទាំងបានខូចខាតដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈជាច្រើនផងដែរ ដោយគិតជាទឹកប្រាក់ ពី៣០០ ទៅ៣៥០លានដុល្លារអាមេរិក៕