(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានកត់សម្គាល់ថា ស្ថានភាពជីងឺ COVID-19 នៅលើពិភពលោក មិនមានការថមថយនៅឡើយនោះទេ រហូតមកដល់ពេលនេះ គឺមានបណ្តាប្រទេសមួយចំនួននៅទ្វីបអាមេរិក ទ្វីបអឺរ៉ុប និងទ្វីបអាស៊ី នៅតែមានករណីឆ្លងថ្មីបន្ថែមទៀតគួរឱ្យបារម្ភ។
ការកត់សម្គាល់បែបនេះ របស់លោក ម៉ម ប៊ុនហេង បានធ្វើឡើងនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោករដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីភាព ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល។
លោក ម៉ម ប៊ុនហេង បានធ្វើការកត់សម្គាល់យ៉ាងដូច្នេះថា៖ «ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើការកោតសម្គាល់ថា ស្ថានភាពជំងឺ COVID-19 នៅលើសកលលោក មិនទាន់មានការធូរស្រាល នៅឡើយដោយប្រទេសមួយចំនួននៅទ្វីបអាមេរិកក្តី ប្រទេសនៅទ្វីបអឺរ៉ុបក្តី និងទ្វីបអាស៊ីយើងក្តី មកទល់ពេលនេះ នៅតែមានរកឃើញករណីវិជ្ជមានវីរុស COVID-19 ថ្មីបន្ថែមទៀត ដែលធ្វើឱ្យអ្នកមានជំនួនវីរុស COVID-19 បានកើនឡើងរហូតដល់ទៅជាង៣លាននាក់»។
លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានបន្តថា ចំណែកស្ថានភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជាវិញ ថ្វីតត្បិតតែរយៈពេល ៣សប្តាហ៍កន្លងមកនេះ កម្ពុជា មិនបានរកឃើញអ្នកឆ្លងវីរុស COVID-19 ហើយមានអ្នកជំងឺ បានជាសះស្បើយបានកើនឡើងរហូត ៩៨,៣៦ភាគរយ និងអ្នកជំងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមានតែ២នាក់ ព្រមទាំងមិនមានអ្នកស្លាប់ក៏ពិតមែន ក៏ប៉ុន្តែ ស្ថានភាពជំងឺ COVID-19 គឺស្ថិតនៅក្នុងការប្រុងប្រយ័ត្នជាប់ជានិច្ចនៅឡើយ។
ជាមួយគ្នានេះដែរ លោក ម៉ម ប៊ុនហេង ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ បង្កើន និងបន្តការយកចិត្តទុកដាក់ប្រកប ដោយការទទួលខុសត្រូវ និងត្រូវមានការប្រុងប្រយ័ត្នខ្ពស់បំផុត ព្រមទាំងត្រូវខិតខំអនុវត្តគ្រប់បែបយ៉ាងតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការណែនាំនានារបស់ក្រសួងសុខាភិបាល ដើម្បីកុំឱ្យជំងឺ COVID-19 នេះបន្តចម្លងរាតត្បាតចូលមកក្នុងសហគមន៍ ជាពិសេសត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលធ្វើដំណើរ ចៀសវាងការរៀបចំពិធីដែលមានការជួបជុំគ្នាច្រើនកុះករដូចជាពិធីបែបសាសនា ពិធីបុណ្យទាននានា ឬបើគ្មានការចាំបាច់សូមកាត់បន្ថយការធ្វើដំណើរចល័តពីកន្លែងមួយទៅទីកន្លែងមួយ ជាដើម។
គួរជម្រាថា គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ៣,៥៦៣,០៦៥នាក់ហើយ ក្នុងនោះមនុស្សស្លាប់សរុបមានចំនួន ២៤៨,១២៩នាក់ និងជាសះស្បើយឡើងវិញ ១,១៥៣,៨៤៧នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer សហរដ្ឋអាមេរិក នៅតែជាប្រទេស មានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ។ មកដល់ព្រឹកថ្ងៃនេះមានអ្នកឆ្លង ១,១៨៧,៥១០នាក់ ស្លាប់ ៦៨,៥៨១នាក់ និងព្យាបាលជាមានចំនួន ១៧៨,២៦៨នាក់។ មកដល់ថ្ងៃចំនួនអ្នកឆ្លង និងស្លាប់សម្រាប់សហរដ្ឋអាមេរិក នៅតែមានចំនួនច្រើននៅឡើយ ក្នុងនោះអ្នកឆ្លងថ្មីមានជិត ៣ម៉ឺននាក់ និងអ្នកស្លាប់ថ្មីមានជាង ១ពាន់នាក់៕