(ភ្នំពេញ)៖ លោក លី សូវ៉ាន់ ប្រធាន នាយកដ្ឋាន ប្រយុទ្ធ នឹង ជំងឺ ឆ្លង និង ជា អ្នក នាំ ពាក្យ នៃ ក្រសួង សុខាភិបាលកម្ពុជា បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង១២០នាក់ ដែលបានចេញពីមន្ទីរពេទ្យ គឺបានជាសះស្បើយដាច់តែម្តង ក្រោយពេលធ្វើចត្តាឡីស័ក១៤ថ្ងៃ ហើយមិនមានរោគសញ្ញាឡើយ។
ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក លី សូវ៉ាន់ អញ្ជើញចូលរួម ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី បច្ចុប្បន្នភាពជំងឺ COVID-19 នៅក្នុងប្រទេសកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្ដីការក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមអធិបតីភាពលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល។
លោក លី សូវ៉ាន់ បានលើកឡើងយ៉ាងដូច្នេះថា៖ «បច្ចុប្បន្ននេះ យើងចាត់ទុកថាជា១២០នាក់ហើយ ជាផ្លូវការ គឺគាត់គ្មានចេញរោគសញ្ញាអ្វីទៀតនោះទេ នៅសល់តែ ២នាក់ទៀតទេ ដែលវិជ្ជមានដែលមិនទាន់អនុញ្ញាតឱ្យគាត់ចេញក្រៅមន្ទីរពេទ្យ ហើយអ្នកជំងឺ១២០នាក់ ក៏ប៉ុន្តែ ត្រូវតាមដានសុខភាពរបស់ពួកគាត់នៅផ្ទះ»។
ទោះបីជាមិនទាន់ជាសះស្បើយទាំងស្រុងក៏ដោយ អ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាដែលសេសសល់ត្រឹមចំនួន២នាក់នោះ កំពុងមានសុខភាពល្អធម្មតា ប៉ុន្តែពួកគេនៅតែមានមេរោគកូវីដ១៩ បន្ទាប់ពីធ្វើតេស្តច្រើនដង។ នេះបើតាមការអះអាងរបស់ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់។
លោក លី សូវ៉ាន់ បានបន្ថែមទៀតថា អ្នកជំងឺដែលសេសសល់២នាក់ គឺគាត់ជាជនជាតិខ្មែរទាំងពីរ គឺម្នាក់នៅបន្ទាយមានជ័យ អាយុ៣៦ឆ្នាំ ភេទស្រី គាត់ធ្វើតេស្តប្រមាណជាង១០ដង ប៉ុន្តែនៅតែវិជ្ជមាន ប៉ុន្តែគាត់មានសុខភាពល្អទេ ដោយឡែកនៅកំពង់ឆ្នាំង វ័យចាស់អាយុ៧៥ឆ្នាំ បុរស គាត់ធ្វើដំណើរមកពីម៉ាឡេស៊ី គាត់នៅតែបន្តវិជ្ជមានបន្ត ប៉ុន្តែសុខភាពរបស់គាត់នៅតែល្អ យើងកំពុងពិគ្រោះធ្វើយ៉ាងម៉េចឱ្យគាត់ឆាប់ជា។
លោក លី សូវ៉ាន់ បានឱ្យដឹងថា ដោយឡែកទាក់ទងនឹងការធ្វើតេស្ត ជាធម្មតាយើងធ្វើតេស្ត ដើម្បីដឹងថាគាត់បាជាសះស្បើយ គឺត្រូវធ្វើតេស្តអវិជ្ជមាន ២ដង ចន្លោះ៤៨ម៉ោង គឺចាត់ទុកថាគាត់ជា ក៏ប៉ុន្តែ ទោះបីយ៉ាងណាដើម្បីឱ្យដឹងថា ប្រាកដយើងនៅបន្តឱ្យគាត់ធ្វើចត្តាឡីស័ក នៅផ្ទះចំនួន ១៤ថ្ងៃទៀត ដូច្នេះ ក្នុងករណីថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក នៅតែអវិជ្ជមាន មានន័យថា គាត់ទាំងអស់នោះ បានជាសះស្បើយដូចបុគ្គលដទៃដែរ។
លោក លី សូវ៉ាន់ បានបញ្ជាក់ថា មួយរយៈពេលនេះ ការធ្វើតេស្តរកវីរុស COVID-19 មានការធ្លាក់ចុះ ដោយសារតែរយៈពេល ៣សប្តាហ៍មកនេះ ប្រទេសកម្ពុជា រកមិនឃើញករណីឆ្លងជំងឺថ្មី ហើយបច្ចុប្បន្ននេះ មន្ត្រីជំនាញតាមដានត្រួតពិនិត្យទៅលើមនុស្សតែ១០នាក់ ដែលបានប៉ះពាល់ផ្ទាល់ ជាមួយអ្នកមានផ្ទុកវីរុស COVID-19 ហើយមនុស្សចំនួន ៥នាក់ ក្នុងចំណោម ១០នាក់ ដែលប៉ះពាល់ផ្ទាល់ជាមួយនិស្សិតស្រីខ្មែរម្នាក់ ដែលរកឃើញមានផ្ទុកវីរុស COVID-19 នៅកូរ៉េ គឺរកមិនឃើញមានផ្ទុកវីរុសនេះនោះទេ ក៏ប៉ុន្តែ មន្ត្រីជំនាញនៅតាមដានអាការៈ របស់ពួកគាត់បន្តទៀតផងដែរ។
សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់ នៅសេសសល់តែ២នាក់ប៉ុណ្ណោះ ក្នុងចំណោម១២២ករណីនៅកម្ពុជា ដែលកំពុងសម្រាកព្យាបាល។
បើតាមក្រសួងសុខាភិបាល អ្នកជំងឺដែល១២០នាក់ ដែលបានចេញពីមន្ទីរពេទ្យនោះ គឺជាអ្នកជំងឺដែលជាសះស្បើយទាំងស្រុង បន្ទាប់ពីពួកគាត់ត្រូវដាក់ឱ្យធ្វើចត្តាឡីស័ក រយៈពេល២សប្តាហ៍រួចមក។
ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា នៅតែរក្សាវិធានការនានារបស់ខ្លួន ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ហើយអំពាវនាវដល់ប្រជាពលរដ្ឋ បន្តអនុវត្តវិធានការទាំងអស់នោះ ដោយសារតែស្ថានភាពកូវីដ១៩ នៅតែផុយស្រួយនៅឡើយ នៅក្នុងប្រទេសកម្ពុជា៕