(ភ្នំពេញ)៖ ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង ចំពោះមរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នាថ្ងៃចន្ទ ទី៤ ខែឧសភា ឆ្នាំ២០២០នេះ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារលិខិតរំលែកមរណទុក្ខគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សារលិខិតរំលែកមរណទុក្ខ មានខ្លឹមសារថា តាងនាមគណៈកម្មាធិការកណ្ដាល និងមន្ដ្រី យុវជន អ្នកស្ម័គ្រចិត្ដនៃកាកបាទក្រហមកម្ពុជា និង ក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ក្នុងក្តីសោកស្តាយឥតគណនាដោយ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលមរណភាព នៅវេលាម៉ោង ២ម៉១២ទៀបភ្លឺ ថ្ងៃចន្ទ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។

ស្ថិតក្នុងសមានទុក្ខដ៏សោកសង្រេង ខ្សឹកខ្សួលរំជួលចិត្តដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង យើងខ្ញុំ សូមចូលរួមរំលែកទុក្ខ និងសម្តែងនូវក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដ៏ឧត្តុង្គឧត្តម ដែលជាពុទ្ធសាសនិកមួយរូបពោរពេញដោយសេចក្តីបរិសុទ្ធក្នុងព្រះធម្ម បានបរិច្ចាគនូវទ្រព្យ និងកម្លាំងកាយ ចិត្ត មានសទ្ធាជ្រះថ្លាបំផុតក្នុងការងារមនុស្សធម៌ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាមាតា មាតាក្មេក ជីដូន ជីដូនទួតប្រកបដោយគុណធម៌ សច្ចៈធម៌ ព្រហ្មវិហារធម៌ និងទឹកចិត្តសន្តោសប្រណីដ៏ថ្លៃថ្លា ជាទីគោរពស្រឡាញ់ស្មើជីវិត ដែលបានបីបាច់ថ្នាក់ថ្នមថែរក្សា និងផ្គត់ផ្គង់សព្វបែបយ៉ាងដល់ក្រុមគ្រួសារ ព្រមទាំងអប់រំ ណែនាំផ្តល់ដំបូន្មានល្អៗធ្វើឲ្យកូន ចៅ ក្លាយជាបញ្ញវន្ត និងពលរដ្ឋល្អ ដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ។

ក្នុងមរណទុក្ខដ៏សែនក្រៀមក្រំក្តុកក្តួលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានចាប់បដិសន្ធិក្នុង សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងនៃសារលិខិតរំលែកមរណទុក្ខ៖