(សៀមរាប)៖ យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅខែមេសានេះ ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២០ ក្រុមការងារសហគមន៍ បានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីពិនិត្យ និងដោះស្រាយសំណើសុំជួសជុលផ្ទះ និងសាងសង់តូចតាចតាមភូមិមួយចំនួនក្នុងតំបន់ឧទ្យានអង្គរបានចំនួន ១៥២៣គ្រួសារ ហើយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ១១១០គ្រួសារ ។
ករណីអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគងចំនួន ១១៤គ្រួសារ ស្រុកអង្គរធំចំនួន ៧៥គ្រួសារ ស្រុកពួកចំនួន ២៥៥គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ៤៩៧គ្រួសារ និងក្រុងសៀមរាបចំនួន ១៦៩គ្រួសារ។
សូមបញ្ចាក់ថា ក្រុមការងារសហគមន៍បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ នីតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។
ចំពោះប្រភេទសំណើដែលក្រុមការងារសហគមន៍ចុះពិនិត្យនិងដោះស្រាយមាន ១.ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ប្តូរជញ្ចាំង ប្តូរសសរ ប្តូរសំយ៉ាប ជួសជុលជណ្តើរ ជួសជុលរបងមានស្រាប់ កបន្ទប់ក្រោមផ្ទះ។ ២.សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រុងមាន់ ទា ជ្រូក ជង្រុកស្រូវ តូបឬរោងលក់ដូរមុខផ្ទះ។ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ៕