(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិនៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ផ្ញើសាររំលែកមរណទុក្ខដ៏ក្រៀមក្រំ សូមគោរពជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងក្រុមគ្រួសារនៃសពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី។
យើងខ្ញុំមានក្ដីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតា មាតាក្មេក ជីដូន បានទទួលមរណភាពនាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ វេលាម៉ោង២និង១២នាទី ទៀបភ្លឺ ក្នុងជន្មាយុ៩៦ឆ្នាំ ដោយជរាពាធ។
តាមរយៈសាររំលែកទុក្ខដដែល បានបង្ហាញក្តីក្តុកក្តួលថា មរណភាពរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា គឺជាការបាត់បង់មាតា មាតាក្មេង និងជីដូន ប្រកបដោយព្រហ្មវិហារធម៌ កត្តញ្ញូតាធម៌ សេចក្តីសណ្តោសប្រណី និងជាសាធុជនទីគោរពស្រឡាញ់ ដ៏ជ្រាលជ្រៅបំផុតរបស់សម្តេចសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងកូន ចៅ ចៅទួត ដែលក្នុងឆាកជីវីតរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិឌ្ឍនា តែងតែលះបង់កម្លាំងកាយពល និងបញ្ញាញាណ ខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រ ធីតា និងចៅៗ បានប្រកបដោយគន្លងធម៌ រហូតក្លាយជាប្រមុខដឹកនាំ ជាថ្នាក់ដឹកនាំ និងជាធនធានមនុស្ស ដ៏មានតម្លៃនៃសង្គមជាតិ។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវ មរណទុក្ខជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងក្រុមគ្រួសារ ដោយសេចក្ដី សង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួង សុំឱ្យវិញ្ញាណក្ខន្ធរបស់ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕