(ភ្នំពេញ)៖ នារីស្រស់សោភាម្នាក់ឈ្មោះ គួក ស្រីណា ដែលបង្ហោះវីដេអូតាមបណ្ដាញសង្គម TikTok គណនីឈ្មោះ អែ ណា រិះគន់ខុសពីការពិត ដោយយកព័ត៌មានចាស់តាំងពីឆ្នាំ២០១៨ ដែលខ្លួនជួបប្រទះកាលពីឆ្នាំ២០១៨ រឿងបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ ធ្វើឲ្យមានការភ័ន្ដច្រឡំ ត្រូវសមត្ថកិច្ចហៅមកសួរនាំ និងធ្វើកិច្ចសន្យាអប់រំ។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ដ្រីឈ្មោះ គួក ស្រីណា បានយករឿងចាស់ដែលខ្លួនជួបប្រទះកាលពីឆ្នាំ២០១៨ មកបង្ហោះខុសពីការពិត នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០ ធ្វើឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ជាពិសេសគាត់បាននិយាយខុស ដែលមើលងាយមកលើសមត្ថកិច្ច និងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស របស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
នៅរសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ស្ត្រីម្នាក់ឈ្មោះ គួក ស្រីណា បានចូលខ្លួនមកបំភ្លឺតាមការកោះហៅរបស់សមត្ថកិច្ច ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំ ហើយគាត់ក៏បានធ្វើការទទួលកំហុស ទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ៕