(ភ្នំពេញ)៖ ក្រុមហ៊ុនទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ «សាគូរ៉ា អេចអេសភី ឯ.ក» ដែលជាក្រុមហ៊ុនក្នុងស្រុក បានឧបត្ថម្ភសម្ភារមួយចំនួន ជូនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល ដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
ការប្រគល់សម្ភារ ជូនលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និងលោក ឈុន តិច ប្រធានរោងចក្រផលិតទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ «សាគូរ៉ា អេចអេសភី ឯ.ក» នៅរសៀលថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាល។
នាឱកាសនោះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានថ្លែងកោតសសើរដល់ថ្នាក់ដឹកនាំក្រុមហ៊ុន «សាគូរ៉ា អេចអេសភី ឯ.ក» ដែលចំណាយសម្ភារ និងធនធានផ្ទាល់ចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19។
ក្នុងពិធីទទួលម៉ាស៊ីន និងសម្ភារនេះដែរ លោកស្រី ឱ វណ្ណឌីន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ ក្រោយពិនិត្យឃើញម៉ាស៊ីនសម្លាប់មេរោគ បំបាត់ក្លិននេះ ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ ដែលបានគិតគូរដល់បញ្ហាអនាម័យ បរិស្ថាន និងសុខភាពរបស់ប្រជាជនកម្ពុជាជាធំ ដូច្នេះ លោកស្រីសូមលើកទឹកចិត្តឱ្យក្រុមហ៊ុនបង្កើនចង្វារផលិតកម្មរបស់ខ្លួន ឱ្យកាន់តែច្រើនឡើង ដើម្បីបំពេញសេចក្តីត្រូវការនៅក្នុងស្រុកផងដែរ។
សម្ភារដែលក្រុមហ៊ុន «សាគូរ៉ា អេចអេសភី ឯ.ក» ប្រគល់ជូនក្រសួងសុខាភិបាលនាពេលនេះរួមមាន៖ ម៉ាស៊ីនបំភាយទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ ចំនួន១០គ្រឿង ទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ ចំនួន២៥ប៊ីដុង និងដប Spray ចំណុះ 500ml ចំនួន២៥ដប គិតជាទឹកប្រាក់សរុប ២,៩៥០ដុល្លារ។
ការនាំអំណោយជាម៉ាស៊ីនបំភាយទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ និងទឹកថ្នាំកម្ចាត់មេរោគ គឺធ្វើឡើងតាមការអំពាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ដោយត្រូវរក្សាអនាម័យឱ្យបានខ្ចាប់ខ្ចួន ការរស់នៅស្អាត ហូបស្អាត ផឹកស្អាត ពិសេសត្រូវរក្សាគម្លាត ក្នុងពេលជួបជុំណាមួយជាដើម។
ក្រុមហ៊ុនផលិតទឹកបំបាត់ក្លិន និងកម្ចាត់មេរោគ «សាគូរ៉ា អេចអេសភី ឯ.ក» បានឆ្លងកាត់ពីវិទ្យាស្ថានស្តងដារកម្ពុជា ជាពិសេសបានចុះឈ្មោះក្នុងបញ្ជី របស់ក្រសួងពាណិជ្ជកម្មយ៉ាងត្រឹមត្រូវផងដែរ។ សម្រាប់បច្ចេកវិទ្យា និងស្តងដារ គឺនាំមកពីប្រទេសជប៉ុន សុទ្ធសាធ ប៉ុន្តែ គ្រាន់តែមានមូលដ្ឋានផលិត នៅក្នុងប្រទេសកម្ពុជា តែប៉ុណ្ណោះ ដូច្នេះ សង្ឃឹមថាប្រជាពលរដ្ឋនឹងគាំទ្រនូវផលិតផលក្នុងស្រុក ដើម្បីជាចំណែកលើកស្ទួយវិស័យ ដល់សហគ្រិនរបស់ជាតិ។ ផលិតផលនេះ គឺផ្តោតសំខាន់ទៅលើសុខមាលភាពសង្គម បរិស្ថាន និងអនាម័យល្អ ផងដែរ៕