(ភ្នំពេញ)៖ សប្បុរសជននានា និងអគ្គនាយកក្រុមហ៊ុន វេទមន្តកំពូលសម្រស់ ដែលដឹកនាំដោយអ្នកស្រី សុត សុវណ្ណដា ទីប្រឹក្សារបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្តល់នូវ SPRAY ចំនួន៥០០ដប និងម៉ាស់ចំនួន២០០០ម៉ាស់ និងសម្ភារៈការពារនូវមេរោគកូវីដ ១៩មួយចំនួនទៀតជូនដល់ នគរបាលនៃនាយកដ្ឋានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដើម្បីប្រើប្រាស់សម្រាប់ការពារមេរោគកូវិដ១៩ និងអនាម័យផ្សេងៗ។
សម្ភារៈបរិក្ខាទាំងនោះ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០នេះ នៅនាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឧត្តមសេនីយ៍ឯក បានលើកឡើងថា សម្ភារៈដែលសប្បុរសជន នឹងចែកជូនមន្រ្តីដែលកំពុងបំរើការនៅនាយកដ្ឋាននេះដើម្បីការពារមេរោគកូវិដ១៩ បើទោះបីជាមេរោគនេះមិនមានករណីឆ្លងថ្មីនៅប្រទេស កម្ពុជាយើងក៏ដោយនោះ។
ឯកឧត្តមឧត្តមសេនីយ៍ឯកឃៀង សុគន្ធាប្រធាននាយកដ្ឋានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានថ្លែងបន្តទៀតថា ថ្វីត្បិតែសម្ភារៈទាំងនេះមិនទាន់គ្រប់ តម្រូវការក៏ពិតមែនប៉ុន្តែវាជាទឹកចិត្តដ៏ល្អរបស់សប្បុរសជន ដែលពួកគេបានផ្តល់ឲ្យ ហើយនឹងយកសម្ភារៈទាំងនេះទៅចែកជូនកងកម្លាំង គ្រប់កន្លែងទាំងអស់ដើម្បីប្រើប្រាស់សម្រាប់កិច្ចការពារ និងទប់ស្កាត់ នូវមេរោគកូវិដ១៩ និងប្រើប្រាស់សម្រាប់កិច្ចការងារផ្សេងៗនោះ ។
លោកស្រីសុត សុវណ្ណដា ទីប្រឹក្សាសម្តេចក្រឡាហោម ស ខេងបានលើកឡើងថាសម្ភារៈដែលអ្នកស្រីបានរៃអង្គាសពីសប្បុរសធម៌នានានេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកិច្ចការពារ និងទប់ស្កាត់នូវមេរោគកូវិដ១៩ នឹងស្របទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយសម្ភារៈនេះគឺជាការជួយចែក រំលែកក្នុងនាមមនុស្សធម៌ផងដែរ។
ជាមួយគ្នានោះដែរអ្នកស្រី សុត សុវណ្ណដា ក៏បានសន្យាថា អ្នកស្រីនឹងខិតខំរៃអង្គាស់ពីសប្បុរសធម៌នានា ទៀតដើម្បីបន្តជួយដល់រាជរដ្ឋាភិបាលតាមដែលអាចធ្វើទៅបាន ហើយការជួយនេះនឹងប្រព្រឹត្ត ទៅនាពេលឆាប់ៗខាងមុខនេះផងដែរ៕