(ព្រះវិហារ)៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធសម្រាប់ប្រជាពលរដ្ឋ ភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចំនួន១៤០០គ្រួសារ ត្រូវបានរៀបចំប្រគល់ជូន នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ក្រោមវត្តមាន លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ ដោយមានការចូលរួមពីលោកមេភូមិ មេឃុំ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូប។
ក្នុងឱកាសនោះដែរ លោក សំ សារឿន បានថ្លែងថា៖ «ដោយអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ថ្ងៃនេះក្រុមការងារមន្ទីររៀបចំដែនដីខេត្ត បានចុះចែកវិញ្ញាបនបត្រ័សម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារជាបណ្តោះអាសន្ន ចំណែកជាង១ពាន់គ្រួសារ ដែលមិនទាន់បានទទួលនៅថ្ងៃនេះ សូមទាក់ទងជាមួយលោកមេឃុំជាំក្សាន្តរៀងរាល់ម៉ោងធ្វើការ»។
លោកបន្តថាលទ្ធផលដែលយើងទទួលបានពីកាកំណត់ព្រំ និងឯកសារវិនិច្ឆ័យនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារសរុប១៦៨៤ក្បាលដី ស្មើនិង១៤០០គ្រួសារ។ ក្នុងនោះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវចែកជូនមាន១៦៨៤ក្បាលដី ស្មើនិង១៤០០គ្រួសារជាវិញ្ញាបនបត្រ សម្គាល់ម្ចាស់អចលនវត្ថុត្រឹមត្រូវ ដែលម្ចាស់ដីបានបំពេញគ្រប់លក្ខណ្ឌ។
ជាមួយគ្នានោះលោកប្រធានមន្ទីររៀបចំដែនដី ក៍បានធ្វើការអំពាវនាវដល់គ្រប់ស្ថាបន័រដ្ឋ ឯកជនព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានចុះបញ្ជីដីធ្លីក្នុងតំបន់វិនិច្ឆ័យនេះ សូមមកទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចាប់ពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះតទៅ ដោយធ្វើការទាក់ទងជាមួយលោកមេឃុំជាំក្សាន្ត និងមន្ត្រីជំនាញរង់ចាំទទួលជានិច្ចរាល់ម៉ោងធ្វើការ៕