(ភ្នំពេញ)៖ តាំងតែពីដើមរហូតដល់បច្ចុប្បន្ន វត្តអារាមព្រះពុទ្ធសាសនា បានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរគ្រប់វិស័យរួមមាន៖ អប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ជាដើម។ ថ្នាក់ដឹកនាំជាច្រើនរូប រួមទាំងសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា សុទ្ធតែមានប្រវត្តិជាក្មេងវត្ត និង ទទួលការអប់រំ បណ្តុះបណ្តាលពីវត្តអារាមដែលមានព្រះសង្ឃជាគ្រូ។
ប្រជាពលរដ្ឋខ្មែរស្ទើរ៩០ភាគរយ ជាអ្នកគោរពប្រណិប័តន៍ព្រះពុទ្ធសាសនា ហើយវត្តអារាមក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គមខ្មែរ ក្នុងនោះរួមមាន៖
ទី១៖ ក្រៅពីជាកន្លែងប្រារព្ធពិធីបែបសាសនា វត្តអារាម ត្រូវបានចាត់ទុកជាទីថែរក្សានូវអត្តសញ្ញាណ និងវប្បធម៌ខ្មែរ។
ទី២៖ វត្តអារាមជាទីជម្រកស្នាក់អាស្រ័យរបស់សិស្ស-និស្សិតក្រីក្រ មកពីខេត្តមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួលផ្ទះបន្តការសិក្សានៅទីក្រុង។ វត្តជាទីពំនាក់អាស្រ័យ កុមារកំព្រា ចាស់ជរា សិស្សានុសិស្ស និងកូនចៅរបស់ប្រជារាស្រ្តក្រីក្រ ។
ទី៣៖ វត្តអារាមក៏អាចដើរតួនាទីជាមន្ទីពេទ្យសម្រាប់ព្យាបាលជំងឺចិត្ត និងជាកន្លែងសម្រាប់ប្រជុំរបស់ប្រជាជនគ្រប់រូបគ្រប់ស្រទាប់វណ្ណៈ គ្រប់វ័យដោយគ្មានរើសអើងពណ៌សម្បុរ សញ្ជាតិ ឋាន:សង្គម ដោយឥតប្រកាន់មាន ក្រ ឬមានជំនឿផ្សេងៗ ដើម្បីជួយកសាងសង្គម ដូចជាស្ពាន ថ្នល់ សាលារៀន មន្ទីពេទ្យ ស្រះទឹក អណ្តូងទឹក និងដាំដើមឈើមានតម្លៃ ឈើហូបផ្លែ ឈើសម្រាប់ធ្វើជាឧសថជាដើម។
ទី៤៖ វត្តជាឃ្លាំងចំណេះដឹង ជាបណ្ណាល័យ ជាសារមន្ទីរនៃវប្បធម៌ និងអរិយធម៌ដោយឥតប្រកាន់និន្នាការនយោបាយ។ នៅគ្រប់សម័យកាល វត្តអារាមផ្តល់នូវការអប់រំផ្នែកអក្សរសាស្រ្ត លេខនពន្ធ និងចំណេះដឹងផ្សេងៗចាំបាច់សម្រាប់ប្រើក្នុងជីវិត។ ជាឧទាហរណ៍ អ្នកនិពន្ធជនជាតិខ្មែរយើងឆ្នើមៗ និងសិល្បករល្បីៗពីជំនាន់បុរាណ សុទ្ធតែបានទទួលការបណ្តុះបណ្តាលនៅក្នុងវត្ត។
ទី៥៖ វត្តអារាមជាកន្លែងបង្រៀនអប់រំកាយ វាចា ចិត្ត និងបណ្តុះបណ្តាលមហាជនទូទៅឲ្យកើតមានមេត្តា ករុណា ប្រាសចាកលោភៈ ទោសៈ មោហៈ ដើម្បីឲ្យរួចចាកផុតពីសេចក្តីទុក្ខ។ ការបង្រៀនរបស់ព្រះអង្គ និងព្រះសង្ឃបានផ្តោតសំខាន់ទៅលើសង្គហធម៌ តួនាទីរវាងមាតាបិតា និងបុត្រធីតា រវាងគ្រូ និងសិស្ស រវាងស្វាមី និងភរិយា រវាងមិត្តនិងមិត្ត រវាងនិយោជក និងនិយោជិក រវាងអ្នកដឹកនាំ និងប្រជារាស្រ្ត រវាងភិក្ខុសង្ឃ និងឧបាសក ឧបាសិកា ។
ទោះជាយ៉ាងណា វត្តអារាមបច្ចុប្បន្នគួរពង្រឹង និង ពង្រីកសមត្ថភាពក្នុងការរួមចំណែកកសាងសង្គមកម្ពុជា។ ព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌បានមានប្រសាសន៍ថា៖ «តាមវត្តអារាមគួរតែកុំកសាងដុំថ្មដែលមិនសូវមានការចាំបាច់ច្រើនពេក។ គួរនាំគ្នាងាកមកកសាងមនុស្សសិលា គឺមនុស្សដែលមានចំណេះដឹង មនសិការ និងចិត្តរឹងប៉ឹងដូចជាសិលាឱ្យច្រើនទើបប្រសើរ»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុកធម្មវិន័យ។
លោកព្រឹទ្ធាចារ្យដ៏ឆ្នើមក្នុងការអប់រំ លើកតម្កើងសិល្បៈវប្បធម៌ បានណែនាំឱ្យគ្រប់វត្តត្រូវតែមាន គឺសាលាទ្រឹស្តី (សាលាបាលី) សាលាពិសោធន៍ទ្រឹស្តី (សាលាវិបស្សនា) បណ្ណាល័យ (ឃ្លាំងផ្ទុកឯកសារ) ការបង្រៀនអក្សរសាស្រ្ត របៀបសរសេរកំណាព្យ និង របៀបសូត្រកំណាព្យឱ្យបានត្រឹមត្រូវ និង ការបង្ហាត់ភ្លេងមានជាច្រើនទម្រង់ ដើម្បីឱ្យសាកសមនឹងកិត្តិនាមថា «វត្តជាជង្រុកនៃវប្បធម៌»។
ព្រឹទ្ធាចារ្យ ឆេង ផុន ក៏ធ្លាប់បានក្រើនរំលឹកថា អ្នកបួសមុននឹងឆាន់ចង្ហាន់គប្បីពិចារណាថា «ដុំបាយទាំងនេះមិនមែនបានមកពីមនុស្សខ្ជិលទេ គឺបានមកពីមនុស្សឧស្សាហ៍ខ្នះខ្នែង ប្រឹងប្រែងប្រាកដណាស់។ ដូច្នេះអាត្មាអញបរិភាគហើយត្រូវធ្វើជាប្រយោជន៍ដល់ជនទាំងឡាយនោះវិញ»។
វត្តអារាមពុទ្ធសាសនា មានសារៈសំខាន់ណាស់ ក្នុងការជួយសម្រាលបន្ទុកសេដ្ឋកិច្ចរដ្ឋមួយកម្រិត និងជួយដោះស្រាយបញ្ហានានាក្នុងសង្គម។ សង្គមខ្មែរនឹងទទួលបានលទ្ធផលគួរជាទីមោទនៈប្រសិនបើមានវត្តអារាមកាន់តែច្រើនអនុវត្តតាមអនុសាសន៍របស់ព្រឹទ្ធាចារ្យ ឆេង ផុន។
ដោយ៖ វរ្ម័ន
រូបថត៖ គឹម បញ្ញារតន៍
ព្រឹទ្ធាចារ្យ ឆេង ផុន