(តាកែវ)៖ យុវជន យុវនារីស្ទាវមួយក្រុម មានគ្នា១៣នាក់ ដែលជាមុខសញ្ញាប្រើប្រាស់ និងជួញដូរគ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវចុះបង្ក្រាប នៅព្រឹកថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២០នេះ នៅផ្ទះសំណាក់យីហោ៦៦ ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ។
ឧត្តមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការចុះបង្រ្កាបមុខសញ្ញាប្រើប្រាស់ និងចែកចាយគ្រឿងញៀននៅចំណុចផ្ទះសំណាក់ខាងលើ ដកហូតបានវត្ថុតាងមួយចំនួន មានម៉ូតូ ៤គ្រឿង ដាវ២ និងថ្នាំញៀន ៤កញ្ចប់។ ប្រតិបត្តិការ ត្រូវបានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីពីលោក លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ដោយកម្លាំងបានឃាត់ខ្លួនបានជនសង្ស័យចំនួន ១៣នាក់ ក្នុងនោះមានស្រីចំនួន ៦នាក់។
ឧត្តមសេនីយ៍ត្រី ឡា ឡៃ បានបន្តថា ជនសង្ស័យជាស្រ្តីចំនួន៦នាក់ ដែលប្រើប្រាស់គ្រឿងញៀន ត្រូវបានព្រះរាជអាជ្ញាអោយបញ្ជូនទៅកាន់មន្ទីរសង្គមកិច្ច។ ដោយឡែក ជនសង្ស័យជាប្រុសៗចំនួន៦នាក់ទៀត ដែលប្រើប្រាស់ និងចែកចាយ នឹងត្រូវកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕