(ភ្នំពេញ)៖ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានដង្ហែដល់កន្លែងបញ្ចុះនៅស្រុកកំណើតក្នុងភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ

ហើយនៅវេលាម៉ោង១រសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ថា បន្ទាប់ពីតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនារយៈពេល២យប់ និ៣ថ្ងៃ នៅគេហដ្ឋានក្នុងរាជធានីភ្នំពេញ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី នៅវេលាម៉ោង ៧៖១៨នាទី ព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ បានដង្ហែចេញពីគេហដ្ឋានក្នុងរាជធានីភ្នំពេញ ដើម្បីយកទៅបញ្ចុះនៅឯស្រុកកំណើត។

ក្បូនរថយន្តដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ចាប់ផ្តើមរំកិលចាកចេញពីគេហដ្ឋាននៅក្បែរវិមានឯករាជ្យ វេលាម៉ោង៧៖១៨នាទីព្រឹក ដោយធ្វើដំណើរប្រទាក់ក្សិណ១ជុំ វិមានឯករាជ្យធ្វើដំណើរកាត់តាមមហាវិថីសំខាន់ៗ ក្នុងរាជធានីភ្នំពេញ។ ក្នុងនោះមានក្បូនរថយន្តសពបានធ្វើដំណើរសន្សឹមៗ កាត់តាមមហាវិថីព្រះនរោត្តម ឆ្ពោះទៅទៅកាន់ស្តុបផ្លូវភ្លោះពេទ្យព្រះអង្គឌួង បត់តាមផ្លូវសហព័ន្ធរុស្សីរហូតដល់ស្តុបកាណាឌីយ៉ា បទតាមមហាវិថីព្រះមុន្នីវង្ស ឆ្លងស្ពានជ្រោយចង្វា ផ្លូវជាតិលេខ៦ ស្ពានព្រែកតាម៉ាក់ ឆ្លងកាត់ទីប្រជុំជនជាច្រើន ឆ្លងកាត់ផ្លូវជាតិលេខ៧ ឆ្លងកាត់ស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ឆ្លងចូលខេត្តត្បូងឃ្មុះ ដោយឆ្លងកាត់កោះសំរោង ពាមជីលាំង ស្តឺងត្រង់ ក្រូចឆ្មារ រហូតដល់ទីបញ្ចុះសព ដែលជាភូមិកំណើតផ្ទាល់របស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

ក្បួនរថយន្តដ្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ត្រូវបានរៀបចំជាលក្ខណ:ប្រពៃណី ចំនួន១២គ្រឿង ដែលក្នុងនោះរួមមាន រថយន្តទី១ដង្ហែរូបថត អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា រថយន្តទី២ដង្ហែគ្រឿងឥស្សរិយយស រថយន្តទី៣ដង្ហែកូរោណ រថយន្តទី៤ដង្ហែក្រុម ភ្លេងពិពាណ្យ រថយន្តទី៥ដង្ហែក្រុមគ្រួសារសពបាចបាយសី រថយន្តទី៦ដង្ហែសម្តេចព្រះសង្ឃនាយក រងទី១ នៃព្រះរាជាណាចក្រកម្ពុជា រថយន្តទី៧ ដង្ហែទង់ព្រលឹង រថយន្តទី៨ដង្ហែក្រុមគ្រួសារ រថយន្ត នាគទី៩ដង្ហែសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី រថយន្តទី១០ ដង្ហែ សម្តេចព្រះរាជាគណះ៨អង្គ និងភិក្ខុសង្ឍបួសមុខភ្លើង រួមទាំងរថយន្តប្រពៃណី២គ្រឿងទៀត ដឹកសម្ភារបរិក្ខាជាច្រើន ព្រមទាំងរថយន្តរបស់សម្តេច លោក លោកស្រី ជាកូនចៅ ចៅទួត ញាតិមិត្តជិតឆ្ងាយ និងក្បួនរថយន្តរបស់សម្តេច លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ ស្ថាប័នរបស់ព្រះរាជាណាចក្រកម្ពុជា អញ្ជើញហែហមក្បូនរថយន្តសពប្រកបដោយសុខសុវត្ថិភាព លើកំណាត់ផ្លូវនៃការធ្វើដំណើរជាង ២០០គីឡូម៉ែត្រ។

សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា និងប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណី សាសនា នៅវេលាម៉ោង ៣៖៣៣នាទីរសៀលថ្ងៃថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០៕