(បន្ទាយមានជ័យ)៖ កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លូនជនសង្ស័យ២នាក់ជាបន្ដបន្ទាប់ ពាក់ព័ន្ធករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅយប់ឈានចូលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា មុនឈានដល់ការចាប់ខ្លួនជនសង្ស័យទាំងពីរ គឺកម្លាំងរបស់លោក បានចុះល្បាតការពារសន្តិសុខសណ្ដាប់ធ្នាប់ក្នុងភូមិសាស្រ្តក្រុង បានប្រទះឃើញបុរសម្នាក់ឈរតាមផ្លូវ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានធ្វើការសួរនាំ ហើយបុរសឈ្មោះ ចក់ លីន ឆ្លើយថា ខ្លួនគេឈរមើលផ្លូវឲ្យមិត្តភ័ក្រគេប្រើប្រាស់គ្រឿងញៀន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ង៉ែត ជឺយ ហៅអាកណ្ដុរ ព្រមទាំងដកហូតបាន កាំបិតចំនួន០៧ដើម។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបន្ថែមថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង០២នាក់ ឆ្លើយសារភាពថា ពួកគេកន្លងមកធ្លាប់ប្រើប្រាស់គ្រឿងពិតប្រាកដមែន ហើយកាំបិតទាំងអស់នេះ ពួកគេដាក់តាមខ្លួនដើម្បីការពារក្រែងមានក្រុមផ្សេងទៀត មករករឿងពួកគេ។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញការិយាល័យបទល្មើសព្រហ្មទណ្ឌអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕