(ភ្នំពេញ)៖ ស្ថានទូតអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានថ្លែងសារជូនសព្ទសាធុកាពរដល់ពុទ្ធសាសនិក ក្នុងថ្ងៃបុណ្យវិសាខបូជា។
ស្ថានទូតអាមេរិក បានបង្ហោះសារបញ្ជាក់យ៉ាងដូច្នេះថា៖ «សូមជូនសព្ទសាធុកាពរដល់ពុទ្ធសាសនិក ដែលប្រារព្ធបុណ្យវិសាខបូជា នៅថ្ងៃនេះ! ក្នុងពេលដែលពុទ្ធសាសនិក នៅទូទាំងសាកលោកអបអរចំពោះជីវិត និងពុទ្ធឱវាទរបស់ព្រះបរមគ្រូ យើងសូមរំលឹក និងផ្តល់តម្លៃដល់គុណតម្លៃជាសាកលនៃសន្តិភាព ភាពអត់ឱនឲ្យគ្នា និងសេចក្តីមេត្តាករុណា»។
សូមបញ្ជាក់ថា ថ្ងៃ១៥កើត ខែពិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ តាមរយៈពិធីបុណ្យប្រពៃណីពុទ្ធសាសនា ពិសាខបូជា។ ពិសាខបូជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត ថ្ងៃខួបត្រាស់ដឹង និងថ្ងៃខួបចូលបរិនិពា្វន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែពិសាខតែមួយ ខុសគ្នាតែឆ្នាំប៉ុណ្ណោះ។
ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិបានកំណត់យកពិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសកលអំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោកជាង ២៦០០ឆ្នាំមកនេះ ហើយនិងកំពុងបន្តនូវការចូលរួមចំណែក លើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សម្រាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ៕