(ភ្នំពេញ)៖ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ លោកបណ្ឌិត ងី មានហេង បានថ្លែងថាអំពាវនាវដល់ប្រជាពលរដ្ឋ បន្ដអនុវត្ដវិធានការការពារជំងឺកូវីដ១៩ ដែលជាជំងឺឆ្លងដ៏កាចសាហាវ ត្បិតណាស់នៅកម្ពុជា មានការធូរស្រាលបន្ដិចក្ដី តែនៅតាមបណ្ដាប្រទេស នៅតែបន្ដកើនចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩នេះនៅឡើយ ។
លោកបណ្ឌិត ងី មានហេង បានថ្លែងបន្ដថា «យើងមិនត្រូវភ្លេចខ្លួនទេ ព្រោះជំងឺកូវីដ១៩មិនភ្លេចយើងឡើយ ឱ្យតែធ្វេសប្រហេស នឹងឆ្លងភ្លាម ព្រោះមកទល់ពេលនេះ មិនទាន់មានវ៉ាក់សាំងការពារនោះទេ ជាកត្ដាដែលយើងនៅតែព្រួយបារម្ដ អាចមានករណីរលកទី២កើតមានឡើងដូចនៅសិង្ហបុរី»។
ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះថា «ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏ក្រុមគ្រូពេទ្យរបស់យើង បានត្រៀមលក្ខណៈឆ្លើយតបជានិច្ច សម្រាប់ប្រយុទ្ធនឹងជំងឺឆ្លងដ៏សាហាវនេះ ដរាបណា ក្រសួងសុខាភិបាល ពុំទាន់ណែនាំបញ្ឃប់ការងារ ឬមានថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩»។
ប្រធានមន្ទីរពេទ្យសុខាភិបាលរាជធានីភ្នំពេញបានថ្លែងបន្ដថា ក្រោមការយកចិត្ដទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមានការលើកទឹកចិត្ដ និងរួមចំណែករបស់ប្រជាពលរដ្ឋ បានធ្វើឱ្យក្រុមគ្រូពេទ្យជួរមុខ ពិនិត្យថែទាំអ្នកជំងឺកូវីដ១៩ មានកម្លាំងចិត្ដ ក្នុងការប្ដេជ្ញាខ្ពស់ ក្នុងការខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពព្យាបាលអ្នកជំងឺ។
ជាក់ស្ដែងនៅថ្ងៃទី០៥ ខែឧសភា ម្សិលមិញនេះ ក្រុមគ្រូពេទ្យជួរមុខនៃមណ្ឌលសុខភាពចាក់អង្រែក្រោម ក្នុងមួយវគ្គទី៤ប្រមាណ៤០នាក់ ទទួលបានថវិកាលើកទឹកចិត្ដ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដោយម្នាក់ទទួលបានថវិកាចំនួន ១លានរៀន ។ ហើយសម្រាប់ក្រុមគ្រូពេទ្យជួរមុខ ដែលបញ្ចប់ការងារដោយជោគជ័យ ក៏ទទួលបានថវិកាលើកទឹកចិត្ដបន្ថែមពី អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ក្នុងមា្នក់៥០ម៉ឺនរៀលផងដែរ។
សូមជម្រាបថា នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសថា មិនមានករណីឆ្លងជំងឺកូវីដ១៩ ហើយក៏ពុំមានករណីជាសះស្បើយដែរ ខណៈអ្នកជំងឺកូវីដ១៩ បានជាសះស្បើយសរុបចំនួន១២០នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដសរុបចំនួន២នាក់ នៃអ្នកឆ្លងសរុប១២២នាក់៕