(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច លោក ណុប ចាន់ណារិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ផ្អាកបន្តការធ្វើចំណាកស្រុក ទៅធ្វើការងារនៅតំបន់ផ្សេង និងទៅក្រៅប្រទេស ព្រោះជំងឺអុតត្បាតកូវីដ-១៩ មិនទាន់រលាយចេញពីផែនដីយើងនៅឡើយទេ។
លោក ណុប ចាន់ណារិន្ទ បានបន្តទៀតថា ការអនុវត្តបែបនេះ មានអត្ថប្រយោជន៍សំរាប់ខ្លួនឯងផង និងគ្រួសារផងដូចជា ទប់ស្កាត់បានការចំលងកូវីដ-១៩ និងធានាបាននូវការគ្រប់គ្រងជីវភាពរស់នៅប្រចាំថ្ងៃ មិនលំបាកបង់ថ្លៃឈ្នួលផ្ទះ ឬរកការងារធ្វើនោះឡើយ។ ព្រោះប្រទេសយើង ជាប្រទេសកសិកម្ម និងម្យ៉ាងទៀត រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការគ្រប់យ៉ាង ដោយមិនឲ្យពលរដ្ឋខ្មែរណាម្នាក់ស្លាប់ ដោយសារដាច់ស្បៀង មិនបានដឹងនោះឡើយ។
ការលើកឡើងរបស់លោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នាពេលនេះ បានធ្វើឡើងក្នុងឱកាស ចុះជួបដោយផ្ទាល់ ជាមួយប្រជាជនខ្វះខាតស្បៀង ដោយឥទ្ធិពលកូវីដ-១៩ ចំនួន៦០គ្រួសារ មកពី៥ភូមិ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នាព្រឹកទី០៦ ខែឧសភា ឆ្នាំ២០២០នេះ។
លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ជូនពលរដ្ឋថា បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន និងក្រុមការងាររាជរដ្ឋាភិបាល រួមជាមួយក្រុមការងារគណបក្ស ចុះជួយសង្កាត់ កោះដាច់ បានតាមដានជាប់ជាប្រចាំ នូវរាល់ជីវភាពរស់នៅរបស់បងប្អូន និងធ្វើជំរឿនតាមខ្នងផ្ទះ ស្វែងរកអ្នកខ្វះខាតដោយទទួលឥទ្ធិពលពីកូវីដ-១៩ ដូចជាអ្នកបាត់បង់ការងារ នៅតាមវិស័យឯកជន ហើយខ្វះខាតជីវភាពពិតប្រាកដ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។
លោកថា ជាក់ស្តែងដូចបងប្អូន ដែលនៅនេះស្រាប់ គឺរដ្ឋបាលសង្កាត់កោះដាច់ ក្រុមការងាររាជរដ្ឋាភិបាល ព្រះសង្ឃ ពលរដ្ឋដែលមានជវភាពីធូរធារ និងក្រុមហ៊ុនមួយចំនួន បានចូលរួមជាថវិកាសម្ភារ ដើម្បីចែករំលែកដល់ការខ្វះខាតរបស់បងប្អូន។
បើតាមរបាយការណ៍របស់លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា មកដល់បច្ចុប្បន្ននេះ ដោយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានមានការយល់ដឹង ពីផល ប៉ះពាល់នៃជំងឺអុតត្បាតកូវីដ-១៩ រួមផ្សំ នឹងការចុះផ្សព្វផ្សាយជាប់ជាប្រចាំ ស្តីពីសេចក្តីជូនដំណឹងរបស់ក្រសួងសុខភិបាល បានធ្វើឲ្យយើងបញ្ជៀស បាននូវការឆ្លង ឬកើតកូវីដ-១៩ បានទាំងស្រុង។
ក្នុងរបាយការណ៍របស់លោក ប៉ាត់ អ៊ែល បានឲ្យដឹងទៀតថា មកដល់ពេលនេះ ក្រុមការងារ និងរដ្ឋបាលសង្កាត់ បានផ្តល់ជូនប្រជាពលរដ្ឋខ្វះខាត ដោយឥទ្ធិពល កូវី-១៩ មានចំនួន១៤០គ្រួសារ ក្នុងចំនួនប្រាំភូមិទូទាំងសង្កាត់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមការងារ និងរដ្ឋបាលសង្កាត់ នៅតែបន្តចែកទៀត រហូតដល់ជំងឺផ្លូវ ដង្ហើមកូវីដ-១៩ ចេញផុតពីផែនដី។ លោកថា ប្រសិនបើបងប្អូន ណាមានការខ្វះខាតស្បៀង សូមអញ្ចើញមករករដ្ឋបាលសង្កាត់ជាបន្ទាន់ ដើម្បីដោះស្រាយជូន ដោយឥតគិតថ្លៃ។
គូសបញ្ជាក់ថា អំណោយដែលប្រជាពលរដ្ឋ ទទួលពីក្រុមការងារនាថ្ងៃនេះ ក្នុងម្នាក់ៗ ទទួលបានអង្ករ១០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២ម៉ឺនរៀល។
ក្នុងពិធីចុះសួរសុខទុក្ខនេះ លោក ណុប ចាន់ណារិន្ទ ក៏បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយរាជធានីភ្នំពេញ ដោយក្តីនឹករលឹក បើទោះជាសម្តេចទាំងពីរ មិនបានចុះមកដោយផ្ទាល់ក៏ដោយ តែលោកបានផ្តាំផ្ញើឲ្យរដ្ឋបាលគ្រប់ថ្នាក់ និងក្រុមការងារគ្រប់ទីកន្លែង ឲ្យយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ និងដោះស្រាយតម្រូវការឲ្យបានទាន់ពេលវេលា៕