(ភ្នំពេញ)៖ ស្ថានទូតម៉ាឡេស៉ីប្រចាំកម្ពុជា តាមរយៈ Facebook ផ្លូវការរបស់ខ្លួន បានថ្លែងសារជូនពរពុទ្ធបរិស័ទទាំងអស់ ឲ្យទទួលបាននូវសេចក្តីសុខរីករាយ និងមានសុខសុវត្ថិភាព ក្នុងពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ។
ស្ថានទូតម៉ាឡេស៉ី បានបង្ហោះសារយ៉ាងដូច្នេះថា៖ «សូមជូនពរពុទ្ធបរិស័ទទាំងអស់ ទទួលបាននូវសេចក្តីសុខរីករាយ និងមានសុខសុវត្ថិភាពក្នុងពិធីបុណ្យវិសាខបូជា។ យើងសូមជូនពរឱ្យអ្នកទទួលបានពរជ័យ សន្តិភាព សេចក្តីស្រឡាញ់ និងអំណរនៅពេលអ្នកប្រារព្ធថ្ងៃដ៏រីករាយនេះ ជាមួយមនុស្សជាទីស្រឡាញ់របស់អ្នក។ សូមមានសុវត្ថិភាព ថែរក្សាខ្លួន និងមានសុខភាពល្អ!»។
សូមបញ្ជាក់ថា ថ្ងៃ១៥ កើត ខែពិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជា តែងប្រារព្ធរំលឹកជារៀងរាល់ឆ្នាំ តាមរយៈពិធីបុណ្យប្រពៃណី ពុទ្ធសាសនា ពិសាខបូជា។ ពិសាខបូជា ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំនេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត ថ្ងៃខួបត្រាស់ដឹង និងថ្ងៃខួបចូលបរិនិពា្វន របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិត សម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែពិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។
ថ្ងៃនេះដែរ ក៏ជាថ្ងៃដែលអង្គការសហប្រជាជាតិ បានកំណត់យកពិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃទី ១៥ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសកល អំពីការចូលរួមចំណែករបស់ព្រះពុទ្ធសាសនា ក្នុងពិភពលោកជាង ២៦០០ឆ្នាំមកនេះ ហើយកំពុងបន្តនូវការចូលរួមចំណែក លើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។ ការិយាល័យអង្គការសហប្រជាជាតិគ្រប់ទីកន្លែងទាំងអស់ ត្រូវបានឈប់សម្រាកនៅក្នុងថ្ងៃដ៏ពិសិដ្ឋនេះ៕