(ភ្នំពេញ)៖ ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋទូទាំងសកលលោកតែងតែអបអរសាទរសប្បាយរីករាយនាថ្ងៃឆ្លងឆ្នាំថ្មី។ ដោយមានទាំងការជួបជុំ ច្រៀងរាំកំសាន្ត និងពិសារអាហារកំសាន្តរីករាយជាមួយញាតិមិត្តបងប្អូនដើម្បីអបអរសាទរឆ្នាំថ្មី។ ប៉ុន្តែនៅក្នុងថ្ងៃឆ្លងឆ្នាំ២០២០ ពោលគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ គឺជាពេលដែលប្រទេសចិន បានផ្ដល់ដំណឹងដ៏ភ្ញាក់ផ្អើលមួយទៅកាន់អង្គការសុខភាពពិភពលោក (WHO) អំពីវត្តមានជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី។
ក្រោយពីជូនដំណឹងទៅកាន់អង្គការសុខភាពពិភពលោក នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២០ អាជ្ញាធរចិន បានប្រកាសបិទផ្សារហួណាន ដែលជាផ្សារលក់ដូរគ្រឿងសមុទ្រ និងសត្វព្រៃដ៏ធំមួយនៅក្នុងក្រុងអ៊ូហាន នៃខេត្តហ៊ូពៃ ដែលមានប្រជាជនសរុបប្រមាណ១១លាននាក់។ ការប្រកាស់បិទផ្សារត្រូវបានធ្វើឡើងភ្លាមៗបន្ទាប់ពីមន្ទីរពេទ្យនៃក្រុងនេះ បានរកឃើញអ្នកជំងឺច្រើនជាង៤០នាក់ ខណៈដែលរបាយការណ៍ដំបូងដែលបានរកឃើញ អ្នកជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីនេះនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
ស្ថានភាពជំងឹនេះត្រូវបានអ្នកជំនាញចិនវាយតម្លៃជាបឋម គឺអាចបង្ករឡើងពីវីរុសCORONA ដែលជាអម្បូរនៃជំងឺសារ(SARS) ដែលធ្លាប់បានផ្ទុះឡើងនាឆ្នាំ២០០៣ និងបានសម្លាប់មនុស្សអស់ប្រមាណ៦៥០អ្នកនៅប្រទេសចិន និងហុងកុង។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ វីរុសដែលផ្ទុះឡើងនៅទីក្រុងអ៊ូហាននៅចុងឆ្នាំ២០១៩នេះ មានការរីករាលដាលលឿនជាងជំងឺសារដែលបានកើតឡើងនៅក្នុងឆ្នាំ២០០៣។
ក្រោយប្រកាសបិទខេត្តហ៊ូពៃ ប្រទេសចិនបានត្រៀមយន្តហោះសម្រាប់ទទួលប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់នៅបរទេសដើម្បីត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ។ ចំណែក ឯបណ្ដាប្រទេស មួយចំនួនបានជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញពីហ៊ូពៃទៀតផង។ ដែលក្នុងនោះរួមមានសហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន ព្រមជាមួយបណ្ដាប្រទេសនៅអឺរ៉ុបជាច្រើនទៀត។ មិនតែប៉ុណ្ណោះបើទោះជាប្រទេសចិនបានបិទខេត្តហ៊ូពៃ និងជើងហោះហើររបស់ខ្លួនក្ដី ក៏បណ្ដារប្រទេសជិតខាង និងប្រទេសដែលបានជម្លៀសប្រជាពលរដ្ឋរបស់ខ្លួនចេញមកហើយនោះ បានបិទព្រំដែន និងជើងហោះហើរជាមួយចិនថែមទៀតផង។
គ្រោះអាសន្នរោគដែលបង្ករឡើងដោយវីរុសCoronaនេះ បានធ្វើឲ្យពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលតែងតែប្រារព្ធឡើងយ៉ាងអធិកអធម ត្រូវបានប្រមុខថ្នាក់ដឹកនាំចិន ប្រកាសផ្អាក ដើម្បីទប់ស្កាត់ការរីករាលដាលនៃការឆ្លងនៃវីរុសCorona នេះ។
នៅពេលដែលពិភពលោកបិទច្រកចេញចូលជាមួយប្រទេសចិន និងបានជម្លៀសប្រជាជនរបស់ខ្លួនចេញពីប្រទេសចិនជាបន្តបន្ទាប់។ ដោយសារតែការខ្លាចរអារនៃការឆ្លងរាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មី ដែលបង្កឡើងដោយវីរុសCorona។ ផ្ទុយពីបណ្ដាប្រទេសដទៃថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងសន្និសីទសារនៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានប្រកាសថា កម្ពុជា មិនមានការបិទជើងហោះហើរជាមួយចិននោះទេ ដោយសម្ដេចបានហៅការបិទជើងហោះហើរនេះ ជាការសម្លាប់សេដ្ឋកិច្ចកម្ពុជា និងផ្ដាច់ទំនាក់ទំនាក់ជាមួយមហាមិត្តចិន។
«យើងមិនចាំបាច់ប្រកាសបិទទេ ចិនគេបិទពីប្រទេសគេរួចស្រេចទៅហើយ មិនត្រឹមតែបិទជើងហោះហើរពីអ៊ូហាន មកកាន់កម្ពុជា ឬទៅកាន់បរទេសប្រទេសដ៏ទៃទេ គេបិទទាំងនៅក្នុងមិនឲ្យមានការហោះហើរ ពីទីក្រុងអ៊ូហាន ទៅកាន់ប៉េកាំង ឬទីក្រុងដ៏ទៃទៀតនៅក្នុងប្រទេសចិន បិទទាំងផ្លូវដែក បិទទាំងផ្លូវគោក ដើម្បីទុកឲ្យមានការដោះស្រាយនៅក្នុងក្របខ័ណ្ឌមួយក្នុងកម្រិតតូចជាង កុំឲ្យវារីករាដាល»។
មិនតែប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន បានប្រកាសឲ្យនិស្សិតខ្មែរ ដែលកំពុងសិក្សានៅក្នុងទីក្រុងអ៊ូហាន ត្រូវបន្តស្ថិតនៅក្នុងទីក្រុងនេះធម្មតា ដោយត្រូវគោរពតាមការណែនាំរបស់អាជ្ញាធរចិន។ សម្ដេចលើកឡើងបែបនេះ ក៏ព្រោះតែជឿជាក់លើការដឹកនាំរបស់អាជ្ញាធចិន និងដើម្បីបង្ហាញអំពីទំនាក់ទំនងល្អរវាងប្រទេសនិងប្រទេសផងដែរ។ ដោយសម្ដេចបានបញ្ជាក់បន្ថែមថា «យើងមិនអាចនៅជាគេ តែពេលដែលគេមានសុខនោះទេ តែយើងក៏ត្រូវរួមសុខរួមទុក្ខជាមួយគ្នានៅក្នុងគ្រាលំបាកផងដែរ»។
ប្រសាសន៍សម្ដេច៖ «ចិនក៏គេមើលឥរិយាបទរបស់យើងដែរ រឿងអីពេលសុខស្រួលនៅជាមួយគ្នា ហើយពេលលំបាករត់ចោលគ្នា។ ប្រជាជនចិនជាង១៤០០លាននាក់នៅទីនោះ។ គេហ៊ាននៅទីនោះ? ហេតុអីយើងនៅមិនបាន?»។
មិនត្រឹមតែប្រកាសឲ្យសិស្សនិស្សិតខ្មែរបន្តរស់នៅជាធម្មតាក្នុងប្រទេសចិនឡើយ បន្ថែមលើនេះសម្ដេចក៏បានប្រកាសអញ្ជើញទៅទស្សនកិច្ចប្រទេសចិន ដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ថ្នាក់ដឹកនាំចិន ក្នុងនាមជាប្រទេសមិត្តដែកថែប មិត្តភាពម៉ឺនឆ្នាំ និងដើម្បីផ្ដល់ភាពកក់ក្ដៅដល់និស្សិតខ្មែរដែលកំពុងសិក្សានៅទីនោះ។ ការថ្លែងរបស់សម្ដេចបានធ្វើឡើងនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងសាធារណរដ្ឋកូរ៉េខាងត្បូង នាឱកាសអញ្ជើញទៅជួបសួរសុខទុក្ខ ពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។
ប្រសាសន៍របស់សម្ដេច៖ «មានគេឌឺ គេថាលោក ហ៊ុន សែន យកចិត្តទុក្ខដាក់ ប្រជាជនគ្រប់ទីកន្លែង។ គាត់នឹងទៅជួបសួរសុខទុក្ខប្រជាជនខ្មែរនៅអ៊ូហាន។ ឥលូវឆ្លើយត្រឡប់ទៅវិញអញ់នឹងទៅ! ឲ្យតែខាងរដ្ឋាភិបាលចិនផ្ដល់ឱកាសឲ្យទៅ»។
ការប្រកាសរបស់ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជានាឱកាសនេះបានធ្វើឲ្យពលរដ្ឋចិន និងខ្មែរមានការរំជួលចិត្តយ៉ាងខ្លាំង។ ជាពិសេសពលរដ្ឋចិនបានបង្ហាញពីការស្ងប់ស្ងែងចំពោះទឹកចិត្ត ក្នុងមិត្តភាពភាតរភាព រវាងប្រជាជននិងប្រជាជន ក៏ដូចជាប្រទេស និងប្រទេស។ ស្របជាមួយគ្នានេះក៏មានប្រជាពលរដ្ឋខ្មែរ និងចិនមួយចំនួនក្រៅស្ងើចសរសើរចំពោះទឹកចិត្តសម្ដេច ក៏បានបង្ហាញពីការព្រួយបារម្ភ ពីសំណាក់សុវត្ថិភាពនៅក្នុងទស្សនកិច្ចរបស់សម្ដេចតេជោ។
ដោយក្ដីបារម្ភ និងយល់ច្បាស់ពីទំហំទឹកចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ទើបរដ្ឋាភិបាលចិន យល់ព្រមអនុញ្ញាតឲ្យសម្ដេចអញ្ជើញទៅទស្សនកិច្ចនៅក្នុងរដ្ឋធានីប៉េកាំងវិញ។ ដោយមិនអាចឲ្យសម្ដេចអញ្ជើញទស្សនកិច្ចនៅក្នុងទីក្រុងអ៊ូហានបានឡើយ ព្រោះទីក្រុងនេះបានបិទ ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។
នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ គឺជាថ្ងៃដែលសម្ដេច រួមជាមួយគណៈប្រតិភូកម្ពុជាជាច្រើននាក់ បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង នៃសាធារណរដ្ឋចិន។ ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានេះត្រូវបានលោកប្រធានាធិបតីចិន ស៊ី ជិនភីង ចាត់ទុកជាការបង្ហាញ ការគាំទ្រខ្លាំងយ៉ាងចំពោះប្រទេសចិន។ ដោយលោក ស៊ី បានសង្កត់ធ្ងន់ថា «កម្ពុជា គឺជាមិត្តស្មោះត្រង់របស់ចិន»។
«ដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្ត្រី គឺជាការផ្តល់នូវទំនុកចិត្តខ្ពស់ចំពោះប្រទេសចិន។ មិនតែប៉ុណ្ណោះសម្តេច និងរដ្ឋាភិបាលកម្ពុជា បន្តគាំទ្រ និងជឿទុកចិត្តប្រទេសចិន»។ នេះបើតាមការស្រង់សម្ដីរបស់លោកប្រធានាធីបតីចិន តាមរយៈគណនេយ្យហ្វេសប៊ុក របស់សម្ដេច ហ៊ុន សែន នៅថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២០។
ដោយសារមើលឃើញភាពស្មោះត្រង់របស់ប្រមុខរដ្ឋាភិបាលកម្ពុជានេះ ទើបលោក ស៊ី ជិនភីង ប្រកាសថា «ទំនាកទំនងប្រទេសទាំងពីរ នឹងចាប់ផ្ដើមទំព័រសករាជថ្មីមួយទៀត»។ លោកប្រធានាធិបតីចិន បានតែងតែអះអាងថាកម្ពុជា គឺជា «មិត្តដែកថែប» របស់ខ្លួន។ ហើយលោកបានបន្ថែមទៀតថា «ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ»។
ដំណើរទស្សនកិច្ចនៅពេលដែលប្រជាជាតិ មួយចំនួនកំពុងរើសអើងចិននៅពេលនោះ បានធ្វើឲ្យរំជួលចិត្តដល់ប្រជាជនចិនយ៉ាងខ្លាំង។ ដោយក្ដីរំភើប និងទឹកចិត្តដ៏មហិមានៃថ្នាក់ដឹកនាំកម្ពុជានេះ ត្រូវបានប្រជាជនចិនប្រសិទ្ធនាមជូនដល់សម្ដេចថា «បុរសសង្ហារដើរបញ្រ្ចាស»។
ដោយសារតែបញ្ហា COVID-19 បានធ្វើឲ្យពិភពលោកទាំងមូលខ្វះខាតនូវវត្ថុធាតុដើម ក្នុងការផ្គត់ផ្គង់ទីផ្សារអន្តរជាតិ។ ដោយសារតែប្រទេសចិនដែលជាប្រទេសផលិតវត្ថុធាតុដើមធំជាងគេ នៅលើពិភពលោកបានបិទសកម្មភាពឧស្សាហកម្មរបស់ខ្លួនទាំងអស់។ ហើយកម្ពុជា ក៏ជួបនូវបញ្ហាខ្វះវត្ថុធាតុដើមផងដែរ។
នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចបានស្នើទៅកាន់មិត្តចិន នៅចំពោះមុខលោកវ៉ាង វឹនធាន (Wang Wentian)ឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសកម្ពុជា ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនវត្ថុធាតុដើម ដើម្បីសង្រ្គោះវិស័យវាយនភណ្ឌនៅកម្ពុជា។
ដោយមើលឃើញកម្ពុជាជួបបញ្ហាបែបនេះ លោកវ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានចាត់ចែងមន្ត្រីជំនាញរបស់ខ្លួនលើវិស័យនេះចុះមកពិនិត្យមើល លទ្ធភាពដែលប្រទេសចិន អាចជួយដល់កម្ពុជាបាន។ ប្រតិបត្តិការជួយសង្រ្គោះវិស័យវាយនភណ្ឌកម្ពុជា តាមរយៈការផ្ដល់នូវវត្ថុធាតុដើម បានធ្វើឡើងយ៉ាងឆាប់រហ័សបំផុត រយៈពេល១០ថ្ងៃក្រោយការប្រកាសសូមឲ្យមិត្តចិន ជួយពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ពោលគឺនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ ចិនបានដឹកជញ្ជូនវត្ថុធាតុដើមមកកម្ពុជា សរុបចំនួន៧នាវា។
ការដឹកជញ្ជូនវត្ថុធាតុដើមនៅខណៈពេលដែលប្រទេសចិន កំពុងស្ថិតនៅក្នុងការបិទប្រទេស ដើម្បីទប់ស្កាត់វីរុសកូរ៉ូណានេះ បានធ្វើឡើងចំពោះតែប្រទេសកម្ពុជាមួយគត់ នៅលើពិភពលោក។ នេះសបញ្ជាក់ថា ប្រទេសចិនពិតជាបានចាត់ទុក្ខប្រទេសកម្ពុជា ជាមិត្តដែកថែប ដែលមានជោគវាសនារួមគ្នាពិតប្រាកដមែន។
មិនតែប៉ុណ្ណោះនៅពេលដែលសភាពការណ៍នៃការរីករាល់ដាលនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិនកំពុងថមថយទៅហើយនោះ។ ប្រជាជនចិន បានផលិតបទចម្រៀងមួយបទដែលមានចំណងជើងថា Thanks you, World! ដែលនៅក្នុងបទចម្រៀងនេះប្រជាជនចិនបានអរគុណទៅកាន់បណ្ដាប្រទេស និងប្រជាជនមួយចំនួន ដែលបានផ្ដល់នូវសម្ភារវេជ្ជសាស្រ្ត ជួយដល់វិស័យសុខាភិបាល និងសារខ្លីរបស់ប្រជាជនទូទាំងពិភពលោក ដែលបានផ្ញើសារលើកទឹកចិត្តដល់ថ្នាក់ដឹកនាំចិន ក៏ដូចជាប្រជាជនចិន ក្នុងការតស៊ូទប់ស្កាត់ការរីករាលដាលនៃវីរុសកូរ៉ូណា។
នៅក្នុងបទចម្រៀងនោះប្រជាជនចិនក៏បានរំលេចឈ្មោះថ្នាក់ដឹកនាំកម្ពុជា គឺសម្ដេចតេជោនាយករដ្ឋមន្រ្ត ដែលបានទៅជួបផ្ដល់កម្លាំងចិត្តដល់ថ្នាក់ដឹកនាំចិន នៅក្នុងកាលៈទេសៈ ដែលប្រទេសចិនកំពុងស្ថិតនៅក្នុងភាពឯកការ។ បទចម្រៀង Thanks you, World!
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសជាផ្លូវការផ្ដល់ឈ្មោះថ្មី នៃជំងឺរលាកប្រព័ន្ធផ្លូវដង្ហើម ដែលបង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះជា «ជំងឺរលាកផ្លូវដង្ហើមកូវិត១៩ (Covid-19)»។ ការប្រកាសនេះ ធ្វើឡើងក្រោយពីមានមនុស្សស្លាប់ កើនដល់ទៅ ១,១១៨នាក់ ដែលបណ្ដាលមកពីជំងឺនេះ។ ចំណែកអ្នកឆ្លងនៅពេលនោះ មានចំនួនជាង ៤៥,០០០នាក់ ដែលកើតមានក្នុងប្រទេស និងដែនដី ជិត៣០ ។
យោងតាមអគ្គនាយកនៃអង្គការសុខភាពពិភពលោក (WHO) លោក តេដ្រូ អាដហានូម ហ្គេប្រេយសឹស (Tedros Adhanom Ghebreyesus) បានលើកឡើងថា សម្រេចជ្រើសរើសយក ឈ្មោះថ្មីនៃជាជំងឺរលាកផ្លូវដង្ហើមកូវិដ១៩ (Covid-19) នេះ គឺដើម្បីបញ្ចៀសពីការបញ្ជាក់ប្រាប់ពីប្រភពវីរុសដែលផ្ទុះឡើង ប្រភេទសត្វ និងបុគ្គលឬក្រុមណាមួយ។ លោកបានបន្តទៀតថា ការផ្ដល់ឈ្មោះជំងឺនេះ គឺមិនមែនជាការងាយស្រួលទេ ប៉ុន្តែគោលបំណងសំខាន់ គឺដើម្បីបញ្ចៀសការរើសអើង ដែលនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរ ទាំងផ្នែកនយោបាយ សេដ្ឋកិច្ចនិងសង្គម ដល់សហគមន៍ ឬប្រទេសណាមួយនោះ។
នៅចុងខែ៣ ឆ្នាំ២០២០ ប្រទេសចិន ដែលជាប្រទេសរងផលប៉ះពាល់មុនគេបំផុតពីជំងឺផ្លូវដង្ហើមថ្មី Covid-19 បានចាប់ផ្ដើមមានពន្លឺថ្មី ដោយមិនមានអ្នកឆ្លងថ្មីនៅក្នុងប្រទេសរបស់ខ្លួនឡើយ។ ហើយក្ដីសង្ឃឹមនេះបានបន្តរហូតមកដល់បច្ចុប្បន្ន បច្ចុប្បន្នដែលប្រទេសចិនមិនមានករណីឆ្លងថ្មីនៅក្នុងប្រទេសនោះទេ ពោលគឺមានតែករណីនាំចូលពីក្រៅប្រទេសតែប៉ុណ្ណោះ។ ដែលស្ថានការណ៍នេះត្រូវបានថ្នាក់ដឹកនាំ និងក្រុមវេជ្ជសាស្រ្តចិន អាចគ្រប់គ្រងស្ថានការណ៍បាន។
ក្រោយទទួលបានជោគជ័យនៅក្នុងការទប់ស្កាត់ការីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មី ប្រទេសចិនមិនបង្អង់យូរឡើយ។ ដោយប្រមុខថ្នាក់ដឹកនាំចិន បានបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្ត និងសម្ភារវេជ្ជសាស្រ្តចាំបាច់ជាច្រើនទៀត ទៅជួយដល់បណ្ដាប្រទេសជាច្រើននៅលើពិភពលោក រួមមានប្រទេសអ៊ីតាលីជាដើម។
ចំណែកឯប្រទេសកម្ពុជា ដែលជាប្រទេសរងគ្រោះដោយសារការនាំចូលពីក្រៅប្រទេស នៃជំងឺកូវិត១៩នោះ ក៏ត្រូវបានថ្នាក់ដឹកនាំចិន យកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។ ការយកចិត្តទុកដាក់នេះធ្វើឡើងតាមរយៈ ការបញ្ជូនអ្នកជំនាញវេជ្ជសាស្រ្តចំនួន៧នាក់ មកជួយផ្ដល់ជាយោបល់ដល់ក្រសួងសុខាភិបាលកម្ពុជា ព្រមជាមួយសម្ភារវេជ្ជសាស្រ្តចាំបាច់ជាច្រើន។ ដើម្បីធ្វើយ៉ាងណាបំពេញតម្រូវការចំបាច់ក្នុងការប្រើប្រាស់ចំពោះមន្រ្តីវេជ្ជសាស្រ្ត ក៏ដូចជាឱសថសម្រាប់ព្យាបាលអ្នកជំងឺទៀតផង។
ក្រៅពីការផ្ដល់ជំនួយដល់ក្រសួងសុខាភិបាល តាមរយៈរដ្ឋាភិបាលនៃសាធារណៈរដ្ឋចិន។ ក្រសួងការពារជាតិចិន ក៏បានបញ្ជូនគ្រូពេទ្យជំនាញចំនួន៤នាក់ផ្សេងទៀត ព្រមជាមួយសម្ភារវេជ្ជសាស្រ្តចាំបាច់ក្នុងការទប់ស្កាត់ការរីករាលដាលពី COVID-19 ដល់ក្រសួងការពារជាតិកម្ពុជាចំនួន២លើក។ លើកទីមួយ មានក្រុមជំនាញវេជ្ជសាស្រ្តចំនួន៤នាក់ និងសម្ភារវេជ្ជសាស្រ្តចាំបាច់សរុបចំនួនជាង ២តោន និងលើកទី២ ផ្ដល់ជូននូវសម្ភារវេជ្ជសាស្រ្តចាំបាច់ ចំនួន ១៦តោន។
ក្រៅពីតាមរយៈរដ្ឋាភិបាល និងក្រសួងការពារជាតិ គេក៏សង្កេតឃើញបណ្ដាក្រុមហ៊ុនឯកជនរបស់ចិនជាច្រើន បាននាំយកនូវសម្ភារប្រើប្រាស់ចំបាច់នៅក្នុងវិស័យវេជ្ជសាស្រ្ត ក្នុងការទប់ស្កាត់ COVID-19 យកមកជូនស្ថាប័នរដ្ឋ និងឯកជនជាច្រើននៅកម្ពុជា។ ដែលទង្វើទាំងអស់នេះអាចសបញ្ជាក់បានថា ទាំងរដ្ឋាភិបាលចិន និងពលរដ្ឋចិន ពិតជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើសុខទុក្ខរបស់ ប្រជាពលរដ្ឋកម្ពុជា។ ដូចដែលបានសរសេរនៅលើកេសសម្ភារវេជ្ជសាស្រ្តទាំងនោះថា៖
មេគង្គ ឡានឆាង ប្រភពតែមួយ ចិន-កម្ពុជា រួមចិត្តតែមួយ!
ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អនៅគ្រាលំបាក!
សហគមន៍ជោគវាសនារួម ដកដង្ហើមរួមគ្នា រួមសុខទុក្ខជាមួយគ្នា!
ជឿទុកចិត្តគ្នា ជួយយកអាសាគ្នាទៅវិញទៅមក!
ទំនុកចិត្តប្រៀបដូចជាព្រឹក្សា ជួយគ្នាក្នុងគ្រាលំបាក!
និង មិត្តដែកថែប មិត្តអមតៈ មិត្តរួមសុខទុក្ខ។
រាល់ពាក្យស្លោកនៅលើកេសសម្ភារវេជ្ជសាស្រ្តដែលបានបញ្ជូនមកពីចិន មកកម្ពុជា ទាំងអស់ ពិតជាបានបង្ហាញនូវសមានចិត្ត ក្នុងភាពតរភាព យ៉ាងស៊ីជម្រៅរវាងចិន-កម្ពុជា។ ដោយនៅក្នុងគ្រាដ៏លំបាកមួយនេះ បានធ្វើឲ្យកម្ពុជា-ចិន បានស្គាល់ពីជម្រៅចិត្តគ្នាកាន់តែច្បាស់។ និងបានធ្វើឲ្យមិត្តភាពរវាងកម្ពុជា-ចិន បានឈានឡើងមួយកម្រិតទៀត នៅក្នុងសករាជថ្មី ដូចអ្វីដែលលោកប្រធាន ស៊ី ជីងភីង បានប្រកាសក្រោយជំនួបជាមួយសម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០។ ដោយលោកប្រធានាធិបតីចិនបានប្រកាសថា «ចាប់ពីឆ្នាំកន្លងទៅនេះ ទំនាក់ទំនងកម្ពុជា និងចិន ចាប់ផ្តើមក្នុងទំព័រសករាជថ្មី ដោយបានអនុវត្តន៍នូវនយោបាយជោគវាសនារួមគ្នា ហើយអាចដាក់ទំនាក់ទំនងរវាងប្រទេសទាំងពីរនៅក្នុងកម្រិតថ្មីមួយទៀតចាប់ពីពេលនេះតទៅ»។
នេះសឲ្យឃើញពីភាពផ្អែមល្ហែម យល់ចិត្តថ្លើមគ្នា រវាងកម្ពុជា-ចិន នៅក្នុងស្ថានភាពដ៏អាប់អួរនៃពិភពលោក បន្ទាប់ពីទំនាក់ទំងនៃប្រទេសទាំង២ បានឈានដល់ឆ្នាំទី៦២។
យ៉ាងណាមិញគិតត្រឹមចុងខែមេសាឆ្នាំ២០២០ ស្ថានភាពនៃការរីករាលដាលនៃអំងឺជំងឺផ្លូវដង្ហើមកូវីដ១៩ នៅក្នុងប្រទេសចិន បានកាត់បន្ថយហើយ ពោលគឺមិនមានករណីឆ្លងនៅក្នុងប្រទេសថ្មី ក្រៅពីការនាំចូលពីបរទេសនោះឡើយ។ ដែលស្ថានការណ៍បែបនេះ ត្រូវបានអាជ្ញាធរចិនអាចគ្រប់គ្រងស្ថានការណ៍បាន។ តែយ៉ាងណាជំងឺផ្លូវដង្ហើមកូវីដ១៩ បានសម្លាប់មនុស្សជាង ៤ពាន់នាក់ និងឆ្លងទៅមនុស្សជាង ៨ម៉ឺននាក់ នៅប្រទេសចិន។
ស្របពេលដែលកម្ពុជាមានអ្នកឆ្លងសរុបចំនួន១២២នាក់ និងបានព្យាបាលជាសះស្បើយចំនួន១១៩នាក់ ខណៈដែលមានអ្នកជំងឺ៣នាក់កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ តាមរបាយការណ៍របស់ក្រសួងសុខាភិបាលកម្ពុជា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូវីដ១៩ នោះឡើយ។
ចំណែកឯនៅក្នុងពិភពលោកវិញ គិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ មានអ្នកឆ្លងរុបចំនួន ៣,២៣២,០៦១នាក់ និងអ្នកស្លាប់ចំនួន ២២៨,៥០៥នាក់ ខណៈដែលអ្នកជាសះស្បើយមានចំនួន ១,០០៧,៨៦៥នាក់។ អ្នកឆ្លងនិងស្លាប់ដោយសារជំងឺផ្លូវដង្ហើមកូវីដ១៩នេះ មាននៅក្នុងចំនួន២១០ប្រទេស និងដែនដី។ ហើយតំបន់ដែលកំពុងរងគ្រោះខ្លាំងជាងគេដោយសារផ្លូវដង្ហើមកូវីដ១៩នេះ រួមមាននសហរដ្ឋអាមេរិក និងអឺរ៉ុប។
គួរបញ្ជាក់ផងដែរថា ជំងឺផ្លូវដង្ហើមកូវីដ១៩ មិនមែនជាជំងឺឆ្លងទី១ ដែលពីភពលោកបានជួបប្រទះនោះទេ។ តួរយ៉ាងជំងឺផ្ដាសាយអេស្ពាញញ៉ុល ដែលបានកើតឡើងនៅឆ្នាំ១៩១៨ បានសម្លាប់មនុស្សរាប់សិបលាននាក់ ដែលត្រូវបានពិភពលោកចាត់ទុកជំងឺនេះ ជាការរីករាលដាលធំបំផុតនៅក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។ បន្ទាប់មកក៏មានជំងឺប៉េស្តិ៍ធំ ដែលបានផ្ទុះរាលដាលនៅក្នុងឆ្នាំ ១៣៤៨ ហើយបានសម្លាប់មនុស្សអស់២៥លាននាក់ ដែលចំនួននេះស្មើនឹង១ភាគ៣ នៃចំនួនប្រជាជនលើពិភពលោក នាពេលនោះ។
បន្ទាប់មកទៀតក៏លេចចេញនូវជំងឺអេដស៍ ដែលចេញពីប្រទេសអាហ្រ្វីក។ ជំងឺសារ ដែលផ្ទុះឡើងនៅឆ្នាំ២០០៣នៅប្រទេសចិន។ ជំងឺផ្ដាសាយបក្សី H1N1 ដែលកើតចេញពីទ្វីបអាមេរិក ឬមិចស៊ិក ដែលផ្ទុះឡើងនៅក្នុងឆ្នាំ២០០៩។ ជំងឺអេបូឡា កើតចេញពីទ្វីបអាហ្រ្វីក ដែលផ្ទុះឡើងនៅឆ្នាំ២០១៤។ ជំងឺមឺស ផ្ដើមចេញពីមជ្ឈឹមបូព៌ា នៅក្នុងឆ្នាំ២០១៥ និងជំងឺស៊ីកា ផ្ដើមចេញពីប្រទេសប្រេស៊ីល ដែលផ្ទុះឡើងនៅក្នុងឆ្នាំ២០១៦៕