(ភ្នំពេញ)៖ កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០នេះ បានបន្ដឃាត់ខ្លួនបុរសម្នាក់ទៀតហើយ ក្រោយបង្ហោះព័ត៌មានមិនពិត ប្រមាថដល់កម្លាំងមាន សមត្ថកិច្ចដែលកំពុងអនុវត្តការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ផាកពិន័យតាមអនុក្រឹត្យលេខ៣៩។
របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា បុរសដែលសមត្ថកិច្ចហៅមកសួរនាំនេះ ឈ្មោះ ហែម ផល្លា ប្រើប្រាស់គណនី Facebook ឈ្មោះ YVON HEM Phalla បានផុសព័ត៌មានជេរប្រមាទ មើលងាយយ៉ាងខ្លាំងមកលើសមត្ថកិច្ចអនុវត្តច្បាប់ កាលពីថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់កិត្តិយសរបស់សមត្ថកិច្ច ដែលបានខិតខំបំពេញភារកិច្ច ក្នុងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
ប្រភពព័ត៌មានដដែលបន្ថែមទៀតថា បុរសម្នាក់ឈ្មោះ ហែម ផល្លា បានចូលខ្លួនមកបំភ្លឺ តាមការកោះហៅរបស់សមត្ថកិច្ចការិយាល័យ ប្រឆាំងបទល្មើសបច្ចេកវិទ្យា ផែនសន្តិសុខ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរនាំ ហើយគាត់ក៏បានទទួលកំហុសទាំងស្រុង និងបានថតវីដេអូសុំទោសជាសាធារណៈដល់ប្រជាពលរដ្ឋ ជាពិសេសសុំទោសដល់សមត្ថកិច្ចនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។
ក្រោយពីសមត្ថកិច្ចបានធ្វើការណែនាំ អប់រំ និងធ្វើកិច្ចសន្យាដោយផ្តិតមេដៃរួចមក សមត្ថកិច្ចក៏បានឲ្យគាត់ត្រឡប់ទៅគេហដ្ឋានវិញ។
ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា នឹងបន្តអនុវត្តតាមច្បាប់ចំពោះបុគ្គលណាដែលផុសព័ត៌មានមិនពិត ជាពិសេសផុសព័ត៌មានដែលមានលក្ខណៈមើលងាយ និងជេរប្រមាទមកលើច្បាប់ និងសមត្ថកិច្ច។ បើក្នុងករណីមិនរៀងចាល សមត្ថកិច្ច នឹងរៀបចំសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕