(ភ្នំពេញ)៖ លោក នូ សុធារ៉ា អគ្គនាយករងជាន់ខ្ពស់ផ្នែកឥណទានខ្នាតតូច និងមធ្យម នៃធនាគារ ជីប ម៉ុង បានឲ្យដឹងថា គោលដៅចម្បងរបស់កម្ចីខ្នាតតូច និងមធ្យមរបស់ធនាគារ ជីប ម៉ុង គឺដើម្បីពង្រឹងសមត្ថភាពផលិតកម្មរបស់អាជីវករ និងផលិតករសម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបង្កើនសមត្ថភាពសម្រាប់ប្រកួតប្រជែងលើទីផ្សារក្នុងតំបន់។
ធនាគារ ជីប ម៉ុង បានចូលរួមជាមួយធនាគារសហគ្រាសធុនតូច និងមធ្យមរបស់រាជរដ្ឋាភិបាលក្នុងគម្រោងសហហិរញ្ញប្បទានដែលមានទំហំទឹកប្រាក់សរុប១០០លានដុល្លារ ដើម្បីផ្តល់កម្ចីដល់សហគ្រាសខ្នាតតូច និងមធ្យម សម្រាប់អភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដែលជាចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ផលិតករ សិប្បករ និងម្ចាស់សហគ្រាសកែច្នៃម្ហូបអាហារ អាចដាក់ពាក្យស្នើសុំកម្ចីខ្នាតតូច និងមធ្យម ពីធនាគារ ជីប ម៉ុង ជាមួយអត្រាការប្រាក់តែ៧%ប៉ុណ្ណោះក្នុងមួយឆ្នាំ សម្រាប់យកទៅវិនិយោគ ឬធ្វើជាទុនបង្វិល។
ឥណទានខ្នាតតូច និងមធ្យមរបស់ធនាគារ ជីប ម៉ុង ផ្តោតលើសិប្បកម្មកែច្នៃម្ហូបអាហារ កែច្នៃកាកសំណល់ ទំនិញប្រើប្រាស់ក្នុងស្រុក ទំនិញសម្រាប់វិស័យទេសចរណ៍ និងផលិតផលសម្រេច ឬគ្រឿងបង្គុំដើម្បីផ្គត់ផ្គង់ឲ្យសហគ្រាសធំៗក្នុងស្រុកជាដើម៕