(ឧត្តរមានជ័យ)៖ មន្ត្រីជំនាញរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានចុះចាប់រថយន្ដដឹកជញ្ជូនសត្វជ្រូក នាំចូលពីប្រទេសថៃរបស់ «ក្រុមហ៊ុនដានីដេង» តាមច្រកអន្តរជាតិអូរស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ សង្ស័យមានភាពខុសប្រក្រតី និងមិនគោរពតាមច្បាប់ដឹកញ្ជូន។
ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង០៥៖៤៣នាទីល្ងាច ថ្ងៃទី០៥ ខែឧសភា ឆ្នាំ ២០២០ នៅលើផ្លូវជាតិលេខ៦៦ ត្រង់ចំណុចបង្គោលគីឡូលេខ១២១ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដោយកម្លាំងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
មន្រ្តីជំនាញបានឲ្យដឹងថា ការដឹកជញ្ជូនសត្វជ្រូកពីប្រទេសថៃរបស់ «ក្រុមហ៊ុនដានីដេង» ចូលមកប្រទេសកម្ពុជា តាមច្រកអន្តរជាតិអូរស្មាច់ គឺដឹកលើសច្បាប់កំណត់ រហូតទៅដល់២០ក្បាល និងគ្មានលិខិតបញ្ជាក់សុខភាព ពីអគ្គនាយកដ្ឋានសុខភាព សត្វប្រទេសថៃ និងពេទ្យសត្វប្រចាំច្រកព្រំដែន។
បើតាមមន្រ្តី ក្រុមការងារបង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលសត្វ បានឃាត់រថយន្ត០១គ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខត្បូងឃ្មុំ 3A 0747 ដឹកជ្រូករស់ចំនួន ៦០ក្បាល នៅលើផ្លូវជាតិលេខ៦៦ ត្រង់ចំណុចបង្គោលគីឡូលេខ១២១ ស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ រថយន្តខាងលើ បានដឹកសត្វលើសចំនួន ដែលបានស្នើសុំក្នុងលិខិតអនុញ្ញាតដឹកជញ្ជូនសត្វ ដោយបានប្រើប្រាស់នូវលិខិតនាំចេញពីប្រទេសថៃក្លែងក្លាយ។
កាលពីពេលកន្លងទៅថ្មីៗនេះ សកម្មភាពដឹកជញ្ជូនសត្វជ្រូក នាំចូលពីប្រទេសថៃរបសស់ក្រុមឈ្មួញ ឆ្លងកាត់ច្រកអន្តរជាតិអូស្មាច់ ក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ នៅតែមានសកម្មភាពទាំងយប់ទាំងថ្ងៃ ដែលករណីនេះ ត្រូវបានគេសង្ស័យថា ការដឹកជញ្ជូនសត្វជ្រូកនេះ អាចដឹកលើសច្បាប់កំណត់ នាំឲ្យបាត់បង់ចំណូលពន្ធយ៉ាងច្រើនក្នុង១ថ្ងៃៗ៕