(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពត» នៅជាន់ផ្ទាល់ដី សាលសេរីភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
ក្នុងសន្និសីទសារព័ត៌មាននេះ លោក ភូ លិ អភិបាលរងខេត្តកំពត តំណាងអភិបាលខេត្តកំពត បានថ្លែងសុន្ទរកថា បង្ហាញអំពីវឌ្ឍភាព និងសក្តានុពល របស់ខេត្តជាប់សមុទ្រមួយនេះ។
លោក ភូ លិ បានថ្លែងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត និងនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិទាំងមូលទទួលបានសន្តិភាព និងស្ថិរភាពនៅទូទាំងប្រទេស ធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ មានសេចក្តីត្រេកអរទទួលបានសេចក្តីសុខសប្បាយ និងមានឱកាសអភិវឌ្ឍន៍លើគ្រប់វិស័យ។ ដោយឡែកខេត្តកំពត ពិតជាមានឱកាសដ៏ល្អប្រពៃណី ពីសន្តិភាព ស្ថិរភាពនយោបាយ ទទួលបានសមិទ្ធផលធំៗ មានដូចជា រោងចក្រផលិតស៉ីម៉ង់ត៍ចំនួន៤ កំពុងដំណើរការ ដែលអាចផលិតស៉ីម៉ង់ត៍បានក្នុងមួយឆ្នាំ ប្រមាណជាង ៦លានតោន វារីអគ្គិសនីកំចាយ អានុភាពដំឡើង ១៩៤.១មេហ្កាវ៉ាត់ អាចផលិតអគ្គិសនីបានប្រមាណក្នុងមួយឆ្នាំជាង ៤០០លានគីឡូវ៉ាត់/ម៉ោង មានកំពង់ផែសមុទ្រចំនួន ៤កន្លែង មានកំពង់ផែទេសចរណ៍ចំនួនមួយកន្លែង បច្ចុប្បន្នកំពុងដំណើរការសាងសង់ បានប្រមាណ ៣០ភាគរយ និងរំពឹងបញ្ចប់ការសាងសង់ នៅពាក់កណ្តាលឆ្នាំ២០២០ ខាងមុខនេះ។
លោកបន្តថា ទន្ទឹមនឹងនេះ រមណីយដ្ឋានឋានសួគ៌បូគោ នៅតែជាគោលដៅទាក់ទាញទេសចរណ៍ជាទីបំផុត សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត។ ជាមួយគ្នានេះផងដែរ ការកើនឡើងជាបន្តបន្ទាប់នូវសេវាកម្មផ្ទះសំណាក់ បឹងកាឡូ សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន សុទ្ធតែបានលើកស្ទួយកម្រិតជីវភាព របស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរខ្លាំង។ ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដទៃទៀត ត្រូវបាន និងកំពុងសាងសង់ កែលំអរជាបន្តបន្ទាប់ សំដៅប្រែក្លាយទឹកដីខេត្តកំពត ជាទឹកដីទាក់ទាញ ប្រកបដោយភាពស្រស់បំព្រង និងផាកសុខភាព ស័ក្តិសមជាខេត្តដែលត្រូវទទួលបានជ័យលាភី ផ្ការំដួល៣ទង។
បើតាមលោក ភូ លិ បានបន្ថែមថា ខេត្តកំពត គឺជាខេត្តស្ថិតក្នុងតំបន់ឆ្នេរ ប៉ុន្តែពុំមានឆ្នេរខ្សាច់សម្រាប់បម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នៅឡើយទេ ដូច្នេះរដ្ឋបាលខេត្ត បានធ្វើការសិក្សារៀបចំបង្កើតនូវរមណីយដ្ឋានឆ្នេរខ្សាច់ថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់កែបថ្មី ក្នុងឃុំបឹងទូក ស្រុកទឹកឈូ ដើម្បីទាក់ទាញ ភ្ញៀវទេសចរណ៍ឲ្យចូលមកទស្សនាកម្សាន្តច្រើនក្នុងខេត្ត។ ជាមួយនឹងសមិទ្ធផលដ៏ថ្លៃថ្លាទាំងអស់ខាងលើ រដ្ឋបាលខេត្តកំពត មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តកំព ត បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់លើវិស័យអប់រំ ដោយបានផ្តល់អគារសិក្សាចំនួន ២៤៦ខ្នង ស្មើនឹង ១៣៣២បន្ទប់ សម្រាប់សិស្សានុសិស្សរៀនសូត្រ នៅក្នុងខេត្តកំពតផងដែរ៕