(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានប្រគល់សម្ភារសម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និងថវិកាមួយចំនួន ជូនដល់តំបន់ប្រតិបត្តិការ សឹករងខេត្តប្រចេះ ដើម្បីទុកជួយសង្រ្គោះសុខភាពកងទ័ពនៅមូលដ្ឋានកងទ័ព និងគ្រួសារកងទ័ពផងដែរ។
សម្ភារប្រគល់ជូននេះមាន ម៉ាសពណ៍ផ្ទៃមេឃ (ប្រអប់) ១កេស ថ្នាំសម្លាប់មេរោគ (ក្លរ) ១ធុង ទឹកសាប៊ូលាងដៃ ២កេស ទឹកអាល់កុល ២កេស ស្រោមដៃ ៥កេស ម៉ាស់ព័ណស (ក្រណាត់) ១កេស និងថវិការចំនួន ១០លានរៀល។
លោក វ៉ា ថន បានបញ្ជាក់ឲ្យដឹងថា អំណោយជាសម្ភារៈ និងថវិកា ដែលរដ្ឋបាលខេត្តទទួលបានពីសប្បុរសជនកន្លងមក រដ្ឋបាលខេត្តបាននឹងកំពុងធ្វើការប្រគល់ជូន អាជ្ញាធរជំនាញ និងចែកជូន បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតជីវភាព និងជាពិសេសបងប្អូនកម្មករ ពលករ ដែលត្រឡប់មកពីធ្វើការងារនៅក្រៅប្រទេសធ្វើដំណើរចូលមក ភូមិកំណើតរបស់ខ្លួនវិញ ហើយត្រូវបានអាជ្ញាធររៀបចំ ដាក់ឲ្យពួកគាត់រស់នៅដាច់ដោយឡែកពីគ្រួសារចំនួន ១៤ថ្ងៃ ក្នុងការតាមដានស្ថានភាពជម្ងឺ Covid-19។
លោកក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ក្នុងការទប់ស្កាត់ និងកាត់បន្ថយការចម្លង រីករាល់ដាល នូវមេរោគជម្ងឺ Covid-19 ក្នុងមូលដ្ឋានខេត្តក្រចេះ ហើយសូមឲ្យបន្តការឧបត្ថម្ភគាំទ្រ ក្នុងការងារមនុស្សធម៌ក្នុងវិស័យសុខាភិបាល។
សូមបញ្ជាក់ថា គិតមកទល់ពេលនេះសម្រាប់ខេត្តក្រចេះ មិនមានអ្នកកើតជម្ងឺCovid-19 នៅឡើយទេ ដោយប្រតិបត្តិការនេះមានការសហការពីបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនកម្មករ ពលករ និងការចូលរួមគ្រប់គ្រងតាមដានពីគ្រប់អាជ្ញាធរពាក់ព័ន្ធ រួមនិងអាជីវករ ធ្វើឲ្យការអនុវត្តតាមវិធានការពារអប់រំណែនាំនិងផ្សព្វផ្សាយ របស់ក្រសួងសុខាភិបាល ទៅតាមគ្រប់មូលដ្ឋានប្រកបដោយប្រសិទ្ធភាព៕